ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ក្លិប​សិល្បៈ ចាន់ រតនា ចាប់ដៃ​ជាមួយ​ក្លិប​កីឡា​អន្តរជាតិ Fight for Good
19, Mar 2019 , 10:59 pm        
រូបភាព
ចាន់ រតនា ដែលឈ្នះការប្រកួតនៅសង្វៀន ONE កន្លងមក
ចាន់ រតនា ដែលឈ្នះការប្រកួតនៅសង្វៀន ONE កន្លងមក
ដោយ៖ Matias Andres
 
​ម្ចាស់​ក្លិប​សិល្បៈ ចាន់ រតនា ជា​អ្នកមាន​មុខមាត់​ដំ​បុ​ង​គេ​ក្នុង​វិស័យ​កីឡា​គុន​ចម្រុះ​របស់​កម្ពុជា ហើយ​ថ្មីៗ​នេះ​រូបគេ​បាន​ត្រលប់​ទៅ​ប្រកួត​នៅ ONE Championship ជាមួយនឹង​ការបង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​។ រតនា បាន​ផ្ដួល​កីឡាករ​មិនដែល​ចាញ់​របស់​ឥណ្ឌូណេស៊ី Abro Fernandes ឲ្យ​សន្លប់​កាលពីដើម​ខែធ្នូ ឆ្នាំមុន​។​

 
​ឥឡូវនេះ កីឡាករ​វ័យ​៣៣​ឆ្នាំ​ដែល​រស់នៅ​ភ្នំពេញ បាន​ចូលរួម​សហការ​ជា​ផ្លូវការ​ជាមួយ​ក្លិប​កីឡា​អន្តរជាតិ Fight For Good រួមជាមួយ​តារា​គុន​ចម្រុះ​មី​យ៉ាន់​ម៉ា Phoe Thaw ដែល​ទើបបាន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ជើង​ខ្លាំង Lethwei គឺ Soe Lin Oo និង​អតីត​អ្នក​ប្រយុទ្ធ​របស់ UFC គឺ Shunichi Shimizu​។​
 
​នាយក​គ្រប់គ្រង​ក្លិប FFG លោក Joe Conway និយាយថា​៖ «​ថ្វីបើ​ពួកយើង​បានធ្វើការ​ក្រៅផ្លូវការ​ជាមួយ រតនា មួយរយៈ​មកហើយ​ក្នុងនាម​ជា​គ្រូបង្ហាត់​និង​ជា​ផ្នែក​មួយក្រុម​ការងារ​ក្ដី តែ​ឥឡូវនេះ​គាត់​បានសម្រេច​ចិត្តជា​ផ្លូវការ​ដើម្បី​ចូលរួម​ជាមួយ​ក្លិប Fight For Good ក្នុងនាម​ជា​អត្ត​ព​លិ​ក​ម្នាក់​»​។​
 
​ក្លិប FFG បានចាប់ផ្ដើម​សកម្មភាព​ដំបូង​ជា​អង្គភាព​សប្បុរសធម៌​មួយ បន្ទាប់ពី​លោក Conway បាន​មកលេង​ប្រទេស​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ​២០១៥​។​
 
​មូលនិធិ​នេះ​ត្រូវបាន​ពង្រីក​យ៉ាង​លឿន​ហើយ​បច្ចុប្បន្នកំពុង​ផ្ដោតលើ​ការងារ​គ្រប់គ្រង​គុន​ចម្រុះ ដោយ​ជួយ​ឱ្យ​កីឡាករ​បច្ចុប្បន្ន​និង​អនាគត​តារាៗ​ក្នុង​កីឡា​នេះ​ឈានដល់​កម្រិត​ថ្មី​មួយ​ក្នុង​អាជីព​។​
​លោក Conway បញ្ជាក់ថា​៖ «​អ្វីដែល​កីឡាករ​ត្រូវការ​គឺ​ការគ្រប់គ្រង​បែប​អាជីព​។ អ្នក​មិនអាច​ជោគជ័យ​នៅ ONE Championship ឬ World Lethwei Championship ឬ ស្ថាប័ន​ធំៗ​ដទៃទៀត​បានទេ បើ​គ្មាន​ក្រុម​អាជីព​មួយ​នៅ​ពីក្រោយ​អ្នក​»​។​
 
 
​លោក Conway និង​ដៃគូ​ជំនួញ​របស់លោក​គឺ​កូន​ខ្មែរ​-​អាមេរិក Sophanarith "Soap" Am កំពុង​ខំប្រឹង​ធ្វើការ​យ៉ាងខ្លាំង​ដើម្បី​ធ្វើឱ្យ​ប្រាកដថា​ពួកគេ​អាច​ផ្ដល់ជំនួយ​ចាំបាច់​ដល់​អ្នក​ប្រកួត​អាជីព​ដូច រតនា ជាដើម​បាន​។​
 
​លោក Conway បន្តថា​៖ «​ផ្នែក​ដំបូង​របស់​ក្រុម​គឺ​ការដោះស្រាយ​ប្រកបដោយ​វិជ្ជា​ជីៈ​ជាមួយ​ស្ថាប័ន​នានា​។ នោះ​ជា​អ្វីដែល​ពួកយើង​កំពុង​សំដៅ​រក ដូចជា​ការដោះស្រាយ​បញ្ហា​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​, មេធាវី និង​ឯកសារ​ផ្សេងៗ​»​។​
 
​នេះ​អាចជា​ការបោះ​ជំហាន​សំខាន់​មួយ​សម្រាប់​កីឡាករ​គុន​ចម្រុះ​ប្រកបដោយ​ទេពកោសល្យ​របស់​កម្ពុជា​។​
 
​រតនា បានបង្ហាញ​សមត្ថភាព​យ៉ាង​កក្រើក​ក្នុងការ​ប្រកួត​លើកចុងក្រោយ​បំផុត​របស់គេ​នៅ​កួ​ឡា​ឡាំ​ពួរ និង​ត្រូវបាន​ចាត់ទុកជា​កីឡាករ​គុន​ចម្រុះ​ដ៏​ល្បីល្បាញ​និង​មាន​ទេពកោសល្យ​បំផុត​ម្នាក់​របស់​កម្ពុជា​។​
 
​ស្របពេល ONE Championship កំពុង​កើប​ប្រជាប្រិយភាព​យ៉ាង​ធំធេង​និង​បាន​ចុះកិច្ចសន្យា​ជាមួយ​តារា​ល្បីៗ​បំផុត​មួយចំនួន​ដូចជា​អតីត​ជើងឯក​ពិភពលោក Eddie Alvarez និង Demetrious Johnson ជាដើម​នោះ ទស្សនៈ​ទូទៅ​មួយ​កំពុង​ផ្លាស់ប្ដូរ​សម្រាប់​ស្ថាប័ន​ក្បាច់គុន​ធំ​បំផុត​ដែលមាន​មូលដ្ឋាន​ក្នុង​ទ្វីបអាស៊ី​មួយ​នេះ​។​
 
​បើ​គ្មាន​ការគាំទ្រ​សមស្រប​ទេ លោក Conway បារម្ភ​ថា​ប្រទេសមួយ​ចំនួន​ដូចជា​មី​យ៉ាន់​ម៉ា​និង​កម្ពុជា​ជាដើម​អាច​ត្រូវបាន​គេ​ទុកចោល មិនមែន​ដោយសារ​កង្វះ​កីឡាករ​ប្រកបដោយ​ទេពកោសល្យ​ទេ ប៉ុន្តែ​គឺ​ដោយសារ​ការគ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​។​
 
​លោក Conway ពន្យល់ថា​៖ «​ការប្រកួត​នៅ ONE Championship កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ឡើងៗ​។ ពួកយើង​នឹង​ជួយ​គាត់ ប៉ុន្តែ រតនា នឹង​នៅតែមាន​ដៃគូ​ស្នូល​របស់គាត់ Vivaddhana Khaou ពី​ក្លិប H/Art Academy, Lorenzo Lanzafame និង​ដៃគូ​ហ្វឹកហាត់​ផ្សេងទៀត​របស់គាត់​»​។​
 
​ក្លិប FFG សង្ឃឹមថា​អាច​ក្លាយជា​មូលដ្ឋានគ្រឹះ​សំខាន់​មួយ​សម្រាប់​ភាព​រីកចម្រើន​នាពេល​អនាគត​ក្នុង​កីឡា​គុន​ចម្រុះ​របស់​កម្ពុជា តាមរយៈ​ការចូលរួម​ចាប់ដៃ​ជាមួយ​កីឡាករ​សំខាន់ៗ​របស់​កម្ពុជា​។​
 
​លោក Conway សង្កត់ធ្ងន់​ជា​ចុងក្រោយ​ថា​៖ «​ពួកយើង​នឹងធ្វើ​គ្រប់យ៉ាង​ដែល​ពួកយើង​អាចធ្វើ​បាន​ដើម្បី​ជួយ​អត្ត​ព​លិ​ក​កម្ពុជា​»៕
 

Tag:
 ONE Championship
  ចាន់ រតនា​
  ក្លិប​សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com