ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អ៊ូ ច័ន្ទរ័ត្ន និងអតីតមេដឹកនាំ CNRP ៤រូបអាចធ្វើនយោបាយ​វិញ​បានហើយ
19, Mar 2019 , 5:40 pm        
រូបភាព
ដោយ: ថ្មីៗ
លោក អ៊ូ ច័ន្ទរ័ត្ន លោក ជីវ កត្តា លោក កង គឹមហាក់ លោកស្រី ទេព សុទ្ធី និង​លោក ច័ន្ទ សិលា ដែលជាអតីតសមាជិកគណៈកម្មការនាយក​គណបក្ស​សង្គ្រោះជាតិ មានសិទ្ធិធ្វើនយោបាយវិញហើយ។ សម្តេច សាយ ឈុំ ប្រមុខ​រដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ៥ផ្សេងពីគ្នា នាល្ងាចថ្ងៃទី​១៩ ខែមីនានេះ ដើម្បីផ្តល់នីតិសម្បទានយោបាយដល់ពួកគេ។



អ្នកទាំង៥ បានដាក់សំណើសុំសិទ្ធិនយោបាយ កាលពីថ្ងៃទី១៨មីនា។ មកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង៩នាក់ហើយ ដែលទទួលបានសិទ្ធិនយោបាយ។ ៤នាក់ទៀត គឺ លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណនី និង លោក រៀល ខេមរិន្ទ្រ។ 

លោក សម រង្សុី អំពាវនាវជាថ្មី ដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង កុំឲ្យទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល។ លោក អះអាងថា ការទៅសុំសិទ្ធិនយោបាយ គឺដូចជាគាំទ្រឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តឃុំលោក កឹម សុខា។ លោក ស្នើសុំដូចមុនថា ស្ថិតក្នុងកាលៈទេសនេះ រឿងដែលសំខាន់ជាងគេ​ គឺរួមគ្នាទាមទារឲ្យដោះលែងលោក កឹម សុខា។ 

សម្តេច ហ៊ុន សែន ព្រមានថា ការផ្តល់សិទ្ធិនយោបាយដល់ក្រុមអ្នកប្រឆាំង អាចនឹងត្រូវបញ្ចប់នៅមុនឬក្រោយចូលឆ្នាំខ្មែរ​ ដូច្នេះ យល់ល្អ ពួកគេ គួរតែដាក់សំណើនៅពេលនេះ។ 

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកឱកាសនាពេលនេះ ថាជាឱកាសមាស ឱកាសពេជ្រ សម្រាប់អ្នកប្រឆាំង។ 

អតីតថ្នាក់ដឹនាំគណបក្សប្រឆាំងទាំងអស់ មាន១១៨នាក់ ដែលត្រូវបានតុលាការកំពូលបិទសិទ្ធិមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com