ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលគ្រោងរៀបចំឲ្យចុះបញ្ជីអាជីវកម្មនៅកន្លែងតែមួយ មិនបាច់នៅស្ថាប័ននេះផងនោះផង លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបពីពន្ធដារ)
× ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងសិក្សាពីលទ្ធភាពរៀបចំការចុះបញ្ជីធ្វើអាជីវកម្ម នៅបញ្ជរតែមួយ ឬស្ថាប័នតែមួយ ដើម្បីកុំឲ្យមានភាពស្មុគស្មាញដូចសព្វថ្ងៃ។ នេះបើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលថ្លែងក្នុងសិក្ខាសាលាអំពីការទទួលស្គាល់ និងកាតព្វកិច្ចពន្ធរបស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញ ឬសេវា និងកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ នៅថ្ងៃទី១៩ខែមីនា។
«ការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានភាពស្មុគស្មាញ ហើយក្នុងពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានណែនាំឲ្យអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យលទ្ធភាពសិក្សានូវការចុះបញ្ជីនៅបញ្ជរតែមួយ»។ នេះជាប្រសាសន៍លោក គង់ វិបុល ។
ការចុះបញ្ជីធ្វើពាណិជ្ជកម្មនៅកម្ពុជាសព្វថ្ងៃមានភាពស្មុគស្មាញសម្រាប់អ្នកចង់បើកក្រុមហ៊ុន សហគ្រាស។ លោក គង់ វិបុល ពន្យល់ដូច្នេះថា៖«ឧទារហរណ៍ថា អស់លោកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម បើអាជីវកម្មតូចចុះនៅមន្ទីរពាណិជ្ជកម្ម រួចបានចុះនៅពន្ធដារ ហើយបើអស់លោកធ្វើជាអាជីវកម្មភ្នាក់ងារទេសចរណ៍ ត្រូវចុះបញ្ជីនៅក្រសួងទេសចរណ៍ ហើយអស់លោកផ្គត់ផ្គង់ក្នុងទេសចរណ៍នេះក៏ដោយ តែបើគេចាត់ថ្នាក់ចូលជាសហគ្រាសធុនតូច និងមធ្យម (SME) គឺត្រូវចុះបញ្ជីនៅក្រសួងឧស្សាហកម្ម និងសិប្បកម្មទៀត អ៊ីចឹងបួនប្រាំគន្លាក់ឯណោះ ទម្រាំបានចុះបញ្ជីចប់»។
ហើយការចុះបញ្ជីច្រើនស្ថាប័នសព្វថ្ងៃនេះ ស្ថាប័ននីមួយៗមានទម្រង់ខុសៗគ្នា ដែលពិបាកដល់ផ្នែកឯកជនក្នុងការបំពេញបែបបទ។
បើតាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជាឈរនៅលេខរៀងទី ១៣៨ ឯណោះក្នុងចំណោមប្រទេស ១៩០ ជុំវិញនីតិវិធីធ្វើធុរកិច្ច។ នេះបង្ហាញថាកម្ពុជានៅមានភាពស្មុគស្មាញសម្រាប់អ្នកធ្វើធុរកិច្ច។
បើរដ្ឋាភិបាលសម្រេចឲ្យចុះបញ្ជីតែមួយមែន តើស្ថាប័នណាជាអ្នកទទួលខុសត្រូវចុះបញ្ជីនេះ?
លោក គង់ វិបុល បានលើកឡើងពីគំរូប្រទេសមួយចំនួនដែលការចុះបញ្ជីពាណិជ្ជកម្មនេះ ត្រូវប្រគល់សិទ្ធិអំណាចឲ្យអង្គភាពពន្ធដារ។ លោកឲ្យដឹងដូច្នេះថា៖«ខ្ញុំគ្រាន់តែផ្ដួចផ្ដើមគំនិតទេ តែការសម្រេចគឺអាស្រ័យថ្នាក់ដឹកនាំ តែបើឲ្យពន្ធដារធ្វើ គឺថាពន្ធដារមានលទ្ធភាព មានហេដ្ឋារចនាសម្ព័នរួចហើយ ឧទារណ៍ Data Center ហើយការចុះបញ្ជីអនឡាញក៏យើងមាន គ្រាន់តែពង្រីកវិសាលភាពនៃការចុះបញ្ជី»។ លោកបន្តថា៖«នៅប្រទេសមួយចំនួន ការចុះបញ្ជីអាជីវកម្មគឺប្រគល់ឲ្យពន្ធដារ ព្រោះគ្មានក្រុមហ៊ុនណាមួយរួចផុតការបង់ពន្ធទេបើចុះបញ្ជីនៅពន្ធដារ តែបើចុះនៅក្រសួងពាណិកម្ម ឬក្រសួងឧស្សាហកម្មអាចគេចផុតពីពន្ធបាន»។
លោក គង់ វិបុល បញ្ជាក់ថាលោកនឹងដាក់ពង្រាងផែនការអំពីយន្តការចុះបញ្ជីតែមួយនេះ ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មុននឹងឈានដល់ប្រមុខរដ្ឋាភិបាលសម្រេច៕
Tag:
ពន្ធ
ចុះបញ្ជីពាណិជ្ជកម្ម
គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com