ជាតិ
សង្គមជាតិ
មន្ត្រីឧទ្យានុរក្សម្នាក់របួសធ្ងន់ ដោយសារជនល្មើសកាប់ពេលចុះល្បាត ជនរងគ្រោះ(កណ្តាល) និងមន្ត្រីឧទ្យានុរក្សដទៃទៀតពេលចុះល្បាត (រូបភាព៖ហ្វេសប៊ុកក្រសួងបរិស្ថាន)
× ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សម្នាក់ដែលប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ក្នុងខេត្តកំពង់ធំ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនល្មើសកាប់ត្រូវចំនួន៥កាំបិតផ្គាក់។ ករណីនេះ កើតឡើងនៅថ្ងៃទី១៩ មីនា នៅពេលដែលក្រុមមន្ត្រីឧទ្យានុរក្សចុះល្បាត។
មន្ត្រីឧទ្យានុរក្សម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីត្រូវជនល្មើសកាប់នឹងកាំបិតផ្គាក់ ក្នុងពេលចុះល្បាត។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី ១៩ មីនា នៅតំបន់អូរដើមថ្កូវ ស្ថិតនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ នេះបើតាមហ្វេសប៊ុក ក្រសួងបរិស្ថាន ដែលបន្តរៀបរាប់ហេតុការណ៍នេះដូច្នេះ៖«បន្ទាប់ពីប្រទះឃើញជនល្មើស២នាក់ កំពុងកាប់ឆា្ករព្រៃទន្ទ្រានយកដីធ្វើចម្ការ ក្រុមមន្ត្រីឧទ្យានុរក្សបានដេញចាប់ជនល្មើស ប៉ុន្តែមន្ត្រីឧទ្យានុរក្សម្នាក់(បានទាក់ជើងដួល ក៏ត្រូវជនល្មើសតដៃ ដោយកាប់ចំនួន ៥កាំបិតផ្គាក់ចំក្បាល, កញ្ចឹងក និងកដៃ។ ចំណែកឯមន្ត្រីឧទ្យានុរក្សផ្សេងទៀត មិនមានរបួសឡើយ»។
តាមរយៈសំណេរនៅហ្វេសប៊ុកក្រសួងបរិស្ថានដដែល លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន សោកស្តាយចំពោះហេតុការណ៍នេះ និងបញ្ជាក់ថាសមត្ថកិច្ច កំពុងស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ដើម្បីរកជនល្មើសដែលបានគេចខ្លួន មកផ្តន្ទាទោស។ បើតាមអ្នកនាំពាក្យរូបនេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
បើតាមក្រសួងបរិស្ថាន នេះជាករណីទី២ហើយ ដែលមន្ត្រីឧទ្យានុរក្សបានរងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធនធានធម្មជាតិ នៅរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ។ កាលពីចុងខែមករា ក៏មានមន្ត្រីឧទ្យានម្នាក់ដែរ ដែលត្រូវជនល្មើសបាញ់ចំភ្លៅ ក្នុងពេលចុះបង្ក្រាបបទល្មើសសត្វព្រៃ នាដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី៕
Tag:
បរិស្ថាន
មន្ត្រីឧទ្យានុរក្ស
កំពង់ធំ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com