អន្តរជាតិ
កាន់អំណាច​៣០​ឆ្នាំ ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន​លាលែង​ពី​តំណែង​ទុក​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ​
20, Mar 2019 , 9:28 am        
រូបភាព
លោក Nursultan Nazarbayev ប្រកាសលាលែងពីតំណែងប្រធានាធិបតីកាហ្សាក់ស្ថាន។ (រូបភាព AFP)
លោក Nursultan Nazarbayev ប្រកាសលាលែងពីតំណែងប្រធានាធិបតីកាហ្សាក់ស្ថាន។ (រូបភាព AFP)
​ប្រធានាធិបតី​កា​ហ្សា​ក់​ស្ថាន Nursultan Nazarbayev នៅ​ថ្ងៃទី​១៩ ខែមីនា បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ក្រោយពី​លោក​ប្រកាស​លាលែង​ពី​តំណែង​។ លោក Nazarbayev ដែល​ដឹកនាំ​រដ្ឋ​អាស៊ី​កណ្ដាល​មួយ​នេះ​តាំងពី​ឆ្នាំ​១៩៨៩ មក អះអាងថា លោក​ចុះ​ចេញពី​តំណែង​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ​។ ដ្បិត​លាលែង​ពី​តំណែង​ប្រធានាធិបតី​មែនពិត មេដឹកនាំ​កា​ហ្សា​ក់​ស្ថាន​រូបនេះ​នៅតែមាន​តួនាទី​ក្នុងការ​សម្រេច​ចិត្តធំៗ​ដដែល​។​

 
«​ខ្ញុំ​បានសម្រេច​ចិត្ត​ដ៏​លំបាក​ក្នុងការ​លាលែង​ពី​តំណែង​ប្រធានាធិបតី​»​។ នេះ​ជាការ​ប្រកាស​របស់លោក Nursultan Nazarbayev មេដឹកនាំ​តែមួយគត់​របស់​កា​ហ្សា​ក់​ស្ថាន​ក្នុងការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃទី​១៩ ខែមីនា​។ វ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​ដែល​លោក Nazarbayev ប្រកាស​បោះបង់​កៅអី​ប្រធានាធិបតី​បែបនេះ ដ្បិត​លោក​បាន​ដឹកនាំ​ប្រទេស​សម្បូរ​ធនធាន​រ៉ែ​មួយ​នេះ​តាំងពី​នៅ​ជា​ផ្នែក​មួយ​នៃ​សហភាពសូវៀត​មកម្ល៉េះ​។​
 
​ក្នុងការ​ថ្លែង​ដដែល លោក Nazarbayev ដែលមាន​វ័យ​៧៨​ឆ្នាំ បានប្រគល់​តំណែង​ប្រធានាធិបតី​នេះ​ទៅ​ឲ្យ​ប្រធានសភា​ជាន់ខ្ពស់​លោក Kassym-Jomart Tokayev ។ លោក Tokayev ដែលមាន​វ័យ​៦៥​ឆ្នាំ​នោះ ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី និង​ជា​អ្នកការទូត​ជើងចាស់​របស់​កា​ហ្សា​ក់​ស្ថាន​ផង ហើយ​លោក​នឹង​ធ្វើជា​ប្រធានាធិបតី​ស្តីទី​រហូតដល់​ខែមីនា ឆ្នាំ​២០២០ ។ 
 
​ជា​មេដឹកនាំ​សល់​ពី​សហភាពសូវៀត​ចុងក្រោយ​គេ​ដែល​កំពុង​កាន់អំណាច លោក Nazarbayev បញ្ជាក់ថា​៖  «​តួនាទី​ខ្ញុំ​នៅ​ថ្ងៃ​អនាគត គឺ​ធា​នាពី​ការឡើង​កាន់អំណាច​រប​ស់មេ​ដឹកនាំ​ជំនាន់​ថ្មី​ដែល​បន្តដំណើរ​ការផ្លាស់​ប្ដូរ​ប្រទេសជាតិ​។​» 
 
​ទោះ​លាលែង​ពី​តំណែង​ប្រធានាធិបតី​មែនពិត លោក Nazarbayev ក៏​មិន​ទៅណា​ឆ្ងាយ​ពី​ឆាកនយោបាយ​ឡើយ ខណៈ​ត្រូវ​បានផ្ដល់​ឋានៈ​ក្នុង​រដ្ឋធម្មនុញ្ញ​ថា «​មេដឹកនាំ​ប្រជាជាតិ​»​។ លោក​នឹង​បន្ត​កាន់តំណែង​ប្រធាន​បក្ស​កាន់អំណាច Nur Otan ដែលមាន​សំឡេង​ភាគច្រើន​ក្នុង​សភា និង​តំណែង​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ដដែល​។ តំណែង​សំខាន់ៗ​ទាំងពីរ នឹង​បើកផ្លូវ​ឲ្យ​មេដឹកនាំ​កាន់អំណាច​វែង​ជាងគេ​មួយ​របស់​ពិភពលោក បន្ត​ចាត់ចែង​កិច្ចការ​ប្រទេសជាតិ​បាន​ដោយ​ស្របច្បាប់​។​
 
​ដោយសារ​សម្បូរ​ធនធាន​ថាមពល លោក Nazarbayev បាន​ជួយ​ទាក់ទាញ​ការវិនិយោគ​រាប់ពាន់​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​បរទេស​ឲ្យ​មករក​ស៊ី​វិស័យ​មួយ​នេះ​។ ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ វិបត្តិ​ក្នុងស្រុក​ក៏​កើតឡើង​ខ្លាំង ខណៈ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែកលើ​ប្រេង កំពុងស្ថិត​ក្នុងដំណាក់កាល​ងើប​ឡើងវិញ​នៅឡើយ​ក្រោយ​រងគ្រោះ​ដោយសារ​ការធ្លាក់​ចុះថ្លៃ​ប្រេង​កាលពី​ឆ្នាំ​២០១៤ ។ 
 
​តាមពិតទៅ គេ​មិន​នឹកស្មានថា លោក Nazarbayev ចុះចេញ​តាម​សម្រួល​បែបនេះ​ឡើយ​។ កាលពី​ខែ​មុន លោក​បាន​ដាក់ចេញ​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កម្មវិធី​សង្គម និង​ការបង្កើន​ប្រាក់ខែ​មន្ត្រី ហើយក៏​សន្យា​វិនិយោគ​កាន់តែច្រើន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅទៀត​។ កាលនោះ គេ​ជឿថា លោក​ទំនងជា​ត្រៀម​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ​ទៀតផង​។ ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៥ លោក​បាន​ទទួលបាន​គាំទ្រ​ដល់​ទៅ​៩៨​ភាគរយ​ឯណោះ​៕  
 

Tag:
 កា​ហ្សា​ក់​ស្ថាន​
  Nursultan Nazarbayev
© រក្សាសិទ្ធិដោយ thmeythmey.com