អន្តរជាតិ
ចិន​ថា ខ្លួន​ជួយ​សម្រាល​ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​
20, Mar 2019 , 12:07 pm        
រូបភាព
​ជម្លោះ​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​នៅ​តំបន់​កា​ស្មៀ​រ ហាក់​ថមថយ​កម្ដៅ​វិញ​ហើយ បន្ទាប់ពី​ឡើងដល់​កម្រិត​គួរ​ឲ្យ​ព្រួយបារម្ភ​។ ប្រភពពី​មន្ត្រីការទូត​លោកខាងលិច និង​ភាគី​ទាំងពី​បង្ហាញថា ឥណ្ឌា និង​ប៉ា​គី​ស្ថាន​គំរាម​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​ទៀតផង​។ ស្របពេល​ស្ថានការណ៍​ធូរស្រាល ចិន​ដែលជា​អ្នកជិតខាង​របស់​មហា​អំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នេះ អះអាងថា ខ្លួន​មាន​ចំណែក​ជួយ​ឲ្យ​កម្ដៅ​ថយចុះ ខណៈ​អាមេរិក និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏​ដើរ​សំខាន់​ដែរ​។​

 
​ចិន​បាន​ដើរតួនាទី​ដែល​ប្រយោជន៍​ក្នុងការ​កាត់បន្ថយ​ភាព​តានតឹង​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។ នេះ​ជាការ​ប្រកាស​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៨ ខែមីនា​ជុំវិញ​ការប្រឈមមុខ​ដាក់គ្នារ​វាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​បន្ទាប់ពី​មាន​ហេតុការណ៍​វាយប្រហារ​នៅ​រដ្ឋកា​ស្មៀ​រ​គ្រប់គ្រង​ដោយ​ឥណ្ឌា​ដែល​សម្លាប់​យោធា​ឥណ្ឌា​នាក់​កាលពី​ខែ​មុន​។ ក្រោយ​ហេតុការណ៍​នេះ ការប្រឈមមុខ​ក៏​កាន់តែ​តានតឹង​សឹង​ផ្ទុះ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ទៅហើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភពពី​មន្ត្រីការទូត​បស្ចិម​ប្រទេស និង​មន្ត្រី​ឥណ្ឌា ប៉ា​គី​ស្ថាន និង​អាមេរិក​ផង​នោះ នៅ​គ្រាមួយ ឥណ្ឌា​គំរាម​បាញ់​មី​ស៊ី​ល​យ៉ាងតិច​៦​ដើម​ដាក់​ប៉ា​គី​ស្ថាន ប៉ុន្តែ​ប៉ា​គី​ស្ថាន​ក៏​ព្រមាន​វិញ​ថា ខ្លួន​នឹង​សងសឹក​ដោយ​លើ​សកម្មភាព​ឥណ្ឌា​បី​ដង​។ ការឆ្លើយ​ឆ្លង​សម្ដី​បូករួម​នឹង​ការប៉ះទង្គិច​ជាច្រើនលើក​តាម​ព្រំដែន ស្ថានការណ៍​ចាប់ផ្ដើម​ថយក្រោយ​វិញ ក្រោយ​អាមេរិក​លូកដៃ​ចូល​ដោះស្រាយ​។​
 
​មន្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់​និយាយ​ដែរ​ថា ក្រៅពី​អាមេរិក និង​ចិន ប្រទេស​តំបន់​អារ៉ាប់ គឺ​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ក៏​ជួយ​ដោះស្រាយ​ជម្លោះ​នេះដែរ​។ ជុំវិញ​ការប្រឈមមុខ​រវាង​មហាអំណាច​អាស៊ី​ខាងត្បូង​ទាំងពីរ ក្រសួងការបរទេស​ចិន​លើកឡើងថា ការរស់នៅ​ដោយ​សន្តិ​សហ​វិជ្ជមាន​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន គឺជា​រឿង​របស់​ប្រទេស​ទាំងអស់ ហើយ​ជា​អ្នក​ជិត​ល្អ​របស់​ប្រទេស​ទាំងពីរ ចិន​តែង​ជំរុញ​ការចរចា​ដោយ​សន្តិភាព និង​ដើរតួនាទី​ក្នុងការ​កាត់បន្ថយ​កម្ដៅ​។​
 
​មិនមែន​តែ​ជាមួយ​ក្រុង​ញូ​វ​ដេលី និង​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ឡើយ ក្រុង​ប៉េកាំង​ក៏​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដើម្បី​បន្ត​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ​នេះ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ប្រើប្រាស់​យន្តការ​សន្តិភាព​ក្នុងការ​ដោះស្រាយ​ភាពខុសគ្នា​។ ដោយ​មិន​និយាយ​ចំឈ្មោះ​ក្រុង​វ៉ាស៊ីនតោន​ក្រុង​ប៉េកាំង ក៏​ទទួលស្គាល់​ដែរ​ថា ប្រទេសមួយ​ចំនួន​ក៏បាន​ដើរតួនាទី​វិជ្ជមាន​ក្នុងការ​បន្ធូរបន្ថយ​ស្ថានការណ៍​នេះដែរ​។​
 
​សូម​រំឭកថា ក្រុម​ភេរ​វករ​ជ្រុលនិយម​ដែល​លាក់ខ្លួន​នៅ​ទឹកដី​ប៉ា​គី​ស្ថាន បានប្រកាស​ទទួលខុស​ត្រូវការ​វាយប្រហារ​ដែ​ល​សម្លាប់​យោធា​ឥណ្ឌា​អស់​៤០​នាក់​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ​។ វា​ជាការ​វាយប្រហារ​បង្ហូរ​ឈាម​បំផុត​នៅ​កា​ស្មៀ​រ​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ​។ ភាគី​ទាំងពីរ ក៏​អះអាង​ដូចគ្នា​ថា បាន​បាញ់​ទម្លាក់​យន្តហោះ​រៀងៗ​ខ្លួន​ទៀតផង​៕ 
 

Tag:
 ចិន​
  ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com