ជាតិ
ករណីឃាតកម្ម៖ ជនជាតិ​ជប៉ុន​នៅ​កម្ពុជា​បន្ត​កៀងគរ​គ្នា​ជួយ​ដល់​គ្រួសារ​អ្នក​រត់តាក់ស៊ី
20, Mar 2019 , 1:25 pm        
រូបភាព
ក្រុមកីឡាករបាល់ទាត់ដែលប្រកបអាជីពនៅកម្ពុជាជូនថវិកាដល់គ្រួសារជនរងគ្រោះនៅស្នងការដ្ឋានខេត្តសៀមរាប
ក្រុមកីឡាករបាល់ទាត់ដែលប្រកបអាជីពនៅកម្ពុជាជូនថវិកាដល់គ្រួសារជនរងគ្រោះនៅស្នងការដ្ឋានខេត្តសៀមរាប
ដោយ: ថ្មីៗ
​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា ទាំង​ក្នុង​ជំនួញ កីឡា និង​វិស័យ​ផ្សេងៗ​ទៀត បានប្រកាស​អំពាវនាវ​ដល់​ជនរួមជាតិ​របស់ខ្លួន​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​។ លោក ហ៊ឹម ចាន់ អាយុ​៤០​ឆ្នាំ ដែលជា​អ្នកបើក​តាក់ស៊ី ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្រុក​ពួក​ខេត្តសៀមរាប​។ ជា​ករណី​ដ៏​កម្រ ជនជាតិ​ជប៉ុន​ពីរ​នាក់ ជាប់​សង្ស័យ​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​។



​សម្រាប់​ជនជាតិ​ជប៉ុន​នៅ​កម្ពុជា នេះ​ជា​រឿង​ដ៏​អាម៉ាស​បំផុត ដែលមាន​មិត្ត​រួម​ជាតិ​របស់ខ្លួន​ប្រព្រឹត្ត​យ៉ាង​ដូច្នេះ​មកលើ​លោក ហ៊ឹម ចាន់ ដែល​ធ្វើ​ឲ្យ​ភរិយា​របស់​អ្នកបើក​តាក់ស៊ី​រូបនេះ ក្លាយជា​ស្ត្រី​មេម៉ាយ​ដែល​ត្រូវ​ទទួលបន្ទុក​កូនកំព្រា​៤​នាក់​។​

​លោក Akihiro Kato ប្រធាន​ក្លិប​កីឡាបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​បន្ត​សុំទោស​មូ​យ​លើក​ជា​ពីរលើក​ចំពោះ​ពលរដ្ឋ​ខ្មែរ​។ លោក​បានប្រកាស​ផ្តល់​ថវិកា​១០០០​ដុល្លារ​ដល់​គ្រួសារ​ជនរងគ្រោះ​។ បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក​ផ្ទាល់ ថ្នាក់ដឹកនាំ​បាល់ទាត់ និង​ក្រុម​កីឡាករ​បាល់ទាត់​ជប៉ុន​នៅ​កម្ពុជា បាន​ប្រមូល​ថវិកា​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ចំនួន​៤០០០​ដុល្លារ​អាមេរិក រួចហើយ​នា​ថ្ងៃទី​២០ ខែមីនា នេះ​។​



ស្របពេល​ជាមួយគ្នា​នោះដែរ ជនជាតិ​ជប៉ុន​ម្នាក់ទៀត​ឈ្មោះ Koichi Takuma បាន​អះអាងថា លោក​មាន​ក្តី​រន្ធត់ និង​ឈឺចាប់​បំផុត ដោយ​លោក​មាន​អារម្មណ៍​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​មិត្ត​រួម​ជាតិ​ខ្លួន​ពីរ​នាក់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​ទៅលើ​ជនជាតិ​ជប៉ុន​ទូទៅ​។​

​លោក Takuma បានប្រកាស​កៀងគរ​ថ​វិកា​ពី​មិត្ត​រួម​ជាតិ​របស់ខ្លួន​ដើម្បី​ឧបត្ថម្ភ​ក្រុមគ្រួសារ​រងគ្រោះ ជាពិសេស​កូនៗ​របស់គាត់​ដើម្បី​ឲ្យ​បាន​សិក្សា​រៀនសូត្រ និង​មាន​អនាគត​ភ្លឺស្វាង នាពេល​អនាគត​។​


ជនជាតិ​ជប៉ុន​ទាំងពីរ ឈ្មោះ Reimon Ishi មកពី Chiba និង Ryuji Nakakuki មកពី Fukushima បាន​សារភាពថា ពូកគេ​ប្លន់​សម្លាប់​អ្នកបើក​តាក់ស៊ី​ដើម្បី​រកលុយ​ដោះបំណុល​ធនាគារ​នៅ​ជប៉ុន​៕




© រក្សាសិទ្ធិដោយ thmeythmey.com