ជាតិ
ត្រី​ផ្ទក់​-​ត្រី​រ៉ស់​៖ ពេល​នៅ​តូច​ហៅ «​ត្រី​ផ្ទក់​» ពេល​ធំ​ពេញវ័យ​ហៅ «​ត្រី​រ៉ស់​»
20, Mar 2019 , 7:19 pm        
រូបភាព
​ត្រី​ផ្ទក់​-​ត្រី​រ៉ស់ នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
​ត្រី​ផ្ទក់​-​ត្រី​រ៉ស់ នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​មាន​ស្រកា​មួយ​ប្រភេទ ដែលមាន​រស់នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ឥណ្ឌា នេ​ប៉ាល់ ស្រីលង្កា បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ កម្ពុជា វៀតណាម ថៃ និង​ប្រទេស​ចិន​ភាគខាងត្បូង​។ មិនតែប៉ុណ្ណោះ អាចមាន​វត្ត​មាននៅ​ប្រទេស​ប៊ូ​តាន​ផងដែរ​។​

 
​ត្រី​ប្រភេទ​នេះ ពេល​នៅ​តូច ហៅ «​ត្រី​ផ្ទក់​» ពេល​ធំ​ពេញវ័យ​ហៅ «​ត្រី​រ៉ស់​» មានឈ្មោះ​វិទ្យាសាស្ត្រ (Channa striata) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Striped snakehead មាន​ប្រវែង​ដងខ្លួន​អតិបរមា ១០០ ស​.​ម និង​ប្រវែង​ធម្មតា ៦១ ស​.​ម ទម្ងន់​អតិបរមា ៣​គីឡូក្រាម​។ ត្រី​ផ្ទក់​-​ត្រី​រ៉ស់ ចូលចិត្ត​រស់នៅក្នុង​ស្រះ បឹងបួរ ត្រពាំង វាលស្រែ អូរ ស្ទឹង ព្រែក ទន្លេ ដែលមាន​ទឹកល្អក់ ភក់ ល្បាប់ ប៉ុន្តែ​ក៏មាន​រស់នៅ​ច្រើន​ក្នុង​តំបន់​នា​ប​លិច​ទឹក​ផងដែរ និង​ជាពិសេស តំបន់​ទឹកនឹង ទឹក​រាក់ ជម្រៅ​ចាប់ពី ១ -២ ម៉ែត្រ​។ 
 

​ត្រី​ផ្ទក់​-​ត្រី​រ៉ស់ នៅក្នុង​ផ្សារ​ខេត្តស្ទឹងត្រែង​។ រូបភាព​៖ ឈុត ឈា​ណា / អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​
 
​ត្រី​ផ្ទក់​-​ត្រី​រ៉ស់ នៅក្នុង​ប្រទេស​កម្ពុជា អាច​ចាត់ទុកថា ជា​ប្រភេទ​ត្រី​ដែល​សម្បូរ​បំផុត​។ ត្រី​ផ្ទក់​-​ត្រី​រ៉ស់ អាច​រក្សា​ជីវិត​បាន​ក្នុង​ខែប្រាំង ដោយ​ការកាយ​រន្ធ​ក្នុង​ភក់ និង​រស់​បានយូរ​ឬ​ឆាប់ អាស្រ័យ​លើ​ស្រកា​របស់​វារ​ក្សា​សំណើម​ដើម្បី​ដកដង្ហើម និង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ដើម្បី​បន្តជីវិត​។ វា​ពង​ពេញ​មួយឆ្នាំ នឹង​ច្រើន​បំផុត​ចាប់ពី​ខែមីនា ដល់​ខែមិថុនា​។ មេ​បណ្តើរកូន ពេល​កូន​វា​ញ៉ាស់​។ វា​ជា​ប្រភេទ​មំសាសី ស៊ី​ត្រី​តូចៗ កង្កែប ពស់ សត្វល្អិត ជន្លេន កូន​ក្អុក និង​ខ្យង​ខ្ចៅ ក្តាម កំពឹស​ជា​អាហារ​។ ត្រី​ផ្ទក់ ឬ​ត្រី​រ៉ស់ ត្រូវបាន​គេ​កត់ត្រា​ចូលក្នុង​បញ្ជីរ​ក្រហម IUCN Red (Least Concern)​។ ក្នុង​ឆ្នាំ ២០១០ ជា​ប្រភេទ​ត្រី​ដែលមាន​ការព្រួយបារម្ភ​តិចតួច​ថា​នឹង​ឈានទៅ​ផុត​ពូជ​។​
 
​ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ដោយ​ប្រើ​ចរន្តអគ្គិសនី​ឆក់ ដែល​គេ​និយម​ហៅថា ឆក់​ក្តៅ ឆក់​ត្រជាក់ វា​ជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ និង​ការសាងសង់​ទំនប់​វារិ​អគ្គីសនី សុទ្ធតែជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវិត​មច្ឆជាតិ​ទូទៅ​។ ទៅ​ថ្ងៃ​អនាគត ត្រី​មួយចំនួនធំ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​បាត់​រូបរាង សល់​តែ​ឈ្មោះ​សម្រាប់​ក្មេងជំនាន់ក្រោយ​ហៅ​ប៉ុណ្ណោះ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ទាំងអស់គ្នា​នោះទេ​។​

© រក្សាសិទ្ធិដោយ thmeythmey.com