កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao ព្រម​ឡើង​រេញ​តាម​ការ​បបួល​របស់​អ្នក​ប្រដាល់​វ័យក្មេង Spence
20, Mar 2019 , 7:39 pm        
រូបភាព
Manny Pacquiao និង Errol Spence អាច​នឹងត្រូវ​តទល់​គ្នា​ឆាប់ៗ​នេះ​មិន​ខាន​បន្ទាប់ពី​អ្នក​ទាំងពីរ​ឆ្លើយឆ្លង​គ្នា​នៅលើ​សង្វៀន​ក្រោយ​ការប្រកួត​រវាង Spence និង​កីឡាករ Mikey Garcia បញ្ចប់​។


 
Spence នៅតែ​រក្សា​ខ្សែក្រវាត់​ពិភពលោក IBF ប្រភេទ​ទម្ងន់ Welterweight របស់ខ្លួន តាមរយៈ​ការ​ផ្តួល​កីឡាករ Mikey Garcia ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ១២០-១០៧, ១២០-១០៨ និង ១២០-១០៨ នៅ​សង្វៀន AT&T ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក នៅ​ថ្ងៃ​១៧ ខែមីនា ឆ្នាំ​២០១៩​។​
 
​ក្រោយ​ឈ្នះ Garcia ដែលជា​មិត្ត​រួម​ជាតិ​អាមេរិក​នោះ Spence អាច​រក្សា​ភាពមិន​ដែល​ចាញ់​របស់ខ្លួន​ក្នុងការ​ប្រកួត​ទាំង​២៥​លើក ដោយ​ផ្តួល​ដៃគូ​មិន​ឲ្យ​តដៃ​រួច​២១​ដង​។ ដោយឡែក Garcia វ័យ​៣១​ឆ្នាំ បាន​ស្គាល់​បរាជ័យ​ជា​លើកដំបូង​របស់គេ​ហើយ​ក្នុង​ការប្រកួត​លើក​ទី​៤០​នេះ​។​

Errol Spence (ស្តាំ) និងដៃគូ Mikey Garcia
 
​ក្នុងជំនួបរ​ងវាង​អ្នក​ដាល់​អាមេរិក​ទាំងពីរ​នេះ ក៏មាន​វត្តមាន​ស្តេច​ប្រដាល់​ហ្វីលីពីន Pacquiao ទៅ​ទស្សនា​ផ្ទាល់​ផងដែរ​។ នៅក្រោយ​ចប់​ការប្រកួត Pacquiao បាន​ឡើង​ទៅលើ​សង្វៀន​ក្នុងនាម​ជា​ភ្ញៀវកិត្តិយស និង​ជាការ​បង្កើត​ឱកាស​សម្រាប់ Spence ហៅ​សួរនាំ​អំពី​ការប្រកួត​បន្ទាប់​តែម្តង​។​
 
Spence វ័យ​២៩​ឆ្នាំ​បាន​និយាយ​ដាក់​ក្បាល​មេក្រូ​ដែល​ពិធីការនី​កំពុងកាន់​ថា​៖«​គាត់ (Pacquiao) ធ្លាប់​មក​ទីនេះ​ពីមុនមក គាត់​បាន​បំបែក​កំណត់ត្រា​និង​ជា​វិ​រ​បុរស​ក្នុង​វិស័យ​កីឡា​នេះ ហើយ​នេះ​ជា​កិ​ត្ដិ​យស​របស់ខ្ញុំ​ដើម្បី​ប្រកួត​ជាមួយ​គាត់​នៅ​ជំនួប​ក្រោយ​»​។​
 
​ឆ្លើយតប​នឹង​សំណួរ​របស់​ពិធី​ការិនី​ដដែល​ដែល​សួរថា​គិត​យ៉ាងណាដែរ​សម្រាប់​ប្រកួត​បន្ទាប់​? Pacquiao ឆ្លើយ​ភ្លាម​ថា​៖«​បាទ​! រឿង​អី​មិនបាន​? យើង​នឹង​ផ្តល់​ឲ្យ​អ្នកគាំទ្រ​សម្រាប់​ការប្រកួត​ដ៏​ល្អ​»​។​
 
​អ្នក​ប្រដាល់ និង​ជា​សមាជិក​ព្រឹទ្ធសភា​ហ្វីលីពីន វ័យ​៤០​ឆ្នាំ​រូបនេះ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​អាជីព​ប្រដាល់​នេះ​ជាមួយនឹង​ការជឿជាក់​លើ​សមត្ថភាព​ខ្លួន​ថា​នៅតែ​អាច​ដណ្តើម​ខ្សែក្រវាត់​បន្តទៀត​។​
 
Pacquiao បាន​គ្រប់គ្រង​ខ្សែក្រវាត់​៨​ស្ថាប័ន​ផ្សេងគ្នា​ជា​កំណត់ត្រា​បន្ទាប់ពី​ដណ្តើមបាន​ខ្សែក្រវាត់ WBA ក្នុង​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ Adrien Broner កាលពី​ខែមករា​កន្លងទៅ​៕
​សូម​ទស្សនា​វី​ដូ​អូ​ខាងក្រោម​

Tag:
 ​ប្រដាល់​
  Errol Spence
  Manny Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com