កីឡាជាតិ
ជាតិ
AFC U23៖ ប្តូរ​កម្មវិធី​ប្រកួត​ដោយសារ​ក្តៅ​ខ្លាំង ខណៈ​គូ​កម្ពុជា​ប្រព្រឹត្តទៅ​នៅ​ម៉ោង​៨​យប់​
20, Mar 2019 , 8:19 pm        
រូបភាព
លោក Keisuke Honda (អាវស)ប្រាប់បច្ចេកទេសដល់កីឡាករអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
លោក Keisuke Honda (អាវស)ប្រាប់បច្ចេកទេសដល់កីឡាករអំឡុងពេលហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ AFC U23 Championship 2020 នៅ​កម្ពុជា ត្រូវបាន​ផ្លាស់ប្តូរ​ម៉ោង​ប្រកួត ដោយសារ​បញ្ហា​អាកាសធាតុ​ឡើងក​ម្តៅ​។ សម្រាប់​ការប្រកួត​ដែល​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​២២-២៦ ខែមីនា ឆ្នាំ​២០១៩ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល H ជាមួយ U23 អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ​។​

 
​បើតាម​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល H នៃ​ព្រឹត្តិការណ៍ AFC U23 Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ត្រូវបាន​ផ្លាស់ប្តូរ​ម៉ោង​ប្រកួត​ទៅធ្វើ​នៅ​ម៉ោង​៥​រសៀល​សម្រាប់​គូ​ទី​១ និង​ម៉ោង​៨​យប់​សម្រាប់​គូ​ទី​២ ខណៈ​ពីដំបូង​គ្រោង​ធ្វើ​នៅ​ម៉ោង​៣:៣០​នាទី​រសៀល និង​ម៉ោង​៦:៣០​នាទី​ល្ងាច​។ ការផ្លាស់ប្តូរ​ម៉ោង​ប្រកួត​នេះ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី មើលឃើញថា អាកាសធាតុ​នៅ​កម្ពុ​ជាមាន​សភាព​ក្តៅ​ខ្លាំង​។​
 
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda នឹង​រួមដៃគ្នា​ជាមួយ​គ្រូបង្វឹក​លោក Felix Dalmas ដឹកនាំ​ក្រុម U23 កម្ពុជា​តទល់​ជាមួយ​ក្រុម U23 អូស្ត្រាលី នា​ជំនួប​បើកឆាក​ពូ​ល H នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ មុន​ប៉ះ U23 កូរ៉េខាងត្បូង​នៅ​ជំនួប​បន្ទាប់​នា​ថ្ងៃទី​២៤ ខែមីនា និង U23 ឆាយ​នី​ស​តៃប៉ិ ក្នុងជំនួប​ចុងក្រោយ​នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩​។ 
 
​សមាជិក​ក្លិប​ក្របខណ្ឌ​កំពូល​អូស្ត្រាលី Melbourne Victory លោក Keisuke Honda បាន​មកដល់​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​ត្រៀម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ សម្រាប់​ព្រឹត្តិការណ៍​នេះ​។ អ្នកចាត់ការ​ទូទៅ​វ័យ​២៣​ឆ្នាំ​រូបនេះ នឹង​ត្រឡប់​នៅ​ជួយ​ក្លិប Melbourne Victory នៅ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩​។​
 
​សំបុត្រ​ទស្សនា​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​៥​ពាន់​រៀល​សម្រាប់​កន្លែង​គ្មាន​ដំបូល និង​១​ម៉ឺន​រៀល​សម្រាប់​កន្លែង​មាន​ដំបូល​៕

Tag:
 បាល់ទាត់​
  AFC U23 Championship
© រក្សាសិទ្ធិដោយ thmeythmey.com