អន្តរជាតិ
អុីតាលី អាចបើកកំពង់ផែបួនឲ្យចិនវិនិយោគក្រោមគម្រោងផ្លូវសូត្រសម័យថ្មី កំពង់ផែ Trieste របស់អ៊ីតាលី (រូបភាព Adriaports.com)
× ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅអុីតាលីក្នុងសប្ដាហ៍នេះ។ ការចូលរួមរបស់អុីតាលីក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី (BRI) ដែលគេស្គាល់ជាទូទៅថា គម្រោងផ្លូវសូត្រសតវត្សរ៍ទី២១ គឺជាកាដូស្វាគមន៍លោក ស៊ី ។ រដ្ឋាភិបាលអុីតាលី ត្រូវបានរំពឹងថា នឹងបើកកំពង់ផែសំខាន់ៗចំនួនបួនដើម្បីទទួលការវិនិយោគរបស់ចិន។ ខណៈមានការព្រួយបារម្ភពីការប៉ះពាល់សន្តិសុខជាតិនោះ ក្រុងរ៉ូមអះអាងថា វាគ្មានបញ្ហាអ្វីទេ។
កិច្ចព្រមព្រៀងលើការវិនិយោគកំពង់ផែ ទំនងជាស្ថិតនៅក្នុងរបៀបវារៈអំឡុងដំណើរទស្សកិច្ចរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង នៅអុីតាលី។ កិច្ចព្រមព្រៀងនេះ ស្ថិតនៅក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ដែលអុីតាលីនឹងចូលរួមជាផ្លូវការក្នុងសប្ដាហ៍នេះផងដែរ។ ទោះមានការប្រឆាំង និងការព្រួយបារម្ភពីសំណាក់មតិក្នុងស្រុក ក៏ដូចជាសហភាពអឺរ៉ុប និងអាមេរិកក្ដី អុីតាលីទំនងជាមិនផ្លាស់ប្ដូរជំហររបស់ខ្លួនឡើយ។
បើតាមកាសែតហុងកុង South China Morning Post កំពង់ផែ Genoa ដែលជាកំពង់ផែធំបំផុតរបស់អុីតាលី នឹងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយចិន ខណៈកំពងផែ Palermo នៃកោះស៊ីស៊ីល គឺជាទីតាំងដែលលោក ស៊ី ទៅធ្វើទស្សនកិច្ចផងដែរ។ រដ្ឋាភិបាលក្រុងរ៉ូម នឹងទាក់ទាញក្រុមហ៊ុនប្រតិបត្តិការកំពង់ផែចិនឲ្យទៅវិនិយោគកំពង់ផែសមុទ្រមួយនេះ។ កំពង់ផែពីរទៀត Trieste និង Ravenna ដែលនៅជាប់សមុទ្រអាឌ្រីយ៉ាទិក ក៏ទំនងស្ថិតក្នងគម្រោងរបស់អុីតាលីដែរ។
ការស្វាគមន៍ការវិនិយោគចិនបែបនេះ ជាផ្នែកមួយនៃគម្រោងរបស់អុីតាលីក្នុងការពង្រឹងសមត្ថភាពដឹកជញ្ជូនតាមផ្លូវសមុទ្រដើម្បីប្រជែងជាមួយកំពង់ផែប្រទេសផ្សេង។ នេះបើតាមការអះអាងរបស់ប្រភពការទូតជាច្រើន។ ក្រុងរ៉ូមក៏ធ្លាប់លើកឡើងដែរថា ការអនុញ្ញាតឲ្យក្រមហ៊ុនរដ្ឋចិនចាត់ចែង ឬមានភាគហ៊ុនក្នុងកំពង់ផែរបស់ខ្លួន ជារឿងសំខាន់ក្នុងការពង្រីកការនាំចេញទៅកាន់ទីផ្សារបរទេស។
ការបើកដៃទទួលក្រុមហ៊ុនបែបនេះ ធ្វើឲ្យបស្ចិមប្រទេសរង្គៀសចិត្តយ៉ាងខ្លាំង ព្រោះអុីតាលី នឹងក្លាយជាសមាជិកមហាអំណាចសេដ្ឋកិច្ចទាំង៧ ទីមួយ និងជាប្រទេសធំមួយរបស់អឺរ៉ុបដែលគាំទ្រគម្រោងផ្លូវសូត្រសម័យថ្មីជាផ្លូវការ។ ទោះជាយ៉ាងនេះក្ដី នាយករដ្ឋមន្ត្រីអុីតាលី Giuseppe Conte ដែលនឹងជួបលោក ស៊ី នោះ បានធានារួចហើយពីការបន្តរក្សាគោលការណ៍តម្លាភាពក្នុងផ្នែកពាណិជ្ជកម្ម និងសន្តិសុខជាតិផងដែរ។
នៅថ្ងៃទី១៩ ខែមីនា មេដឹកនាំអុីតាលីរូបនេះនិយាយថា អនុស្សារណយោគយល់ជាមួយចិន មិនប៉ះពាល់ដល់សម្ព័ន្ធភាពអន្តរអាត្លង់ទិកឡើយ តែវាផ្ដល់ប្រយោជន៍ដល់អុីតាលី និងយុទ្ធសាស្ត្រអឺរ៉ុបផងដែរព្រោះអុីតាលីជារដ្ឋអឺរ៉ុបទីមួយចូលរួមជាមួយចិន។ លោក Conte បានលើកឡើងរួចហើយថា ការសហការជាមួយចិនលើការតភ្ជាប់នេះ ជាការបើកចំហឱកាសសម្រាប់ប្រព័ន្ធដឹកជញ្ជូនអ៊ីតាលីជាទីតាំងចែកចាយមួយសម្រាប់អឺរ៉ុបក្រោមគម្រោងផ្លូវសូត្រ៕
Tag:
អុីតាលី
ចិន
អឺរ៉ុប
BRI
© រក្សាសិទ្ធិដោយ thmeythmey.com