ជាតិ
ក្រសួង​វប្បធម៌ នឹង​ហៅ​ម្ចាស់​ផលិតកម្ម​ទាំងអស់​ទៅធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលួចចម្លង​ស្នាដៃ​
20, Mar 2019 , 9:39 pm        
រូបភាព
រូបផ្ដល់ឱ្យ
រូបផ្ដល់ឱ្យ
​ភ្នំពេញ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​កោះហៅ​គ្រប់​ផលិតកម្ម និង​បុគ្គល​មួយចំនួន មកជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដើម្បី​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលួចចម្លង​ស្នាដៃ ។ ករណីនេះ​ធ្វើឡើង​ក្រោយពី​ផលិតកម្ម និង​បុគ្គល​មួយចំនួន រឹតតែ​បង្ហាញ​ការ​មិនឱ្យ​តម្លៃ​ដល់​ស្នាដៃ​ដើម តាមរយៈ​ការយកទៅ​កាឡៃ​ក្នុង​អត្ថន័យ​ផ្សេងៗ​គ្នា​។

 
​លោក សុឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​និយាយថា ការលួចចម្លង​ស្នាដៃ​របស់​អ្នកនិពន្ធ​មាន​ច្រើន​ករណី​ណាស់​មកហើយ ដោយ​បន្ត​យ៉ាង​គឃ្លើន និង​គ្មាន​ការអៀនខ្មាស​។ ដោយសារ​ករណី​លួច​ចម្លង​ស្នាដៃ​នេះ ចេះតែ​បន្ត​កើតឡើង​មិន​ឈប់ ទើបបានជា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គ្រោង​ហៅ​គ្រប់​ផលិតកម្ម និង​បុគ្គល​មួយចំនួន​ដែល​ពាក់ព័ន្ធ​ករណីនេះ មក​អប់រំ​ណែនាំ រួមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​រាល់​ការចម្លង​ស្នាដៃ​ដោយ​គ្មាន​ការអនុញ្ញាត​។​
 
​ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល​រូបនេះ បាន​បន្ថែមថា កន្លងមក​ក្រសួងសាមី​ធ្លាប់បាន​អប់រំ​ណែនាំ​ករណី​លួច​ចម្លង​ស្នាដៃ​នេះ តែ​មិនមាន​ការយកចិត្តទុកដាក់​អនុវត្ត​នោះឡើយ ហើយ​លើក​នេះ​នឹង​អប់​រំជា​ទ្រង់ទ្រាយ​ធំ ដោយ​នឹងធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលួចចម្លង​ស្នាដៃ​ផងដែរ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey លោក សុឹម សត្តា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​មកពី​ប្រពន្ធ​លោ​កគ​ង្គ ប៊ុន​ឈឿន ដែល​ទើប​មកប្ដឹង​ក្រសួង​ទេ តែ​ក្រសួង​បានធ្វើ​រឿង​(​ដោះស្រាយ​បញ្ហា​លួច​ស្នាដៃ​)​នេះ​ជារឿយៗ​យូរ​ឆ្នាំ​ហើយ តែ​(​ខាង​ផលិតកម្ម​)​នៅតែ​ព្រងើយកន្តើយ ប្រៀបបាន​នឹង​ការ​វែក​ចក​។ គាត់​បាន​យក​ស្នាដៃ​ដែល​គ្រប់គ្រង​ដោយ​ក្រសួង និង​គ្រប់គ្រង​ដោយ​ម្ចាស់​កម្មសិទ្ធិ គាត់​យកទៅ​ប្រើប្រាស់​ក្នុងន័យ​អាជីវកម្ម ដោយ​គ្មាន​ការអនុញ្ញាត​។ យើង​អាច​និយាយបានថា​ការប្រើប្រាស់​នេះ ទៅជា​អនាធិបតេយ្យ​។ ខាងយើង​កំពុង​ស្នើសុំ​គោល​ការ​ដើម្បី​ហៅ​ផលិតកម្ម និង​បុគ្គល​មួយចំនួន​មក​អប់រំ​។ នេះ​អាច​និយាយបានថា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ដល់ពេល​នោះ​យើង​នឹងធ្វើ​សេចក្ដីជូនដំណឹង​ដល់​អ្នកសារព័ត៌មាន ដើម្បី​មក​យក​ព័ត៌មាន​»​។​
 
​ស្នាដៃ​ដែល​មិនបាន​ផ្ទេរ​បណ្ដាំមរតក​សាស្ត្រ ឬ​រាល់​ស្នាដៃ​ដែល​មិនទាន់បាន​ចុះបញ្ជី​ម្ចាស់​កម្ម​សិទ្ធ គឺ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​។ ដូច្នេះ​បើទោះបីជា​ស្នាដៃ ដែលមាន​កម្មសិទ្ធិបញ្ញា ឬ​មិនទាន់​មានកម្ម​សិទ្ធ​បញ្ញា​ក្ដី ក៏​មិនអាច​អនុញ្ញាត​ឲ្យ​ផលិតកម្ម ឬ​បុគ្គល​ណាមួយ​យកទៅ​កាឡៃ​ដោយ​គ្មាន​សុំច្បាប់​ត្រឹមត្រូវ ក្នុងន័យ​ធ្វើ​អាជីវកម្ម​នឹងត្រូវ​មានទោស​។ នេះ​បើតាម​លោក សុឹម សត្តា​។   
 
 
​យោងតាម​មាត្រា​នៃ​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល ស្ដីពី​ការរំលោភ​កម្មសិទ្ធិបញ្ញា រាល់​បទល្មើស​ដែល​ផលិត​ឡើងវិញ សម្ដែង​ឡើយ​វិញ ផលិត​បន្ត ឬ​យកទៅ​ធ្វើ​អ្វី​ផ្សេង ដោយ​មិនមាន​ការអនុញ្ញាត​ពី​អ្នកនិពន្ធ ឬ​ក្រសួងសាមី ត្រូវ​បង់ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ ២៥​លាន​រៀល ឬ​ជាប់ពន្ធ​ធនាគារ​ពី​៦​ខែ ទៅ ១២​ខែ​។ ក្នុងករណី​មិន​រាងចាល​នឹង​ផ្ដន្ទាទោស​ទ្វេដង​៕
 

Tag:
 ចម្រៀង​
  សិល្បៈ​
  ក្រសួង​វប្បធម៌​
  ផលិតកម្ម​
  កិច្ចសន្យា​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com