អន្តរជាតិ
លោក មហា​ធៀ ប្រាប់​ម្ចាស់​ក្រុមហ៊ុន​ថា បើ​ចំណេញ​ច្រើន គួរ​ដំឡើង​ប្រាក់ខែ​ដល់​បុគ្គលិក​
21, Mar 2019 , 8:39 am        
រូបភាព
ដោយ:
​ការអភិវឌ្ឍ​របស់​ប្រទេសមួយ ពុំ​អាច​កំណត់​បានឡើយ ត្រឹមតែ​មើលទៅ​លើ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​នោះ ប៉ុន្តែ​ក៏ត្រូវ​មើល​ទៅលើ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ដោយ​សង្កត់ធ្ងន់ថា  ម្ចាស់​ក្រុមហ៊ុន​គួរ​យកចិត្តទុកដាក់​លើ​បុគ្គលិក​ខ្លួន​ពាក់ព័ន្ធ​នឹង​ប្រាក់​បៀរ​វត្សរ៍ ប្រសិនបើ​ពួកគេ​រកប្រាក់​ចំណេញ​បាន​ច្រើន​នោះ​។​

 
​ថ្លែង​នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​មួយ​ឈ្មោះថា «​វិនិយោគ​ម៉ាឡេស៊ី ២០១៩» នៅ​ថ្ងៃទី​១៩ ខែមីនា លោក មហា​ធៀ មហាម៉ាត់ និយាយថា វា​មិន​យុត្តិធម៌​ឡើយ ប្រសិនបើ​ប្រាក់ខែ​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ក្រុមហ៊ុន​បន្ត​កើន​ឡើងជា​លំដាប់ ខណៈ​ប្រាក់ខែ​របស់​បុគ្គលិក​ធ​ម្ម​តា​នៅ​នឹងថ្កល់ ឬ​កើនឡើង​ក្នុង​បរិមាណ​តិចតួច​បំផុត​។ 
 
​នៅ​ចំពោះមុខ​ម្ចាស់​ក្រុមហ៊ុន និង​ប្រធាន​ចាត់ការ​ហិរញ្ញវត្ថុ​ទាំង​ក្នុងស្រុក និង​បរទេស​ប្រមាណ​ជាង​២​ពាន់​នាក់ នាយករដ្ឋមន្ត្រី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​គូសបញ្ជាក់ថា លោក​មិន​ចង់ឃើញ វិសមភាព​ក្នុងសង្គម​ម៉ាឡេស៊ី ដែល​ម្ចាស់​ក្រុមហ៊ុន​ទទួលបាន​ផលចំណេញ​ច្រើន​ពី​ប្រាក់ចំណូល​ជាតិ ហើយ​បន្សល់​ចំណែក​តិចតួច​បំផុត​ដល់​បុគ្គលិក​ដែល​ធ្វើការ​ឲ្យ​ពួកគេ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Star មេដឹកនាំ​ចាស់វស្សា​រូបនេះ និយាយថា​៖«​ខ្ញុំ​ស្នើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់​ចងចាំ​សម្តី​នេះ​នៅក្នុង​ចិត្ត​។ ផ្តល់​ប្រាក់ខែ​ឲ្យ​បាន​សមរម្យ​ដល់​បុគ្គលិក​របស់​អ្នក ប្រសិនបើ​អ្នក​រកចំណូលបាន​ច្រើន​នោះ​»​។ ត្រង់ចំណុច​នេះ លោក​កត់សម្គាល់ថា ប្រាក់ខែ​របស់​នាយក​ប្រតិបត្តិ​កើន​ឡើងជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​បុគ្គលិក​វិញ​ឡើង​យឺតៗ ទោះជា​ក្រុមហ៊ុន​មាន​ភាពជឿនលឿន​ក៏ដោយ​ក្តី​។​
 
​ទ​ន្ទឺ​ម​នឹង​គ្នា​នេះ លោក​មហា​ធៀ ក៏​បង្ហាញ​ក្តីកង្វល់​ជុំវិញ​កំណើន​នៃ​គម្លាត​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ ដោយ​អះអាងថា ប្រសិនបើ​បញ្ហា​នេះ​ពុំ​ត្រូវបាន​ត្រួតពិនិត្យ និង​ដោះស្រាយ​នោះទេ វា​អាច​បង្ក​ជា​ភាព​តានតឹង​និង​អរិភាព​ក្នុងសង្គម ហើយ​ចុងក្រោយ​អាចឈាន​ដល់​ការប្រឈមមុខ​ដាក់គ្នា​ក្នុងចំណោម​ប្រជាជន​ម៉ាឡេស៊ី​តែម្តង​។ ក្នុងន័យនេះ លោក​បកស្រាយ​ថា​៖«​យើង​មិន​អាចមាន​មនុស្ស​មួយក្រុម​ទទួលជោគជ័យ និង​គ្រប់គ្រង​ផ្តាច់មុខ​លើ​អ្វីៗ​ទាំងអស់ ខណៈ​អ្នក​ដទៃទៀត​ដើរ​យឺតៗ​នៅ​ពីក្រោយ​នោះទេ​។ គម្លាត​រវាង​មនុស្ស​ទាំងពីរ​ក្រុម​នេះ ត្រូវតែ​បង្រួម​ឲ្យ​តូច​បំផុត​»​។ 
 
​យ៉ាងណាមិញ ​ក្នុង​វេទិកា​ខាងលើ​ដដែល​នេះ លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ និយាយទៀតថា យុវជន​ម៉ាឡេស៊ី ត្រូវតែ​ដឹង​ឲ្យ​ច្បាស់​ថា ប្រសិនបើ​ពួកគេ​ចង់បាន​ប្រាក់ខែ​ខ្ពស់ ពួកគេ​ចាំបាច់​ត្រូវតែមាន​ភាព​សកម្ម​ក្នុង​ការងារ និង​ទទួលបាន​លទ្ធផល​ការងារ​ល្អ​។ ដើម្បី​សម្រេច​ជោគជ័យ​ក្នុង​រឿងនេះ យុវជន​ត្រូវមាន​ចំណេះដឹង​ជ្រៅជ្រះ និង​ការហ្វឹកហាត់​ខ្ពស់ ហើយ​ជាពិសេស​ពួកគេ​មិនត្រូវ​ខ្ចិ​ល​ច្រអូស​នោះទេ​៕ 
 

Tag:
 មហា​ធៀ​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com