អន្តរជាតិ
ព្រាប​នាំសារ​មួយ​របស់​បែលហ្ស៊ិក​លក់​បាន​ក្នុងតម្លៃ​ជាង​១,៤​លាន​ដុល្លារ​អាមេរិក​
20, Mar 2019 , 5:37 pm        
រូបភាព
ដោយ: ធីតា
​ព្រាប​នាំសារ​មួយ​របស់​បែលហ្ស៊ិក លក់ដាច់​ក្នុងតម្លៃ​ជាង​១,២៥​លាន​អឺរ៉ូ (​ជាង​១,៤​លាន​ដុល្លារ​អាមេរិក​) ក្នុងការ​ប្រកួត​ដេញថ្លៃ​អន​ឡាញ​មួយ ដែល​រៀបចំ​ភ្នាក់ងារ​ជំនាញ Pigeon Paradise (Pipa) កាលពី​ថ្ងៃទី​១៧ ខែមីនា កន្លងមក​។ បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Belga នេះ​ជាត​ម្លៃ​ដែល​លក់​បានជា​កំណត់ត្រា​នៅលើ​ពិភពលោក​។

 
​ព្រាប​ឈ្មោល​ឈ្មោះ Armando ត្រូវបាន​ចិញ្ចឹម​បីបាច់​ថែរក្សា​ដោយ​លោក Joel Vershoot ដែលជា​អ្នក​ចិញ្ចឹម​ព្រាប​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​បែលហ្ស៊ិក​។ គេហទំព័រ​របស់  Pipa មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នកទិញ​នោះឡើយ ប៉ុន្តែ​បើតាម​ប្រភព​នានា ម្ចាស់​ថ្មី​របស់ Armando គឺជា​ជនជាតិ​ចិន​ម្នាក់ ដែល​ទិញ​វា​ដើម្បី​បង្កាត់​ពូជ ។​
 
 
​ពិធី​ប្រកួតប្រណាំង​ព្រាប​នាំសារ​ចម្ងាយ​ឆ្ងាយ​នៅ​បែលហ្ស៊ិក ហូ​ឡង់ ក៏ដូចជា​នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង មិនសូវ​ពេញនិយម​ដូច​មុន​ទៀតឡើយ ប៉ុន្តែ​នៅ​តំបន់​អាស៊ី ជាពិសេស​នៅ​ប្រទេស​ចិន ដូច្នេះ​ព្រាប​នៅតែ​លក់បាន​ក្នុងតម្លៃ​កប់​ពពក​។​
 
​បើតាម Pipa ព្រាប​ដែល​លក់បាន​តម្លៃ​ខ្ពស់​កន្លែង​មាន ព្រាប​ឈ្មោះ New Bliksem ដោយមាន​អ្នក​ចិញ្ចឹម​ឈ្មោះ Gaby Vandenabeele ដែលជា​ជនជាតិ​បែលហ្ស៊ិក​ផងដែរ​។ វា​លក់បាន​ក្នុងតម្លៃ ៣៧៦ ០០០​អឺរ៉ូ (​ជាង​៤២​ម៉ឺន​ដុល្លារ​អាមេរិក​)​។ កាលពី​ឆ្នាំ​២០១២ មហាសេដ្ឋី​ចិន​ឈ្មោះ Hu Zhen Yu បាន​ទិញ​ព្រាប Special Blue ក្នុងតម្លៃ​២៥០ ០០០​អឺរ៉ូ (​ជាង​២៨​ម៉ឺន​ដុល្លារ​អាមេរិក​) ផងដែរ​។​
 
​ក្រៅពី Armando គ្រួសារ Verschoot លក់​ព្រាប​សរុប​បាន​១៧៨​ក្បាល ដែលមាន​ចំណូល​ប្រមាណ​២​លាន​អឺរ៉ូ​។ Armando ត្រូវ​ចាត់ទុកជា​ព្រាប​ដែលមាន​កំណត់ត្រា​ហើរ​ឆ្ងាយ​ជាងគេ​បំផុត​ពោលគឺ​ដល់​រាប់រយ​គីឡូម៉ែត្រ​។ នេះ​បើ​យោងតាម Pipa៕
 

Tag:
 ​ព្រាប​នាំសារ
© រក្សាសិទ្ធិដោយ thmeythmey.com