កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េទាំងពីររួមគ្នាប្រជែងធ្វើម្ចាស់ផ្ទះ World Cup 2023 នារី ជាមួយ៨ប្រទេសទៀត
× កូរ៉េខាងជើង-កូរ៉េខាងត្បូង ស្ថិតក្នុងចំណោមប្រទេសទាំង៩ ដែលបានប្រាប់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) សុំសិទ្ធិដឹកនាំធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក World Cup ផ្នែកនារី ឆ្នាំ២០២៣។
ក្រៅពីកូរ៉េទាំងពីរដែលរួមគ្នាតែមួយ ប្រទេស៨ផ្សេងទៀតដែលបានប្រាប់ទៅ FIFA ជាផ្លួវការនោះមានដូចជា អាហ្សង់ទីន អូស្ត្រាលី បូលីវី ប្រេស៊ីល កូឡុំប៊ី ជប៉ុន នូវែលសេឡង់ និងអាហ្វ្រិកខាងត្បូង។
FIFA ដែលជាក្បាលម៉ាស៊ីនគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកបានប្រាប់ទៅកាន់សមាគមកីឡាបាល់ទាត់នីមួយៗថា ពួកគេមានពេលរហូតដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០១៩ ដើម្បីដាក់ពាក្យដេញថ្លៃ។
«FIFA នឹងអនុវត្តដំណើរការដេញថ្លៃនេះដោយយុត្តិធម៌និងតម្លាភាពបំផុត ហើយក្នុងនោះក៏មានការវាយតម្លៃច្បាស់លាស់ទៅលើសមត្ថភាពរបស់ប្រទេសនីមួយៗ»។ នេះជាការបញ្ជាក់របស់ FIFA អំពីជំហរអព្យាក្រិតរបស់ខ្លួន។
លើសពីនេះទៀតនោះ FIFA ក៏នឹងបង្ហាញលទ្ធផលនៃសន្លឹកឆ្នោតនីមួយៗ និងសន្លឹកឆ្នោតដែលទាក់ទងដោយបើកចំហជាសាធារណៈតែម្តង។
អង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះជើងឯកក្របខណ្ឌអឺរ៉ុបផ្នែកនារី European Women ឆ្នាំ២០២១។ រីឯការប្រកួត World Cup 2019 នារី បារាំងបានសិទ្ធិដឹកនាំធ្វើម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដាខាងមុខ៕
Tag:
FIFA World Cup
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com