កីឡាអន្តរជាតិ
អន្តរជាតិ
PSG ថ្កោលទោស Evra ដែលថាកីឡាករខ្លួនលេងដូចខ្ទើយក្រោយចាញ់ Man Utd
× Paris Saint-Germain បានថ្កោលទោសឥរិយាបថ និងការនិយាយស្តីមិនសមរម្យរបស់ Patrice Evra បន្ទាប់អតីតប្រធានក្រុមជម្រើសជាតិបារាំងរូបនេះបានប្រដូចក្រុមមានមូលដ្ឋានក្នុងក្រុងប៉ារីសនេះទៅនឹង «ខ្ទើយមួយក្រុម»។
ភាពតានតឹងបានផ្តើមឡើងនៅពេល Evra បង្ហោះវីដេអូមួយលើបណ្តាញសង្គម Instagram ដែលមានអ្នក Follow ខ្លួនដល់ទៅ ៥,៨លាននាក់។ វីដេអូនោះ គឺបង្ហាញពីការអបអរជ័យជម្នៈរបស់ Manchester United ដែលទម្លាក់ PSG ដោយលទ្ធផល ៣-១ ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុម Champions League នៅឯកីឡដ្ឋាន Le Parc des Princes ក្នុងក្រុងប៉ារីស។
វីដេអូនេះ បានទាក់ទាញការរិះគន់ពីអតីតកីឡាករ PSG និងពិធីករទូរទស្សន៍កីឡាលោក Jerome Rothen ដែលជាអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង និង Monaco របស់ Evra ផង។ ការរិះគន់ទាំងនោះ ត្រូវបាន Evra អតីតខ្សែការពារឆ្នើម Man Utd ឆ្លើយតបដោយគំរាមទៅលោក Rothen ថា «ត្រូវមុខមួយដៃឥឡូវហើយ!»។
លើសពីនេះ អតីតសមាជិក Juventus វ័យ៣៧ឆ្នាំនេះ ថែមទាំងប្រដូចការលេងរបស់ក្រុមយក្សបារាំង PSG ទៅនឹងខ្ទើយមួយក្រុម បើទោះពួកគេនាំមុខ២គ្រាប់លើក្រុម Man Utd កាលពីជើងទី១រួចទៅហើយនោះ។
ឥរិយាបទនិងការនិយាយស្តីមិនសមរម្យបែបនេះ បាននាំឲ្យម្ចាស់ជើងឯក Ligue 1 ចេញសេចក្តីថ្លែងការថ្កោលទៅ Evra នៅថ្ងៃទី១៩ ខែមីនាដោយរៀបរាប់ថា៖«យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រមាថរបស់លោក Patrice Evra ដែលសំដៅលើយើង និងអតីតកីឡាកររបស់យើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»។
Evra ដែលបានបង្ហាញខ្លួនឲ្យ Man Utd ចំនួន៣៧៩ប្រកួត និងជម្រើសជាតិ ៨១ដង ធ្លាប់មានប្រវត្តិបង្ករឿងក្នុងការធ្វើកូដកម្មជាមួយក្រុមជម្រើសជាតិបារាំងអំឡុងការប្រកួត World Cup ឆ្នាំ២០១០ផង៕
Tag:
បាល់ទាត់
PSG
Patrice Evra
© រក្សាសិទ្ធិដោយ thmeythmey.com