ភ្នំពេញ៖ បាត់ប្រាក់ចំណូលប្រចាំថ្ងៃយ៉ាងតិចក៏ពី៦០ទៅ៧០ភាគរយដែរ។ នេះជាការត្អែញត្អែររបស់អាជីវករនៅផ្សារទូលទំពូង និងកន្លែងប្រកបអាជីវកម្មផ្សេងទៀតក្នុងរាជធានីភ្នំពេញ នៅពេលដែលសារព័ត៌មាន ThmeyThmey ទៅសាកសួរ ខណៈពួកគាត់កំពុងរង់ចាំពន្លឺអគ្គិសនី។ អាជីវករទាំងនោះ មានដូចជាអ្នកលក់សម្លៀកបំពាក់ក្នុងផ្សារ អ្នកលក់ទឹកអំពៅ កាហ្វេ និងអាជីវករបោកអ៊ុត ជាដើម។
«ពេលមានភ្លើងធម្មតា ខ្ញុំលក់បានក្នុងរង្វង់៣០០ដុល្លារក្នុង១ថ្ងៃ ប៉ុន្តែរយៈពេលដែលដាច់ភ្លើងមួយថ្ងៃព្រឹក មួយថ្ងៃល្ងាចនេះ ខ្ញុំរកបានតែពី៤០ ទៅ ៥០ដុល្លារប៉ុណ្ណោះ»។ នេះជាការតម្អូញរបស់អ្នកស្រី ឡាត សំណាង អាជីវករលក់សម្លៀកបំពាក់ម្នាក់នៅក្នុងផ្សារទួលទំពូង។
កំពុងមមាញឹករៀបខោអាវម៉ូតស្អាតដាក់ខាងលើដើម្បីទាក់ទាញអតិថិជន អាជីវករវ័យជាង៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា ៤ថ្ងៃហើយ ដែលគាត់រង់ចាំម៉ូយយ៉ាងរប៉េះរប៉ោះ ដោយសារភ្លើងអគ្គិសនីមិនទៀងទាត់។ គាត់បានបញ្ជាក់ថា ភ្លើងដែលមានគឺប្រើប្រាស់បានតែមួយព្រឹក ឬតែមួយល្ងាចទេ ក្នុងមួយថ្ងៃ។ ជាក់ស្តែងនៅថ្ងៃទី២០មីនា ផ្សារទូលទំពូងទាំងមូល មានភ្លើងប្រើប្រាស់នៅពេលព្រឹក និង បានដាច់ភ្លើងចាប់ពីម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច។
ស្ថានភាពមិនខុសគ្នានោះឡើយ សម្រាប់អ្នកស្រី នី សុគន្ធា ដែលជាអ្នកលក់វត្ថុអនុស្សាវរីយ៍។ ដោយក្តៅស្អុះស្អាប់ អតិថិជនជាទូទៅមិនអាចចូលតថ្លៃ ឬមើលទំនិញយូរនោះឡើយ ដោយពួកគាត់ទៅហួស មកហួស។
អ្នកស្រី សុគន្ធា ទទួលស្គាល់ពីបញ្ហាកង្វះអគ្គិសនីនៅភ្នំពេញ ក៏ដូចជានៅកម្ពុជាទាំងមូល ប៉ុន្តែគាត់មានកូនសំណូមពរមួយ។ អាជីវកររូបនេះ បានស្នើតាមរយៈ ThmeyThmey ថា៖ «បើផ្តាច់ភ្លើងអគ្គិសនីក្នុងផ្សារ សូមឲ្យផ្ដាច់ភ្លើងតែពេលព្រឹកបានហើយ ព្រោះជាទូទៅនៅចន្លោះម៉ោង១១ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាចហ្នឹង គឺម៉ោងពេញលក់ដាច់ខ្លាំងតែម្តង សម្រាប់អ្នកផ្សារ។ ដូចនេះបើល្អប្រសើរជាងដាច់ថ្ងៃ»។
គាត់ពន្យល់បន្ថែមថា ថ្វីដ្បិតអាជីវករនីមួយៗក្នុងផ្សារ មានអំពូលភ្លើងសម្រាប់បំភ្លឺតូបលក់របស់ខ្លួនក៏ពិតមែន ប៉ុន្តែវាមិនអាចឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវ ដែលចូលផ្សារមកទិញទំនិញនោះទេ។ ព្រោះវាមានភាពងងឹតក្នុងផ្សារ ក្តៅ និងហប់ជាដើម។ កាលណាមានភាពងងឹតក្នុងផ្សារគឺគ្មានមកចូលទិញអ្វីទេ។
ងាកទៅអ្នកលក់កាហ្វេដែលប្រើម៉ាស៊ីនឆុងវិញ គ្មានភ្លើងគឺស្មើនឹងគ្មានលុយចូលហោប៉ៅ។ លោក ម៉ន សុខុន ដែលប្រកបរបរនេះនៅជិតវិទ្យាល័យផ្សារដើមថ្កូវ បញ្ជាក់ថា កាហ្វេរបស់លោកជាទូទៅគឺលក់ដាច់នៅពេលព្រឹក ប៉ុន្តែភ្លើងដាច់ចំម៉ោងមាសនេះតែម្តង។
លោករៀបរាប់ថា៖ «រយៈពេលចុងក្រោយនេះ ខ្ញុំលក់កាហ្វេបានតែពី៣០ទៅ៥០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតែអគ្គិសនីមិនទៀងទាត់។ ជាទូទៅបើមានភ្លើងធម្មតា គ្រាន់តែមួយព្រឹក ខ្ញុំអាចរកចំណូលបានច្រើនជាងនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក សុខុន អាចបន្តរកបានចំណូលតក់ៗ តាមរយៈការលក់កាហ្វេទឹកដោះគោ កាហ្វេទឹកកក និងកាហ្វេមួយចំនួនដែលប្រើដៃ ប៉ុន្តែលោកមិនអាចបំពេញតម្រូវការភ្ញៀវដែលកុម្ម៉ង់ Hot Americano, Ice Cappucccino ឬឡាត់តេនោះឡើយ។
ប្រសិនបើបច្ចេកវិទ្យាមិនទំនើបទេនោះ អ្នកស្រី នាង សុផា ប្រហែលជាមិនមានបញ្ហាអាជីវកម្មរបស់ខ្លួននោះឡើយ។ លក់ទឹកអំពៅនៅទល់មុខវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល១២ឆ្នាំ អ្នកស្រី សុផា បានប្តូរពីឧបករណ៍កិនទឹកអំពៅដោយប្រើដៃទៅជាម៉ាស៊ីនកិនដែលប្រើអគ្គិសនី។
ភ្លើងមិនទៀងទាត់ ស្ត្រីរូបនេះ សុខចិត្តផ្អាកអាជីវកម្មរបស់ខ្លួនតែម្តង។ គាត់បញ្ជាក់ថា៖ «ពេលដាច់ភ្លើងម្តងៗខ្ញុំមិនបានលក់ដូរទេ ព្រោះគ្មានកម្លាំងដៃកៀប ដោយម៉ាស៊ីននោះវាតឹង និងពិបាកកៀបខ្លាំង»។
បើតាមស្រី្តចំណាស់រូបនេះ ក្នុងរយៈពេលដាច់ភ្លើងដាច់ជិតមួយសប្តាហ៍មកនេះ អ្នកស្រី លក់ទឹកអំពៅបាន ឬអស់ជិត២បាច់ប៉ុណ្ណោះ ធៀបនឹងថ្ងៃដែលបានប្រើប្រាស់ពេញលេញវិញ អាចលក់បានជិត៤បាច់ក្នុងមួយថ្ងៃ។
កាន់តែងងឹតមុខឈឹងសម្រាប់អ្នកស្រី សេង ប៉ូលីស អាជីវកម្មបោកអ៊ុតសម្លៀកបំពាក់ នៅក្បែរវិទ្យាស្ថានវ៉ាន់ដា ដូចគ្នា។ ការដាច់ភ្លើងនេះ បានធ្វើឱ្យកកស្ទះចរន្តការងារដែលភ្ញៀវយកខោអាវមកបោកអ៊ុត ហើយការកកស្ទះការងារនេះ បាននាំឱ្យអ្នកស្រីបាត់ប្រាក់ចំណូលប្រចាំថ្ងៃ រហូតជិត៧០ភាគរយផងដែរ។
អ្នកស្រី សេង ប៉ូ លីស បានអះអាងដូច្នេ៖« ពេលដាច់ភ្លើងអស់៥-៦ថ្ងៃកន្លងមកនេះ ជាមធ្យមខ្ញុំអាចរកចំណូលពីអាជីវកម្មខ្ញុំបានត្រឹម២៥ ទៅ៤០ដុល្លារ បើប្រៀបធៀបទៅនឹងថ្ងៃដែលមានភ្លើងប្រើប្រាស់បានគ្រប់គ្រាន់ ខ្ញុំអាចរកចំណូលបាន១០០ទៅ១២០ដុល្លារក្នុងមួយថ្ងៃ»។
យោងតាមសេចក្តីជូនដំណឹងអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១៨មីនា ចរន្តអគ្គសនីនេះ បានកាត់បន្ថយការផ្គត់ផ្គង់នៅពេលថ្ងៃរហូតដល់ចុងខែឧសភា ឆ្នាំ២០១៩ ដើម្បីរក្សាការផ្គត់ផ្គង់ពេលយប់។ យ៉ាងណា អគ្គិសនីកម្ពុជា លើកឡើងថា ថ្ងៃបុណ្យជាតិ និងថ្ងៃអាទិត្យ ត្រូវបានរក្សាការផ្គត់ផ្គង់អគ្គិសនីជាធម្មតា។
ខណៈកំពុងសិក្សារកប្រភពផ្គត់ផ្គង់អគ្គិសនីបន្ថែមទៀត ស្ថាប័នរដ្ឋាភិបាលក៏ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមសន្សំសំចៃក្នុងការប្រើប្រាស់អគ្គិសនីផងដែរ៕