ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន បង្អាប់លោក សម រង្ស៊ី ថាជាមេដឹកនាំអន់បំផុត ដែលឲ្យគេបំបែកបាន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនចង់ឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ទៀតទេ ប៉ុន្តែដោយសារពិបាកទ្រាំនឹងលោក សម រង្ស៊ី ដែលចោទថា គណបក្សប្រជាជនកម្ពុជា ជាពិសេសម្តេចផ្ទាល់តែម្តង ថាព្យាយាមបំបែកបំបាក់អតីតគណបក្សប្រឆាំង សម្តេច ក៏ត្រូវបង្ខំចិត្តចេញមកបកស្រាយ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារថា ប្រសិនបើអតីតគណបក្សប្រឆាំង ពិតជាត្រូវបែកបាក់ ដោយសារតែគេបំបែកមែន គឺលោក សម រង្ស៊ី ដែលត្រូវទទួលខុសត្រូវធំជាងគេ ព្រោះលោក ជាមេដឹកនាំ ហើយវា ក៏បង្ហាញដែរថា លោកអសមត្ថភាពក្នុងការគ្រប់គ្រងគណបក្ស។
សម្តេចនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩
ប្រធានគណបក្សកាន់អំណាច បានចំអកឲ្យលោក សម រង្ស៊ី ថា មិនសមធ្វើជាមេដឹកនាំទេ បើឲ្យគេបំបែកបាន។ មេដឹកនាំគណបក្សកាន់អំណាចរូបនេះ បន្តុះបង្អាប់លោក សម រង្ស៊ី យ៉ាងដូច្នេះថា៖«អ្នកជាមេដឹកនាំអន់បំផុតហើយ ដែលធ្វើជាមេដឹកនាំ ហើយបណ្តោយឲ្យគេបំបែកបាន»។
សម្តេចនាយករដ្ឋមន្ត្រី បន្តថា លោក សម រង្ស៊ី និងថ្នាក់ដឹកនាំដទៃទៀតនៃអតីតគណបក្សប្រឆាំង កំពុងតែបន្តុះបង្អាប់ខ្លួនឯង នៅពេលពួកគេ លើកឡើងថា ពួកគេត្រូវបានគណបក្សកាន់អំណាចបំបែកបំបាក់។ សម្តេចនាយក បន្ថែមថា លោក សម រង្ស៊ី មិនអាចដឹកនាំប្រទេសបានទេ បើសូម្បីតែគណបក្ស លោក ក៏មិនអាចគ្រប់គ្រងបានផង ដោយទុកឲ្យគេបំបែកបំបាក់ក់បែបនេះ។
លើសពីនេះ ប្រមុខរដ្ឋាភិបាល ក៏ឆ្លៀតដាស់តឿនលោក សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងជាថ្មី កុំឲ្យលាបពណ៌គ្នាឯង ដែលធ្វើសំណើសុំសិទ្ធិនយោបាយ ថាលក់ខ្លួន-លក់ឧត្តមគតិឲ្យគណបក្សប្រជាជនកម្ពុជា។ ប្រមុខរដ្ឋាភិបាល ប្រាប់ទៅលោក សម រង្ស៊ី ថា គួរទុកសេរីភាពឲ្យសហការីខ្លួន សម្រេចចិត្តដោយខ្លួនឯង ដោយមិនត្រូវរារាំងពួកគេឡើយ។
សំឡេងនាយករដ្ឋមន្ត្រី៖
លោក សម រង្ស៊ី បានចាត់ទុកថាជាជនក្បត់បក្ស បើអតីតថ្នាក់ដឹកនាំបក្សប្រឆាំងរូបណា ទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាល ហើយលោក ថែមទាំងចាត់ទុក ការស្នើសុំសិទ្ធិនយោបាយ ថាដូចគាំទ្រសម្តេចនាយករដ្ឋមន្ត្រី ឲ្យបន្តឃុំលោក កឹម សុខា។ លោក បានចោទថា សម្តេចនាយករដ្ឋមន្ត្រី បានព្យាយាមអូសទាញនិងទិញអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីឲ្យពួកគេធ្វើសំណើសុំសិទ្ធិនយោបាយ ដែលលោក ហៅយុទ្ធសាស្ត្រនេះ ជាការបំបែកបំបាក់គណបក្សប្រឆាំង។
លោក សម រង្ស៊ី ក៏បានចោទសម្តេចនាយករដ្ឋមន្ត្រីផងដែរ ថាមានចេតនាបំបែកលោក និងលោក កឹម សុខា។ លោក បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែមីនា ថា៖«[....] លោក កឹម សុខា នៅតែស្មោះត្រង់ជាមួយប្រជារាស្ត្រ និងជាមួយគណបក្សសង្គ្រោះជាតិជានិច្ច ពីព្រោះលោក យល់ថា លោក ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោ ហើយចង់គេចផុតពីសម្ពាធអន្តរជាតិ ដែលបង្ខំឲ្យគាត់ដោះលែងរូបលោក និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ដោយសារតែលោក ហ៊ុន សែន កំពុងតែភ័យស្លន់ស្លោនេះហើយ បានជាគាត់ដើរភូតកុហកគេឯងថា លោក កឹម សុខា ចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញពីគាត់។ [....]។
មកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង៩នាក់ហើយ ដែលទទួលបានសិទ្ធិនយោបាយវិញ បន្ទាប់ពីពួកគេស្នើសុំ។ អ្នកទាំងនោះ រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ឹម សុវណ្ណនី លោក រៀល ខេមរិន្ទ្រ លោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ លោក ជីវ កក្តា លោក ច័ន្ទ សិលា និង អ្នកស្រី ទេព សុទ្ធី។ អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងអស់ មាន១១៨នាក់ ដែលត្រូវបានតុលាការកំពូលបិទសិទ្ធិមិនឲ្យធ្វើនយោបាយ៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com