កីឡាអន្តរជាតិ
អន្តរជាតិ
Bolton ប្រកាស​លក់​ក្លិប ព្រោះ​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ និង​ជំពាក់​ពន្ធ​រដ្ឋ​ជាង​១​លាន​ដុល្លារ
21, Mar 2019 , 11:59 am        
រូបភាព
​ក្លិប Bolton Wanderers នៃ​ក្របខណ្ឌ Championship មានឱកាស​ពីរ​សប្តាហ៍​ទៀត​គិត​ចាប់ពី​ថ្ងៃទី​២០ ខែមីនា​តទៅ ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​និង​ការបង់ពន្ធ​របស់​ពួកគេ​។​



​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​លី​គ​លំដាប់​ទី​២​អង់គ្លេស​នេះ​កំពុងមាន​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ដោយបាន​ប្រកាស​ដាក់លក់​ក្លិប ព្រមទាំង​បានបង្ហាញ​ខ្លួន​ក្នុង​តុលាការ​កំពូល​ជុំវិញ​វិក័យប័ត្រ​បង់ពន្ធ​ចំនួន ១,៥៩​លាន​ដុល្លារ​អាមេរិក​ទៀតផង​។​
 
​ជុំវិញ​បញ្ហា​ខាងលើ ត្រូវបាន​គេ​យល់ថា​ម្ចាស់​ក្លិប Bolton លោក Ken Anderson បាន​យល់ព្រម​លក្ខខណ្ឌ​ជាមួយ​អ្នកទិញ​ដែល​នឹង​សងបំណុល​របស់​ក្លិប​ជំនួស ហើយ​សវនាការ​ទាក់ទង​ការបង់ពន្ធ​ក៏ត្រូវ​ពន្យារពេល​រហូតដល់​ថ្ងៃទី​៣ ខែមេសា​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​និយាយថា​៖«​យើង​រីករាយ​ណាស់​ក្នុង​ការទទួល​បានការ​ពន្យារពេល​នៅថ្ងៃនេះ​ដើម្បី​អនុញ្ញាត​ឲ្យ​ក្លិប​ងាយស្រួល​ចរចា​ជាមួយ​ភាគី​ដែល​ចាប់អារម្មណ៍​ចង់​ទិញ​ក្លិប​របស់​យើង​»​។​
 
​បើតាម​ការផ្សាយ​របស់ BBC កាលពី​ថ្ងៃទី​១៩ ខែមីនា​ក្លិប Bolton បានបញ្ជាក់​ពី​ការពិភាក្សា​ជាមួយ​អ្នក​ចាប់អារម្មណ៍​ទិញ​ក្លិប​របស់​ពួកគេ​មួយ​ផ្សេងទៀត ដែល​ត្រូវបាន​គេ​ជឿថា​ជា​ក្រុមហ៊ុន​មួយ​មាន​ឈ្មោះថា Football Ventures​។​
 
Bolton ដែល​បច្ចុប្បន្ន​ស្ថិតក្នុង​តំបន់​ត្រូវ​កាត់ចោល​ពី​ក្របខណ្ឌ Championship មាន​រយៈពេល ១៤​ថ្ងៃ ដើម្បី​បញ្ចប់​ការផ្លាស់ប្តូរ​ម្ចាស់​ក្លិប​ថ្មី និង​ដោះស្រាយ​បំណុល​ឲ្យ​បាន​រួចរាល់ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​ប្រឈម​ចំពោះមុខ​ច្បាប់​ផ្នែក​រដ្ឋបាល និង​ការ​កាត់​១២​ពិន្ទុ​នៅ​រដូវ​កាល​ក្រោយ​ទៀតផង​។​
 
​ក្លិប​នៅ​អង់គ្លេស​ដែល​ធ្លាប់មាន​បញ្ហា​កន្លងមក​រួមមាន Aldershot (​ខែ​ឩ​សភា ឆ្នាំ​២០១៣) Coventry (​ខែមីនា ឆ្នាំ​២០១៣) Port Vale (​ខែមីនា ឆ្នាំ​២០១២) Portsmouth (​ខែកុម្ភៈ ឆ្នាំ​២០១២) Plymouth (​ខែមីនា ឆ្នាំ​២០១១)៕

Tag:
 បាល់ទាត់​
  Bolton Wanderers
© រក្សាសិទ្ធិដោយ thmeythmey.com