អន្តរជាតិ
អ្នកជំនាញ​៖«​អង់គ្លេស​ប្រឈម​វិបត្តិ​ខ្វះ​ទឹក​ក្នុងពេល​២០​ឆ្នាំ​ទៀត ឯ​ប្រជាជន​ត្រូវ​ឈប់​ខ្ជះខ្ជាយ​ទឹក​»​
21, Mar 2019 , 12:29 pm        
រូបភាព
​ស្ថាប័ន​បរិស្ថាន​អង់គ្លេស​បាន​ព្រមាន​ពី​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​នៅ​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ខាងមុខនេះ​។ ស្ថាប័ន​នេះ​បាន​ដាស់តឿន​ឲ្យ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​សមស្រប និង​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ចាប់ផ្តើម​សន្សំសំចៃ​ទឹក និង​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដែល​អាច​ធ្វើបាន​។ 


 
​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ បូកផ្សំ​ជាមួយនឹង​កំណើនប្រជាជន​ធ្វើ​ឲ្យ​អង់គ្លេស​ប្រឈម​នឹង​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់​ធ្ងន់ធ្ងរ​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​ទីភ្នាក់ងារ​បរិស្ថាន​អង់គ្លេស James Bevan នៅក្នុង​សន្និសីទ​ស្តីពី បញ្ហា​ទឹក​នៅ​ទីក្រុង​ឡុង​ដ៍ សប្តាហ៍​នេះ​។ 
 
​បើតាម​សារព័ត៌មាន BCC ប្រធាន​ស្ថាប័ន​បរិស្ថាន​រូបនេះ​បាន​ព្រមាន​ថា វិបត្តិ​ខ្វះខាត​ទឹក​ដ៏​គ្រោះថ្នាក់​នឹង​អាច​កើតឡើង​ក្នុង​ចន្លោះ​ពី ២០ ទៅ ២៥​ឆ្នាំ​ខាងមុខ បើសិនជា​មិនមាន​វិធានការ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្លាស់ប្តូរ​របៀប​នៃ​ការប្រើប្រាស់​ទឹក​ទេនោះ​។ 
 
« ត្រឹម ២០ ទៅ ២៥​ឆ្នាំ​ទៀត​យើង​នឹង​ឈានដល់​ដំណាក់កាល​ដ៏​គ្រោះថ្នាក់​មួយ ដែល​យើង​នឹងមិន​មានទឹក​គ្រប់គ្រាន់​តាម​តម្រូវការ​»​។ អ្នកជំនាញ​រូបនេះ​បាន​សង្កត់ធ្ងន់​ដូច្នេះ​។ 
​បើតាម​ទិន្នន័យ​ផ្លូវការ​របស់​រដ្ឋាភិបាល​អង់គ្លេស បច្ចុប្បន្ននេះ ប្រជាជន​ម្នាក់ៗ​ប្រើប្រាស់​ទឹកជា​មធ្យម ១៤០​លីត្រ​ក្នុង​មួយថ្ងៃ​។ វា​ជាការ​ប្រើប្រាស់​មួយ​ក្នុង​កម្រិត​ខ្ពស់​ដែល​ចាំបាច់​ត្រូវមាន​ការកាត់បន្ថយ​ដើម្បី​ធានា​និរន្តរភាព​នៃ​ទឹក​។ 
 
​ជុំវិញ​អនាគត​នៃ​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​នេះ ប្រធាន​ទីភ្នាក់ងារ​បរិ​ស្ថាន​ខាងលើ​បានស្នើ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ចូលរួម​ធ្វើយ៉ាងណា​ដាក់ចេញ​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​វិបត្តិ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដ៏​គ្រោះថ្នាក់​នេះដែរ​។ 
 
​អ្វីដែល​សំខាន់​ជាង​នេះ​លោក James Bevan បាន​ទទូច​ឲ្យ​សាធារណជន​អង់គ្លេស​ចេះ​កែប្រែ​ឥរិយាបថ​ខ្លួន​ក្នុងការ​ប្រើប្រាស់​ទឹក​ដូចជា​ព្យាយាម​សន្សំសំចៃ​ទឹក និង​ប្រើប្រាស់​វា​ឲ្យ​មាន​ប្រសិទ្ធភាព​តាម​ដែល​អាច​ធ្វើបាន​។ ជាក់ស្តែង​លោក​ផ្តល់យោបល់​ឲ្យ​ប្រជាជន​អង់គ្លេស​កាត់បន្ថយ​បរិមាណ​ទឹក​ដែល​ខ្លួន​ប្រើប្រាស់​ប្រចាំថ្ងៃ​ពី ១៤០​លីត្រ មក​ត្រឹម ១០០​លីត្រ​វិញ​ជាពិសេស​បន្ថយ​រយៈពេល​ងូតទឹក សន្សំសំចៃ​ទឹក​លាងចាន​ឆ្នាំ ទឹក​ប្រើ​ក្នុង​បន្ទប់ទឹក និង​សកម្មភាព​ផ្សេងទៀត​ដែល​មិនចាំបាច់​។​
 
​ទាក់ទិន​នឹង​វិបត្តិ​ខ្វះ​ទឹក​ប្រើប្រាស់​នេះ អ្នកជំនាញ​ខាងលើ​យល់ឃើញថា វា​ជា​ពេលវេលា​ដែល​ត្រូវមាន​ការផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ​នៅ​អង់គ្លេស​ដូចជា​ការផ្លាស់ប្តូរ​ផ្សេងទៀត​កន្លងមក​ដែរ ដើម្បី​ធានា​អនាគត​របស់​ក្មេងជំនាន់ក្រោយ​។ លោក​លើក​ឧទាហរណ៍​ថា កាលពី​ប៉ុន្មាន​ឆ្នាំមុន ប្រជាជន​អង់គ្លេស​ចាប់ផ្តើម​ការផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ការជក់បារី និង​ការប្រើប្រាស់​ខ្សែក្រវាត់​ក្នុង​រថយន្ត​ជាដើម​។ ដូច្នេះ​វា​ជា​ពេលដែល​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​ការប្រើ​ទឹក​ដូចគ្នា​។​
 
«​ក្នុងពេល​ពីរ​ឆ្នាំមុន យើង​បាន​ផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ប្រើ​ប្លា​ស្ទិ​ក​។ យើង​ត្រូវការ​ឲ្យ​មានការ​យល់ឃើញថា ការ​ខ្ជះខ្ជាយ​ទឹក​ក៏​ជា​រឿង​មិនអាច​ទទួលយកបាន​ក្នុងសង្គម ដូចជា​យើង​ជក់បារី​នៅ​ពីមុខ​ក្មេង​តូចៗ ឬ​បោះ​សំរាម​ប្លា​ស្ទិ​ក​ចូល​សមុទ្រ​ដូចគ្នា​»៕
 

Tag:
 អង់គ្លេស​
 ​ទឹក​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com