អន្តរជាតិ
ប្រមុខការទូតហ្វីលីពីន សរសើររបៀបដឹកនាំបែបកុម្មុយនីស្តរបស់ចិន លោក Teodoro Locsin ចាប់ដៃលោក វ៉ាង យី នាជំនួបនៅប៉េកាំង។ (រូបភាព AFP)
× រដ្ឋមន្ត្រីការបរទេសហ្វីលីពីន Teodoro Locsin បាននិយាយលើកសរសើរបក្សកុម្មុយនីស្តចិន ដែលកំពុងដើរតួនាទីសំខាន់ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍ។ លោក Locsin ដែលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងអះអាងថា ចិនមិនដូចប្រទេសលោកខាងលិច ហើយបើគ្មានចិន បណ្ដាប្រទេសក្រីក្រក៏ងើបមុខមិនរួចដែរ។ សម្ដីសរសើររបស់ប្រមុខការទូតហ្វីលីពីន ជាសញ្ញាបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងគូជម្លោះដែនសមុទ្រចិនខាងត្បូង។
ប្រមុខការទូតហ្វីលីពីន Teodoro Locsin នៅថ្ងៃទី២០ ខែមីនា បានជួបជាមួយសមភាគីចិន វ៉ាង យី នៅរដ្ឋធានីប៉េកាំង។ ចំពោះមុខលោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនីស្តចិន លោក Locsin និយាយត្រង់ថា ប្រព័ន្ធដឹកនាំឯកបក្សរបស់ចិន បានផ្ដល់ឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍក្នុងជំរុញសេដ្ឋកិច្ចរបស់ពួកគេ ហើយចិនក៏បានលំនឹងដល់ប្រទេសទាំងនោះសម្រាប់ការរីកចម្រើនដែលលោកខាងលិចខ្វះខាត។
ក្នុងសន្និសីទសារព័ត៌មានជាមួយលោក វ៉ាង លោក Locsin ក៏លើកឡើងពីភាពខុសគ្នារវាងចិន និងបស្ចិមប្រទេសក្នុងទំនាក់ទំនងជាមួយប្រទេសក្រីក្រ និងរបៀបជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ក្នុងន័យលើកសរសើរចិន រដ្ឋមន្ត្រីការបរទេសហ្វីលីពីនរូបនេះបន្តថា ចិនមានបំណងងើបឡើងកាន់តែខ្ពស់ តែមិនមែនតាមការជាន់ឈ្លីប្រទេសផ្សេងទេ គឺងើបឡើងទាំងអស់គ្នា។ លើសពីនោះ បើគ្មានចិនសម័យថ្មីទេ ក៏គ្មានដែរឱកាសសម្រាប់ប្រទេសកំពុងអភិវឌ្ឍដើម្បីលូតលាស់ទៅជាប្រទេសរីកចម្រើន។
ទន្ទឹមគ្នានឹងការសរសើរចិន ប្រមុខការទូតហ្វីលីពីនដដែលនេះ ក៏ឆ្លៀតរិះគន់លោកខាងលិចដែលកេងចំណេញប្រទេសក្រីក្រកាលពីអតីតកាលផង។ បើតាមសារព័ត៌មាន Rappler លោក Locsin រំឭកថា កាលពីកន្លះសតវត្សរ៍ចុងក្រោយ ប្រទេសក្រីក្ររស់នៅដោយសារក្ដីមេត្តារបស់ទីផ្សារស្ចិមលោក ហើយបើពួកគេមិនពេញចិត្ត ក៏បោះបង់ប្រទេសទាំងនោះតាមការនឹកឃើញរបស់ពួកគេ ដូចដែលធ្លាប់កើតមាននៅសម័យក្រោយអាណានិគមដូច្នោះដែរ។
ទស្សនកិច្ចរបស់លោក Locsin នៅទីក្រុងប៉េកាំង ធ្វើឡើងពីរសប្ដាហ៍ក្រោយលោកបានជួបជាមួយសមភាគីអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅទីក្រុងម៉ានីល។ ការនិយាយលើកសរសើរបក្សកុម្មុយនីស្តចិនបែបនេះ បង្ហាញឲ្យឃើញពីខិតជិតគ្នារវាងប្រទេសទាំងពីរដែលទាស់គ្នាដោយសារសំណុំរឿងសមុទ្រចិនខាងត្បូង តែវាក៏បង្ហាញពីការឃ្លាតកាន់តែឆ្ងាយរវាងសម្ព័ន្ធភាពរឹងមាំជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ គឺអាមេរិក និងហ្វីលីពីន។
ទំនាក់ទំនងធ្លាប់តែស្អិតល្មួតរវាងក្រុងវ៉ាស៊ីនតោន និងក្រុងម៉ានីល ប្រែទៅជាល្អក់កករក្រោយការឡើងកាន់អំណាចរបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងឆ្នាំ២០១៦ ចំណែកឯទំនាក់ទំនងជាមួយចិន ក៏ប្រែជាល្អប្រសើរជាបន្តបន្ទាប់។ ជាញឹកញាប់ លោក ឌូទើតេ តែងនិយាយវាយប្រហារលោកខាងលិច ពិសេសអាមេរិក និងអឺរ៉ុបតែម្ដងជុំវិញការផ្ដល់ជំនួយមានចំណង ឬការបំពានសិទ្ធិមនុស្ស។ ខុសពីអាមេរិក និងអឺរ៉ុប ចិនមិននិយាយពីកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីនឡើយ៕
Tag:
ហ្វីលីពីន
ចិន
Teodoro Locsin
© រក្សាសិទ្ធិដោយ thmeythmey.com