អន្តរជាតិ
កាហ្សាក់ស្ថានសម្រេចប្តូរឈ្មោះរដ្ឋធានីខ្លួន តាមឈ្មោះអតីតប្រធានាធិបតី ប៉ម Baiterek ដែលទីកន្លែងដ៏ល្បីល្បាញមួយ ក្នុងរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន (រូបភាព៖ AFP
× កាហ្សាក់ស្ថាន បានសម្រេចផ្លាស់ប្តូរឈ្មោះរដ្ឋធានីខ្លួនពី Astana ទៅជា Nursultan ដើម្បីជាការដឹងគុណដល់អតីតប្រធានាធិបតី លោក Nursultan Nazarbayev ដែលបានប្រកាសលាលែងតំណែងយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃទី១៩ ខែមីនា ក្រោយកាន់អំណាចជិត៣០ឆ្នាំ។ ពាក្យថា Nursultan មានន័យក្នុងភាសារបស់កាហ្សាក់ស្ថានថា «ស៊ុលតង់នៃពន្លឺ» ឬ «Sultan of Light»។
ការផ្លាស់ប្តូរនេះ ត្រូវបានប្រកាសក្រោយពីលោក Kassym-Jomart Tokayev បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីកាលពីថ្ងៃទី ២០ខែមីនា។ ក្រោយមក សភាកាហ្សាក់ស្ថានក៏បានសម្រេចអនុម័តការផ្លាស់ប្តូរឈ្មោះនេះជាផ្លូវការក្នុងកិច្ចប្រជុំប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយលោក Tokayev ដាក់សំណើប្ដូរឈ្មោះ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីស្តីទី លោក Tokayev បានគូសបញ្ជាក់ថា មហាវិថីសំខាន់ៗក្នុងបណ្តាទីក្រុងធំៗរបស់កាហ្សាក់ស្ថាន គួរតែត្រូវប្តូរឈ្មោះតាមលោកអតីតប្រធានាធិបតី Nazarbayev ដែរ។
រូបថតរបស់មេដឹកនាំក្រោយសម័យសូវៀតរូបនេះ គួរតែបន្តព្យួរនៅក្នុងសាលារៀន និងបណ្តាទីកន្លែងសាធារណៈផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោក Tokayev ដោយបន្ថែមថា លោក Nazarbayev នៅបន្តរក្សាងារជាបិតាតែម្នាក់គត់ និងពេញមួយជីវិតរបស់ប្រជាជនកាហ្សាក់ស្ថានគ្រប់រូបជានិច្ច។
សូមបញ្ជាក់ថា ប្រធានាធិបតីកាហ្សាក់ស្ថាន Nursultan Nazarbayev នៅថ្ងៃទី១៩ ខែមីនា បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលោកប្រកាសលាលែងពីតំណែង។ លោក Nazarbayev ដែលដឹកនាំរដ្ឋអាស៊ីកណ្ដាលមួយនេះតាំងពីឆ្នាំ១៩៨៩មក អះអាងថា លោកចុះចេញពីតំណែងដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ។ ដ្បិតលាលែងពីតំណែងប្រធានាធិបតីមែនពិត មេដឹកនាំកាហ្សាក់ស្ថានរូបនេះនៅតែមានតួនាទីក្នុងការសម្រេចចិត្តធំៗដដែល៕
Tag:
កាហ្សាក់ស្ថាន
Nursultan Nazarbayev
© រក្សាសិទ្ធិដោយ thmeythmey.com