ជប៉ុន​ផ្ដល់​ជាង​២៦​ម៉ឺន​ដុល្លារ ដល់​ផ្នែក​សុខាភិបាល​នៅ​សៀមរាប មណ្ឌលគិរី និង​ឧ​ត្ត​រ​មានជ័យ​
ជាតិ
សង្គមជាតិ
សុខភាព
ជប៉ុន​ផ្ដល់​ជាង​២៦​ម៉ឺន​ដុល្លារ ដល់​ផ្នែក​សុខាភិបាល​នៅ​សៀមរាប មណ្ឌលគិរី និង​ឧ​ត្ត​រ​មានជ័យ​
22, Mar 2019 , 7:59 am        
រូបភាព
​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​ផ្នែក​សុខាភិបាល ក្នុង​ទឹកប្រាក់​ចំនួន ២៦២,៧៥០ ដុល្លារ ដល់​មន្ទីរពេទ្យ​ចំនួន​៣ ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។

 
​ថវិកា​ទាំងនោះ​ផ្ដល់​ឲ្យ​មន្ទីរពេទ្យ​កុមា​អង្គរ នៅ​ខេត្តសៀមរាប ចំនួន ៨៩,១១២  ដុល្លារ សម្រាប់​ទិញ​ម៉ាស៊ីន​ជំនួយការ​ដកដង្ហើម​ចំនួន ២​គ្រឿង​, ឧបករណ៍​វាស់​ចង្វាក់បេះដូង​ចំនួន ១ និង​ម៉ាស៊ីន​វាស់​ឧស្ម័ន​ក្នុង​ឈាម​ចំនួន​១ ដែល​អាចជួយ​ព្យាបាល​កុមារ​ប្រមាណ ៩០០​នាក់​ដែល​មក​ទទួល​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​ថវិកា​៨៧,២៧៨ ដុល្លារ ដើម្បី​សាងសង់​អគារ​មណ្ឌល​សុខភាព​ត្រពាំង​ប្រាសាទ ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ១៩,៩០០ នាក់ ។ មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល​គី​រី ទទួលបាន​ថវិកា​ចំនួន ៨៩,១២៥ ដុល្លារ សម្រាប់​សាងសង់​អគារ​សម្រាលកូន និង​អគារ​ជំងឺ​ទូទៅ​នៅ​មណ្ឌល​សុខភាព​មេ​ម៉​ង់​។ 
 
​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា គម្រោង​គាំទ្រ​ទាំងនោះ​នឹងចូលរួម​ចំណែក​ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើ​ជាង​មុន​។ 
 
​គិត​តាំងពី​ឆ្នាំ​១៩៩១ គម្រោង​ផ្ដល់​ជំនួយឥតសំណង គូ​សាណូ​ណិ​របស់​ជប៉ុន​នេះ បានផ្តល់​ថវិកា​ជាង ៦០​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​គាំទ្រ​ការពារ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com