អាហ្សង់ទីន ស៊ីលី ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយបានចាប់ផ្តើមការដេញថ្លៃរួមគ្នាសារជាថ្មីដើម្បីធ្វើម្ចាស់ផ្ទះការប្រកួត FIFA World Cup ឆ្នាំ២០៣០ បន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីនៃប្រទេសទាំង៤ ក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន នៅថ្ងៃទី២០ ខែមីនា។
ប្រធានាធិបតីបួនរូបខាងលើបានប្តេជ្ញាចិត្តបង្កើតគណៈកម្មាធិការរៀបចំក្នុងស្រុកជាមួយអ្នកតំណាងមកពីប្រទេសនិមួយៗដើម្បីសម្របសម្រួលជាមួយសហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (CONMEBOL)។
ភាគីទាំង៤បានសម្រេចចែកការប្រកួតគ្នា ដោយក្នុងនោះជំនួបសំខាន់ដូចជាប្រកួតបើកឆាក វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរប្រកួត និងវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើឡើងក្នុងទឹកដីដែលមានសក្កដានុពលខ្ពស់ជាងគេរវាងប្រទេសទាំង៤។
ដំបូងឡើយមានតែ អាហ្សង់ទីន អ៊ុយរូហ្គាយ និងប៉ារ៉ាហ្គាយទេ ដែលប្រកាសផែនការរបស់ខ្លួនសម្រាប់ការដេញថ្លៃរួមគ្នាកាលពីឆ្នាំ ២០១៧ ប៉ុន្តែប្រធានាធិបតីស៊ីលីលោក Sebastian Pinera បានប្រកាសនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ប្រទេសរបស់លោកនឹងចូលរួមជាមួយប្រទេស៣ខាងលើនេះដែរ។
ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri, ស៊ីលីលោក Sebastian Pinera មេដឹកនាំរបស់ប៉ារ៉ាហ្គាយលោក Mario Abo និងអ៊ុយរូហ្គាយលោក Tabare Vazquez បានជួបជាមួយប្រធាន CONMEBOL លោក Alejandro Dominguez នៅឯកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីកិច្ចសហប្រតិបត្តិការ ត្បូង-ត្បូង ក្នុងរដ្ឋធានីអាហ្សង់ទីន។
លោក Dominguez បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្រោយកិច្ចប្រជុំថា៖«យើងចង់ពង្រឹងគំនិតនេះហើយចាប់ផ្តើមធ្វើការដើម្បីសម្រេចថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ ត្រូវលេងនៅទីណា ឬនៅកន្លែងដែលចាប់ផ្តើមដំបូង»។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកបានករកើតឡើងកាលពីឆ្នាំ១៩៣០ ដែលកាលនោះ អ៊ុយរូហ្គាយជាអ្នកដឹកនាំធ្វើម្ចាស់ផ្ទះដំបូងគេបង្អស់។ ប្រសិនបើក្រុមទាំង៤ ឈ្នះការដេញថ្លៃសម្រាប់ឆ្នាំ២០៣០មែននោះ មានន័យថាអ៊ុយរូហ្គាយនឹងក្លាយជាម្ចាស់ផ្ទះ World Cup នេះជាលើកទី២ នៅរយៈពេល១០០ឆ្នាំក្រោយ។
ក្នុងចំណោមប្រទេសទាំង៤ មានតែប៉ារ៉ាហ្គាយប៉ុណ្ណោះដែលមិនធ្លាប់បានសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ខណៈប្រទេស៣ធ្លាប់បានដឹកនាំម្នាក់មួយលើករួចហើយក្នុងនោះ អ៊ុយរូហ្គាយឆ្នាំ១៩៣០ ស៊ីលី ឆ្នាំ១៩៦២ និងអាហ្សង់ទីន ឆ្នាំ១៩៧៨។
សូមបញ្ជាក់ថា World Cup ចាប់ពីឆ្នាំ ២០២៦ដែលអាមេរិក ម៉ិស៊ិក និងកាណាដាបានសិទ្ធិធ្វើម្ចាស់ផ្ទះនោះនឹងមានក្រុមប្រកួតប្រជែងកើនឡើងពី៣២ រហូតដល់ ៤៨ក្រុមជាផ្លូវការ។ យ៉ាងណា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងសម្រេចចិត្តបន្ថែម៤៨ក្រុមនេះនៅឆ្នាំ២០២០ នៅកាតាតែម្តង៕