កីឡាអន្តរជាតិ
អន្តរជាតិ
PSG លេងដូចខ្ទើយ? Evra ថាខ្លួនមិនបាននិយាយក្នុងន័យបែបនេះឡើយ
× Patrice Evra អតីតខ្សែការពារ Manchester United បានច្រានចោលការចោទប្រកាន់របស់ក្លិប Paris Saint Germain ដែលថាខ្លួនប្រមាថអ្នកស្រលាញ់ភេទដូចគ្នាដោយអះអាងថារូបគេស្រលាញ់សមាជិកក្រុមជើងឯកលីគកំពូលបារាំង និងអ្នកទាំងអស់គ្នា។
ក្លិបយក្សបារាំង បានថ្កោលទោសឥរិយាបថ និងការនិយាយស្តីមិនសមរម្យរបស់ Evra ដោយចោទថារូបគេប្រមាថមើលងាយមនុស្សភេទដូចគ្នាលើបណ្តាញសង្គម Instagram និងលេងសោចភ្ជាប់ជាមួយកូនក្រុម PSG ទៀតផង។ ដេអូនោះបានបង្ហោះ ក្រោយ Manchester United ទម្លាក់ PSG ដោយលទ្ធផល ៣-១ ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុម Champions League នៅឯកីឡដ្ឋាន Le Parc des Princes ក្នុងក្រុងប៉ារីស។
យ៉ាងណាការចោទនេះ ត្រូវបាន Evra ច្រានចោលដោយគេបានអះអាងថា៖ «ប្រសិនបើខ្ញុំប្រមាថ ឬធ្វើបាបអ្នកណាម្នាក់ខ្ញុំពិតជាសូមទោសប៉ុន្តែអ្នកដឹងថាវាមិនមែនជាចេតនារបស់ខ្ញុំទេលើការនិយាយស្តីនេះ»។
វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមនោះ អតីតសមាជិកក្រុមជម្រើសជាតិបារាំងវ័យ៣៧ឆ្នាំរូបនេះនិយាយថារូបគេបានធ្វើវីដេអូបែបកំប្លែងមួយប៉ុណ្ណោះ ប៉ុន្តែបែរជាប្រព័ន្ធផ្សព្វផ្សាយបារាំងប្រើពាក្យប្រមាថមើលងាយដោយយល់ថារូបគេ «ប្រឆាំងនឹងមនុស្សស្រឡាញ់ភេទដូចគ្នា» ទៅវិញ។
Evra បន្ថែមថា៖«ពួកគេកំពុងព្យាយាមបំបាក់មុខខ្ញុំដើម្បីឲ្យខ្ញុំខ្មាស់។ មានតែព្រះទេដែលដឹងពីខ្ញុំ»។
វីដេអូនេះក៏បានទទួលការរិះគន់ពីពិធីករទូរទស្សន៍កីឡាលោក Jerome Rothen ដែលជាអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង និង Monaco របស់គេផងដែរ។ ប៉ុន្តែ Evra អតីតខ្សែការពារឆ្នើម Man Utd បានឆ្លើយតបដោយគំរាមទៅលោក Rothen វិញថា «ត្រូវមុខមួយដៃឥឡូវហើយ!»។
ឥរិយាបទនិងការនិយាយស្តីមិនសមរម្យបែបនេះ បាននាំឲ្យម្ចាស់ជើងឯក Ligue 1 ចេញសេចក្តីថ្លែងការថ្កោលទៅ Evra នៅថ្ងៃទី១៩ ខែមីនាដោយរៀបរាប់ថា៖«យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រមាថរបស់លោក Patrice Evra ដែលសំដៅលើយើង និងអតីតកីឡាកររបស់យើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»៕
© រក្សាសិទ្ធិដោយ thmeythmey.com