ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
វិស័យផលិតកម្មអំបិល កំពុងប្រឈមការបែកបាក់សហគមន៍អ្នកផលិត ប៊ុន បារាំង
× ភ្នំពេញ៖ សហគមន៍អ្នកផលិតអំបិលកំពត-កែប កំពុងប្រឈមបញ្ហាចម្បងមួយ ដោយអ្នកផលិតមួយចំនួនលែងធ្វើជាសមាជិក ដែលអាចនាំទៅដល់ការរំលាយសហគមន៍នេះតែម្ដង បើគ្មានដំណោះស្រាយ។ លោក ប៊ុន បារាំង ដែលជាប្រធានសហគមន៍មួយនេះ បានអះអាងថា លទ្ធផលយ៉ាងណា ត្រូវរង់ចាំការកោះប្រជុំរបស់ក្រសួងឧស្សាហកម្ម និងអាជ្ញាធរខេត្តទាំងពីរនៅថ្ងៃទី២៥ក្នុងខែមីនានេះ តែបើមិនអាចបញ្ចុះបញ្ចូលឲ្យអ្នកផលិតទាំងនោះរួមគ្នាទៀត នោះសហគមន៍អំបិលនេះប្រឈមការរំលាយចោល ហើយអាចជះឥទ្ធិពលដល់វិស័យមួយនេះ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុងហេង នៃសារព័ត៌មានថ្មីៗ និងលោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិលកំពត-កែប ដូចតទៅនេះ៖
៣០ភាគរយនៃក្រុមអ្នកផលិតមិនព្រមផ្ដិតមេដៃបន្តសមាជិកភាពក្នុងសហគមន៍ផលិតអំបិលនេះតទៅទៀត ខណៈ ៧០ភាគរយទៀតព្រមបន្តរួមរស់ក្នុងសហគមន៍ដែលដំណើរការជាង ១៥ឆ្នាំមួយនេះ។ សហគមន៍នេះមាន២០០ក្រុមផលិតជាសមាជិកនាពេលកន្លងមក។
លោក ប៊ុន បារាំង ឲ្យដឹងថា អ្នកផលិតចង់ចាកចេញពីសហគមន៍នេះ ព្រោះពួកគេបានឃើញមួយក្រុមពីរក្រុមដែលនៅក្រៅ ដែលអាចលក់ដោយសេរី។ ផ្ទុយពីសមាជិកសហគមន៍ ការលក់អំបិលត្រូវវិលជុំ ដែលមានន័យថា ពួកគេត្រូវរង់ចាំដល់វេនរបស់ខ្លួន ហើយត្រូវបង់កម្រៃពន្ធជាដើម។
ប៉ុន្តែលោក ប៊ុន បារាំង អះអាងថា បើអ្នកផលិតបែកខ្ញែកគ្នា នោះនឹងនាំដល់ការខាតបង់ទៅវិញទេ ដោយឈ្មួញអាចទម្លាក់តម្លៃតាមចិត្ត។ ហើយលោកក៏ពិបាកគ្រប់គ្រងទិន្នន័យផលិត ដើម្បីផ្គត់ផ្គង់ផងដែរ។
ជោគវាសនាសហគមន៍អ្នកផលិតអំបិលនេះទៅយ៉ាងណា គឺត្រូវរង់ចាំលទ្ធផលកិច្ចប្រជុំសម្រុះសម្រួលរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអាជ្ញាធរខេត្តកំពត់ និងខេត្តកែប នៅថ្ងៃទី២៥ខែមីនេះឆាប់ខាងមុខនេះ។ តែទន្ទឹមនឹងនេះ លោក ប៊ុន បារាំង ស្នើឲ្យកសិករអ្នកផលិតអំបិល ស្រុះស្រួលក្នុងសហគមន៍តទៅទៀត ចៀសវាងការបែកបាក់គ្នា។
ទាក់ទិននឹងបរិមាណផ្គត់ផ្គង់អំបិលឆ្នាំនេះ លោក ប៊ុន បារាំង ប្រាប់ថាលោកមិនអាចវាយតម្លៃថាគ្រប់គ្រាន់ ឬយ៉ាងម៉េចនោះទេ បើទោះមានការព្យាករថាអាកាសធាតុនឹងក្ដៅខ្លាំងអំឡុងខែមេសា និងខែឧសភា។ លោកថាជាក់ស្ដែងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខេត្តកំពតមានភ្លៀងធ្លាក់ ដែលជាឧបសគ្គដល់ការផលិតអំបិល។ ចុងឆ្នាំ២០១៨ កម្ពុជាបាននាំចូលអំបិល ១ម៉ឺនតោនដើម្បីបំពេញតម្រូវក្នុងស្រុក ដោយសារតែការផលិតក្នុងឆ្នាំមុននេះជួបបញ្ហាអាកាសធាតុមិនអំណោយផល។ កម្ពុជាត្រូវការអំបិលក្នុងមួយឆ្នាំប្រមាណ ១០ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com