អន្តរជាតិ
ថៃ គ្រោងចាយលុយខ្ទង់ពាន់លានដុល្លារលើគម្រោងថាមពលសូឡាបំពាក់លើដំបូលផ្ទះពលរដ្ឋ
× អាជ្ញាធរទទួលបន្ទុកថាមពលថៃ គ្រោងបង្កើតការវិនិយោគថ្មីមួយ ដោយចាក់បញ្ចូលទឹកប្រាក់៤០ពាន់លានបាត (ប្រមាណ១,២៦ពាន់លានដុល្លារ) ក្នុងគម្រោងថាមពលសូឡាថ្មីមួយរបស់ខ្លួន។ គម្រោងថាមពលបៃតងនេះ នឹងចាប់ផ្តើមពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៨។
នៅថ្ងៃទី ២០ ខែមីនា គណៈកម្មការទទួលបន្ទុកថាមពលថៃ (ERC) បានដាក់ដំណើរការគម្រោងថាមពលពន្លឺព្រះអាទិត្យដោយប្រើប្រាស់ផ្ទាំងសូឡា ឬហៅកាត់ថា PV ដែលនឹងបំពាក់លើដំបូលផ្ទះរបស់ប្រជាជនថៃ។ ជាបឋម គម្រោងនេះត្រូវរំពឹងថា មានអនុភាព១០០មេហ្កាវ៉ាត់។
យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post ភ្នាក់ងាររដ្ឋចំនួនពីរ រួមមាន អាជ្ញាធរអគ្គិសនីថ្នាក់ខេត្ត និងអាជ្ញាធរអគ្គិសនីក្រុង គ្រោងទិញថាមពលអគ្គិសនីសរុប១០០មេហ្កាវ៉ាត់នេះពីផ្ទាំងសូឡាដែលបំពាក់លើដំបូលផ្ទះរបស់ប្រជាជន និងរាប់បញ្ចូលពន្ធចំនួន១,៦៨បាតសម្រាប់ភ្លើងមួយគីឡូវ៉ាត់-ម៉ោងក្នុងកិច្ចសន្យា១០ឆ្នាំ។
បើតាម Bangkok Post រដ្ឋមន្ត្រីក្រសួងថាមពលថៃ Siri Jirapongphan បាននិយាយថា ប្រជាជនថៃដែលមានបំណងចូលរួមក្នុងគម្រោងថាមពលសូឡានេះ អាចទៅចុះឈ្មោះជាមួយគណៈកម្មការទទួលបន្ទុកថាមពលថៃ ឬហៅកាត់ថា ERC នៅខែឧសភាខាងមុខបាន។ បន្ថែមពីនេះ លោក Naruphat Amornkosit អគ្គលេខាធិការនៃ ERC គូសបញ្ជាក់ថា ប្រជាជនដែលមានអាចចូលរួមបាន នឹងត្រូវជ្រើសរើសតាមទម្រង់ «ចុះឈ្មោះមុន ទទួលបានមុន» ។
មែនទែនទៅ គម្រោងថាមពលសូឡានេះ គឺបង្កើតឡើងដើម្បីអមជាមួយនឹងផែនការអភិវឌ្ឍន៍ថាមពលជាតិថ្មីមួយ ឬហៅកាត់ថា (PDP) ដែលដំណើរការពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០៣៧។ ក្រោមគម្រោង PDP ថាមពលពន្លឺព្រះអាទិត្យ រំពឹងនឹងសម្រេចបានអនុភាពសរុប ១២ ៧២៥ មេហ្កាវ៉ាត់ ត្រឹមឆ្នាំ២០៣៧។
ដើម្បីសម្រេចបានអនុភាពសរុបទាំងជាង១ម៉ឺនមេហ្កាវ៉ាត់នេះ ប្រមាណ២៧២៥មេហ្កាវ៉ាត់ នឹងត្រូវអភិវឌ្ឍដោយអាជ្ញាធរផលិតអគ្គិសនីថៃ ខណៈអនុភាព១ម៉ឺនមេហ្កាវ៉ាត់ផ្សេងទៀត នឹងត្រូវផលិតដោយគម្រោង ទំនប់វារីអគ្គិសនី និងសូឡា នៅទំនប់វារីអគ្គិសនីចំនួន៩របស់ថៃ។
សូមបញ្ជាក់ថា គម្រោងផ្ទាំងសូឡាដែលបំពាក់លើដំបូលផ្ទះប្រជាជន គឺជាការវិនិយោគជុំទីពីរសម្រាប់ក្រុមអ្នកវិនិយោគិនក្នុងស្រុក ក្រោយពីជុំទីមួយ ត្រូវបានបើកក្នុងខែកញ្ញាឆ្នាំ២០១៣ ជាមួយអានុភាពសរុប២០០មេហ្កាវ៉ាត់ ។ បច្ចុប្បន្ននេះ ថាមពលទាំងអស់នេះ ត្រូវដាក់ប្រតិបត្តិការអាជីវកម្ម៕
Tag:
ថៃ
ថាមពលពន្លឺព្រះអាទិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com