ជាតិ
ក្រុម​អង្គការ​-​ស​ង្គ​ស៊ីវិល រួមគ្នា​ធ្វើ​វេទិកា ដើម្បី​បង្ហាញ​បញ្ហា​ប្រឈម​
21, Mar 2019 , 9:59 pm        
រូបភាព
​អង្គការ​សង្គម​ស៊ីវិល​បានរៀបចំ​វេទិកា​អង្គការ​សង្គម​ស៊ីវិល​នៅ​ពី​ថ្ងៃទី​១៩​មីនា ឆ្នាំ​២០១៩ ហើយ​វេទិកា​នេះ នឹង​អាច​ក្លាយជា​វេទិកា​ប្រចាំឆ្នាំ​មួយ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចែករំលែក​រឿងរ៉ាវ​ជោគជ័យ និង​បញ្ហា​ប្រឈម ក្នុង​ការរក​វិធីសាស្ត្រ​ដោះស្រាយ និង​យុទ្ធសាស្ត្រ​នានា​ដែល​អង្គារ​សង្គម​ស៊ីវិល​គួរ​ទទួលបាន​នៅ​ឆ្នាំ​បន្ទាប់​។ ក្នុង​វេទិកា​នេះ មាន​អង្គការ​សង្គម​ស៊ីវិល សមាគមន៍ មន្ត្រី​រដ្ឋាភិបាល​ជាង​៣០០​នាក់​បាន​ចូលរួម ហើយ​បាន​លើក​ពី​បញ្ហា​ប្រឈម និង​បញ្ហា​ផ្សេងៗ​ទៀត​មក​ពិភាក្សា​។ បញ្ហា​ប្រឈម​ដែល​លើកឡើង​មាន បញ្ហា​ច្បាប់ សេរីភាព​បញ្ចេញមតិ សេរីភាព​ធ្វើ​សម្មភាព និង​មន្ត្រី​មូលដ្ឋាន​អនុវត្ត​ខុស ពី​មន្ត្រី​ថ្នាក់ជាតិ​ដែល​បានចេញ​សេចក្ដីសម្រេច​។

 
​ការពិភាក្សា​ក្នុង​វេទិកា​អង្គ​សង្គម​ស៊ីវិល លោក សឿង សារឿន នាយក​ប្រតិបត្តិ​អង្គការ Cooperation Committee for Cambodia (CCC)  បាន​បញ្ជាក់ថា ការរៀបចំ​វេទិកា​នេះ គឺ​ដើម្បី​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ធ្វើការ​ប្រកបដោយ​គុណភាព ចូលរួម​អភិវឌ្ឍ​កម្ពុជា និង​ដើម្បី​ពិនិត្យ​ការអនុវត្ត​កន្លងមក និង​ផែនការ​សម្រាប់​ឆ្នាំ​បន្តទៀត​។ ហើយ​ការធ្វើ​បែបនេះ​អាចធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​និង​រដ្ឋាភិបាល​មាន​ភាពជឿ​ទុកចិត្ត​គ្នា​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឃន៍ ដើម្បី​ឲ្យ​មាន​កម្លាំង​ជា​ចលករ​រួមមួយ​ជា​ថ្នាក់ជាតិ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ 
 
​លោក វ៉ន ពៅ នាយក​ប្រតិបត្តិ IDEA-​ផ្ទះ​សាមគ្គី និង​ជា​វាគ្មិន​ក្នុង​កិច្ច​ភា​ក្សា​អំពី​បញ្ហា​ប្រឈម​សំខាន់​របស់​សង្គម​ស៊ីវិល​បាន​លើ​ឡើង​ថា មាត្រា​នៃ​ច្បាប់​ខ្លះ​ជួយ​គាំពារ​អង្គការ​ស​ង្គ​ស៊ីវិល សមាគម ប៉ុន្តែ​ចំណុច​មួយចំនួនទៀត​បា​ន​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុង​ការធ្វើសកម្មភាព របស់​អង្គការ​សង្គម​ស៊ីវិល និង​សមាគមន៍​។ លោក គិតថា​នេះ​ជាការ​ជ្រៀត​ជ្រែ​ត​កិច្ចការ​របស់​ស​មាគ និង​អង្គការ​សង្គម​ស៊ីវិល​។ ចំពោះ​ម​ន្រី្ត​ថ្នាក់មូលដ្ឋាន​មិន​អនុវត្ត​ច្បាប់ ជាក់ស្ដែង​លោក​លើកឡើងថា ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​មិន​ឲ្យ​បំពាន​សមាគម អង្គការ​សង្គម​ស៊ីវិល តែ​ជាក់ស្ដែង​ការចុះទៅ​បង្រៀន ការប្រជុំ តាម​ខេត្ត​មាន​ចំនួន​លើសពី​៥​នាក់​ឡើងទៅ មានការ​សួររក​លិខិតអនុញ្ញាត មានការ​ហាមឃាត់​មិន​អនុញ្ញាត​។ 
 
​ដោយឡែក ការបញ្ចេញមតិ​ក្នុង​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​វិញ លោក វ៉ន ពៅ បាន​លើក​ឧទាហរណ៍​ថា នៅ​ខេត្ត​ព្រះសីហនុ ការលើក​ពី​ភាពអវិជ្ជមាន​របស់​អា​ជ្ញា​ធរ ជុំវិញ​រឿង​ជនជាតិ​ចិន តែ​បែរជា​ត្រូវ​អាជ្ញាធរ​ហៅ​ព្រមាន មុន​សរសេរ​ត្រូវមាន​ការអនុញ្ញាត​ជាមុនសិន​។ លោក វ៉ន ពៅ បញ្ចាក់​ទៀតថា កាលពីពេល​ថ្មីៗ​ទិវា​សិ​ទិ្ធ​មនុស្ស​១០​ធ្នូ​និង​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨​មីនា  ត្រូវបាន​រារាំង​។ ក្នុង​បញ្ហា​ដែល​បាន​ស្នើសុំ​ឲ្យ​ដោះស្រាយ មិនមាន​ការយកចិត្ត​ទុកដាក់ និង​ដោះស្រាយ​ឡើយ​។ លោក មិន​ចង់ឃើញ​មន្ត្រី​ថ្នាក់ជាតិ​ធ្វើ​ផ្សេង មន្ត្រី​ថ្នាក់មូលដ្ឋាន​អនុវត្ត​ផ្សេងៗ​នោះទេ​។ លោក​ចង់​ឲ្យ​មានការ សហការ​រួម​រវាង​អង្គការ​ស​ង្គ​ស៊ីវិល និង​រា​ដ្ឋា​ភិ​បាល ទាំង​ថ្នាក់មូលដ្ឋាន និង​ថ្នាក់ជាតិ ក្នុងការ​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​សង្គម​ប្រជាពលរដ្ឋ​ខ្មែរ​។ ទន្ទឹមនឹងនេះ លោក ស្នើ​ឲ្យ​មានការ​បើកទូលាយ​ក្នុងការ​បញ្ចេញមតិ​នៅតាម​សារព័ត៌មាន​ឯករាជ និង​ការទទួលបាន​ព័ត៌មាន​ផងដែរ​។ 
 
​លោក ជា សុ​ភ័​ក្រ អ្នក​ពង្រឹង​សម្ថ​ភាព​សហគមន៍ ក្នុង​វេទិកា​ពិភាក្សា​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល​ក៏បាន​លើ​ឡើង​ថា បញ្ហា​ប្រឈម​តាម សហគមន៍​គឺ ប​ញ្ហា្ង​កង្វះ​ទឹក ទំនាស់​ដី កសិកម្ម សហគមន៍​ដែល​ចុះបញ្ជី​និង​មិនបាន​ចុះ​ប​ញ្ចី មានការ​ហាមឃាត់​មិន​ឲ្យ​សហគមន៍​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​។ ក្នុងករណី​តាម​សហគមន៍​ណា​ដែលមាន​សមា​ជិត​ភាគ​នៅ​បក្សនយោបាយ​មិនមែន​រដ្ឋាភិបាល​គឺ​រឹតតែ​មានប​ញ្ហ​ប្រឈម​កាន់តែខ្លាំង​។ លោក បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​មានការ ពិនិត្យឡើងវិញ​នូវ​បញ្ហា ផែនការ​ភូមិ​ឃុំ​សុវត្ថិភាព នឹងមាន​ការស្ដារ​ឡើងវិញ​។ ចុងក្រោយ​សុំ​ឲ្យ​មាន​ការបើក​សិទ្ធិសេរីភាព​ឲ្យ​សហ​មន៍ អង្គការ​សង្គម​ស៊ីវិល​មាន​សិទ្ធិសេរីភាព​ក្នុងការ​ធ្វើការ​តាម​ឆន្ទៈ​របស់ខ្លួន​។ 
 
​ក្នុង​វេទិកា​ពិភាក្សា​បញ្ហា​ប្រឈម​របស់​អង្គការ​សង្គម​ស៊ីវិល លោក ណុប វី នាយក​ប្រតិ​ប​តិ្ត​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ CCIM បាន​លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​បាន​បាត់បង់​មួយផ្នែកធំ ដែលជា​ស្ថាន​ប័ន​មានការ​ជឿទុកចិត្ត​និង​ការ​គ្រាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ ដូចជា ការបិទ​ការ​សែត ការផ្លាស់ប្ដូរ​អ្នកគ្រប់គ្រង និង​ការបិទ​វិទ្យុ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល​មាន​គម្លាត​ពីគ្នា​។ ជា​ដំណោះស្រាយ គឺត្រូវធ្វើ​ឲ្យ​មាន ឬ​អនុញ្ញាត​ឲ្យ​មាន​ឡើងវិញ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់នោះ​។ ការធ្វើ​បែបនេះ ជាការ​រួមចំណែក​ជួយ​ប្រជាពលរដ្ឋ និង​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។ លោក​សុំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​លើ​ប​ញ្ហ​ប្រឈម​នេះ​៕

Tag:
 អង្គការ​សង្គម​ស៊ីវិល​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com