ភ្នំពេញ៖ ទោះធនាគារជាតិជំរុញឲ្យប្រើប្រាស់ប្រាក់រៀលក្តី តែប្រាក់ដុល្លារក្នុងវិស័យពាណិជ្ជកម្មនៅតែកើនឡើង។ នោះក៏ព្រោះតែការប្រើប្រាស់ប្រាក់ដុល្លារក្នុងការវិនិយោគ ជាចរន្តសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែដើម្បីឲ្យប្រាក់រៀលកើនឡើងនោះ លុះត្រាតែមានការចូលរួមពីគ្រឹះស្ថានហិរញ្ញវត្ថុ និងវិស័យឯកជន ក្នុងការចរាចរណ៍ប្រាក់រៀលនេះ ។
អ្នកជំនាញមកពីធនាគារជាតិ និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរកឃើញថា ទីប្រជុំជនមានការប្រើប្រាស់លុយដុល្លារកម្រិតខ្ពស់ជាងតំបន់ជនបទ។ ស្ថាប័នទាំងពីរបានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវលើវិស័យឯកជនចំនួន ៨៥៦ ក្រុមហ៊ុន ដែលរួមមានទាំងវិស័យ កសិកម្ម, ផលិតកម្ម,ការលក់រដុំ និងរាយ, ទេសចរណ៍, និងវិស័យផ្សេងៗទៀត បានរកឃើញថា ដុល្លាររូបនីយកម្មទាំងចំណូល និងចំណាយ នៅក្នុងទីក្រុងភ្នំពេញ ខេត្តសៀមរាប និងតំបន់ភាគខាងជើង មានទំហំខ្ពស់ជាងតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
សំឡេងលោក យុន សុវណ្ណា ដែលបានផ្ដល់កិច្ចសម្ភាសដល់អ្នកសារព័ត៌មាន៖
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បាននិយាយថា ការសិក្សារស្រាវនេះពិតជាបានជួយដល់រដ្ឋាភិបាល ក្នុងការដាក់ចេញនៅគោលនយោបាយ ដើម្បីជំរុញការលើកកម្ពស់លុយរៀលបន្តែមទៀត។ លោកស្រី ក៏បានអំពាវនាវដល់អ្នកវិនិយោគិន និងម្ចាស់អាជីវកម្មក្នុងប្រទេស ចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល តាមរយៈការបើកប្រាក់ខែឲ្យកម្មករជាដើម។ បើតាមលោកស្រី ច័ន្ទថាណា វិស័យឯកជនគឺមានតួនាទីសំខាន់ណាស់ ក្នុងការលើកកម្ពស់ប្រាក់រៀល ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គួរតែផ្ដល់ឥណទានជាលុយរៀលឲ្យបានច្រើន។
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជារូបនេះ បាននិយាយដូច្នេះថា៖« លទ្ធផលនៃការស៊ើបអង្កេតពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់ការលើកកម្ពស់នៃការប្រើប្រាស់ប្រាក់រៀល និងការដឹងពីស្ថានភាពនៃការប្រើប្រាស់លុយដុល្លារ»។
លោក យុន សុវណ្ណា នាយកប្រតិបត្តិនៃសមាគមន៍មីក្រូហិរញ្ញវត្តុកម្ពុជា បាននិយាយថា ប្រាក់រៀលមានការនិយមប្រើប្រាស់ច្រើនពីសំណាក់ប្រជាពលរដ្ឋ ខណៈលុយដុល្លារក៏មានការកើនឡើងដែរ ក្នុងទម្រង់ពាណិជ្ជកម្ម និងអាជីវកម្ម។
លោក យុន សុវណ្ណា បាននិយាយថា៖« ចំណុចនេះគួរតែយកចិត្តទុកដាក់ដែរ បើទោះការប្រើប្រាក់រៀលមានកាកើនឡើង ប៉ុន្តែការប្រើប្រាស់ប្រាក់ផ្សេងៗទៀតក៏កើនឡើងដែរក្នុងពាណិជ្ជកម្ម ជាពិសេសប្រាក់ដុល្លារ និងប្រាក់បាតទៅតាមព្រំដែនថៃ»។
កន្លងមកធនាគារជាតិ បានប្រកាសឲ្យធនាគារ និងវិស័យគ្រិះស្ថានមីក្រូហិរញ្ញវត្តុ ត្រូវផ្ដល់កម្ចីជាប្រាក់រៀលប្រមាណ១០ភាគរយ ក្នុងការដំណើរការផ្ដល់សេវាកម្ចីរបស់ខ្លួន។
ការសិក្សាស្រាវជ្រាវដុល្លារូបនីយកម្មនៅតាមតំបន់នានាក្នុងឆ្នាំ២០១៧កន្លងមក បានរកឃើញថា ក្នុងរាជធានីភ្នំពេញមានការប្រើប្រាសលុយដុល្លាជាង៦០ ភាគរយ, ខេត្តសៀមរាបប្រើប្រាស់លុយដុល្លារមានជាង ៦០ ភាគរយ ហើយតំបន់ជនបទមានត្រឹមជាង២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការធ្វើបទបង្ហាញ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី លទ្ធផលអង្កេតបឋមនៃគម្រោងអង្កេតដំណាក់កាលទី២ លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជាកាលពីថ្ងៃទី ១៩ ខែមីនា ៕