កីឡាអន្តរជាតិ
អន្តរជាតិ
China Cup៖ Chanathip ជួយ​ឲ្យ​ថៃ​ទម្លាក់​ចិន ដែល​ដឹកនាំ​ដោយ​គ្រូ​ថ្មី Cannavaro
22, Mar 2019 , 11:57 am        
រូបភាព
​ក្រុមកីឡា​បាល់​ជម្រើស​ជាតិចិន​ក្រោម​ការដឹកនាំ​ដំបូង​របស់លោក Fabio Cannavaro បានទទួល​បរាជ័យ​យ៉ាង​អាម៉ាស​បំផុត​ក្រោយ​ចាញ់​ថៃ ១-០ ក្នុង​ដី​ខ្លួនឯង​នា​ការប្រកួត​បើកឆាក​ពានរង្វាន់ China Cup នៅ​ថ្ងៃទី​២១ ខែមីនា​។​


 
អត្ថបទទាក់ទង

 
​ខ្សែបម្រើ​ឆ្នើម Chanathip Songkrasin ដែលមាន​រហស្សនាម​ថា «Messi ថៃ​» ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងជំនួប​នេះ​ដែល​ធ្វើបាន​នៅ​នាទី​៣៣ ដោយមាន​ការបញ្ជូន​បាល់​យ៉ាង​ល្អ​ពី​មិត្ត​រួម​ក្រុម Thitiphan Puangchan​។​


 
​ជ័យជម្នះ​របស់​ថៃ បានធ្វើ​ឲ្យ​ចិន​បាក់មុខ​មិនតិច​ទេ​សម្រាប់​ការដឹកនាំ​ដំបូង​របស់​គ្រូ​ថ្មី Cannavaro​។ អតីត​ខ្សែការពារ​ឆ្នើម Real Madrid រូបនេះ​ត្រូវបានតែងតាំង​ជា​អ្នក​ស្នង​តំណែង​លោក Marcello Lippi ក្នុងនាម​ជា​គ្រូបង្វឹក​ចិន​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​នេះ​។​
 
Cannavaro វ័យ​៤៥​ឆ្នាំ​រូប ដែលជា​តួអង្គ​ដ៏​មាន​ឥទ្ធិពល​ក្នុង​វិស័យ​កីឡាបាល់ទាត់​ចិន ក៏​នៅមាន​តួនាទី​ជា​អ្នកចាត់ការ​ក្រុម Guangzhou Evergrande នៃ​លី​គ​បាល់ទាត់ Chinese Super League ផងដែរ​។ 


គ្រូបង្វឹកចិន លោក Cannavaro

​យក្ស​ចិន​បាន​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​ដើម្បី​អភិ​វ​ឍ្ឍ​វិស័យ​កីឡាករ​របស់ខ្លួន​តាម​រយៈ​ការនាំយក​អ្នក​ដែលមាន​ឈ្មោះ​ល្បីៗ​ទៅ​បំផុសគំនិត​កីឡាករ​របស់​ពួកគេ​ដើម្បី​ឈានដល់​កម្រិត​ខ្ពស់​មួយ​។​
 
​បើ​ទោះ​យ៉ាងនេះ​ក្តី ចិន​នៅតែ​មិនទាន់​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ស្របតាម​អ្វីដែល​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​២​ពិភពលោក​នេះ​ចង់បាន​ឡើយ​។​
 
​ចិន​ក៏​ធ្លាប់​ត្រូវ​ថៃ​បំបាក់មុខ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៣​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ដែល​កាលនោះ​ថៃ​ឈ្នះ​ដល់​ទៅ ៥-១ ឯណោះ​។​
 
​ពាន China Cup ឆ្នាំ​២០១៩ ដែល​ចិន​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​មាន​ក្រុម​ចំនួន​៤​ប៉ុណ្ណោះ​ចូលរួម ដោយ​ក្នុងនោះ​រួមមាន ចិន ថៃ អ៊ូ​ស​បេ​គី​ស្ថាន និង​អ៊ុយ​រូ​ហ្គា​យ​។ ចិន​បាន​ខ្ទាត​ចេញពី​ពាន​នេះហើយ ខណៈ​ថៃ​បាន​កៅអី​ទៅ​អង្គុយចាំ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​មុន ដោយ​ត្រូវ​រង់ចាំ​ការប្រកួត​រវាង​អ៊ុយ​រូ​ហ្គា​យ​ជាមួយ​អ៊ូ​ស​បេ​គី​ស្ថាន​៕
 

Tag:
 ​បាល់ទាត់​
  ចិន​
  ថៃ​
  China Cup
© រក្សាសិទ្ធិដោយ thmeythmey.com