អន្តរជាតិ
លោក Patrick Murphy ត្រូវលោក ត្រាំ ស្នើតែងតាំងជាអគ្គរដ្ឋទូតប្រចាំកម្ពុជាឡើងវិញ លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
× លោក Patrick Murphy ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្នើតែងតាំងជាអគ្គរដ្ឋទូតប្រចាំកម្ពុជាម្ដងទៀត។ លោក Murphy ដែលជាបច្ចុប្បន្នជាឧបការីរងទទួលកិច្ចការអាស៊ីនៅក្រសួងការបរទេសអាមេរិកប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២២ ខែមីនា ថា បេក្ខភាពរបស់លោកត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាកាលពីខែមករាកន្លងទៅ។
លោក Patrick Murphy នៅតែជាបេក្ខជនអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាដដែល។ បេក្ខភាពរបស់លោក Murphy ត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជូនជាថ្មីទៅកាន់ព្រឹទ្ធសភាដើម្បីសុំការអនុម័តក្នុងខែមករា បន្ទាប់ពីត្រូវបានព្រឹទ្ធសភាអាមេរិកបង្វិលត្រឡប់ទៅឲ្យលោក ត្រាំ វិញ។
ការបញ្ជូនត្រឡប់វិញនេះ ធ្វើឡើងបន្ទាប់ពីបេក្ខភាពរបស់លោក Murphy មិនត្រូវបានព្រឹទ្ធសភានីតិកាលទី១១៥ យល់ព្រមឡើយ។ បច្ចុប្បន្ននេះ បេក្ខភាពរបស់លោក កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ព្រឹទ្ធសភានីតិកាលទី១១៦ ។ តាមច្បាប់របស់អាមេរិក អគ្គរដ្ឋទូតនៅបរទេសត្រូវមានការយល់ព្រមពីព្រឹទ្ធសភាសិន ទើបអាចកាន់តំណែងបាន។
ក្នុងសន្និសីទព័ត៌មានតាមទូរសព្ទនៅថ្ងៃទី២២ ខែមីនា លោក Murphy ប្រាប់សារព័ត៌មានថ្មីៗថា លោកមានកិត្តិយសណាស់ដែលត្រូវបានស្នើតែងតាំងជាអគ្គរដ្ឋទូតប្រចាំកម្ពុជា។ លោកបញ្ជាក់ថា៖ «បេក្ខភាពរបស់ខ្ញុំត្រូវបានស្នើឡើងវិញក្នុងខែមករា ហើយកំពុងស្ថិតក្នុងដៃរបស់ព្រឹទ្ធសភា។ យើងរង់ចាំការពិចារណាថែមទៀតរបស់ព្រឹទ្ធសភា»។
បើមានការឯកភាពពីព្រឹទ្ធសភាអាមេរិក លោក Patrick Murphy ដែលបច្ចុប្បន្នជាឧបការរីរងរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងជំនួសតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក William Heidt តាមការស្នើសុំតែងតាំងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ៕
Tag:
កម្ពុជា
អាមេរិក
Patrick Murphy
© រក្សាសិទ្ធិដោយ thmeythmey.com