អន្តរជាតិ
ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី ព្រមាន​អឺរ៉ុប បើ​ហ៊ាន​បិទ​ការ​នាំចូល​ដូងប្រេង​
22, Mar 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​គំរាម​ចាត់វិធានការ​ឆ្លើយតប ប្រសិនបើ​សហភាព​អឺរ៉ុប​បិទ​ការ​នាំចូល​ដូងប្រេង​តាម​ផែនការ​មែន​នោះ​។ រដ្ឋ​សមាជិក​អាស៊ាន​ដែលជា​អ្នក​នាំចេញ​ផលិតផល​ដូងប្រេង​ដ៏​ធំ​របស់​ពិភពលោក អះអាងថា ចំណាត់ការ​របស់​អឺរ៉ុប​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាជន​រាប់លាន​នាក់​ដែល​ពឹង​អាស្រ័យ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​មួយ​នេះ ហើយ​ធ្វើឡើង​ក្រោមរូបភាព​នយោបាយ​ជា​ងក​គោលដៅ​ការពារ​បរិស្ថាន​។​

 
​វិធាន​ការបិទ​ការនាំ​ចូល​ដូងប្រេង​របស់​អឺរ៉ុប ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​មិន​ពេញចិត្ត​ឡើយ​។ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី​ដែលមាន​ការនាំចេញ​ដូងប្រេង​សរុប​ចំនួន​៨៥​ភាគរយ​នៃ​ការនាំចេញ​ទាំងអស់ បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការធ្លាក់ចុះ​ជីវភាព​របស់​ប្រជាជន​រាប់លាន​នាក់ ដែល​កំពុង​បម្រើការ​ក្នុង​វិស័យ​មួយ​នេះ​។ ប្រទេស​ទាំងពីរ​នេះ ក៏បាន​គំរាម​ចាត់វិធានការ​ប្រឆាំង​សហភាព​អឺរ៉ុប​វិញ បើ​ឈប់​នាំចូល​ដូងប្រេង​មែន​នោះ​រាប់​តាំងពី​ការ​រឹតត្បិត​ទំនិញ​អឺរ៉ុប​វិញ​ផង​។​
 
​ចំណាត់ការ​របស់​សហ​ភាព​អឺរ៉ុប កើតឡើង​ក្រោយ​សភា​អឺរ៉ុប​ជំរុញ​ការកាត់បន្ថយ​ការប្រើប្រាស់​ដូងប្រេង​នៅ​ឆ្នាំ​២០២៣ មុននឹង​ឈានដល់​ការហាម​ប្រាម​ទាំងស្រុង​នៅ​ឆ្នាំ​២០៣០ ។ អឺរ៉ុប​បារម្ភ​ថា ការប្រើប្រាស់​ដូងប្រេង​ដើម្បី​ផលិត​ថាមពល អាច​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន ការកាប់បំផ្លាញ​ព្រៃឈើ និង​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​អាកាសធាតុ​ផង​។ 
 
​រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សមុទ្រ​ឥណ្ឌូណេស៊ី Luhut Pandjaitan ប្រាប់​កាសែត​ហុងកុង South China Morning Post ថា ឥណ្ឌូណេស៊ី មាន​ជំហរ​ម៉ឹងម៉ាត់​លើ​ការហាមឃាត់​ទំនិញ​អឺរ៉ុប​។ លោក Luhut បាន​រិះគន់​អឺរ៉ុប​ថា អនុវត្ត​ស្តង់ដា​ពីរ​ជាន់​ដែល​នឹង​សម្លាប់​ការងារ​ប្រជាជន​ជាច្រើន​លាន​នាក់​។ ទាំង​ឥណ្ឌូណេស៊ី ទាំង​ម៉ាឡេស៊ី នឹងមិន​ស្ងៀម​ឡើយ​ចំពោះ​សកម្មភាព​របស់​អឺរ៉ុប ហើយនឹង​យក​រឿងនេះ​ទៅ​តតាំង​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផង​។​
 
​បើតាម​កាសែត​ដដែល លោក Ong Kian Ming អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ និង​ឧស្សាហកម្ម​ម៉ាឡេស៊ី​និយាយ​ដែរ​ថា ម៉ាឡេស៊ី​នឹង​បន្ត​លើ​ករណីនេះ​នៅក្នុង​កិច្ចប្រជុំ​នានា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ជាការ​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​។ លោក​បន្ថែមថា ក្រសួង​របស់លោក​នឹង​ពិនិត្យមើល​ការឆ្លើយតប​ដទៃទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ក្នុង​គោលដៅ​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ទីផ្សារ​អឺរ៉ុប លោក Ong លើកឡើងថា ម៉ាឡេស៊ី​នឹង​រក​ទីផ្សារ​ដទៃទៀត​ផងដែរ​។​
 
​តាមពិតទៅ ការ​រឹតត្បិត​ការប្រើប្រាស់​ដូងប្រេង ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​របស់​អឺរ៉ុប​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។ អឺរ៉ុប​បានដាក់​ផែនការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែលជា​មូលហេតុ​សំខាន់​មួយ​នៃ​ការផ្លាស់ប្ដូរ​អាកាសធាតុ​នេះ​។ អឺរ៉ុប មាន​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាងតិច​៤០​ភាគរយ​នៅ​ឆ្នាំ​២០៣០ បង្កើន​ការប្រើប្រាស់​ថាមពល​កើតឡើង​ឲ្យ​បាន​៣២​ភាគរយ និង​ពង្រីក​ប្រសិទ្ធភាព​ថាមពល​ចំនួន​យ៉ាងតិច​៣២,៥​ភាគរយ​។​
 
​យ៉ាងណាមិញ រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​ក៏​បញ្ជាក់ដែរថា ចំណាត់ការ​របស់​អឺរ៉ុប​ជាការ​សម្រេចចិត្ត​នយោបាយ ហើយ​មានការ​រើសអើង​ថែមទៀត ដ្បិត​អឺរ៉ុប​ប្រុង​ហាម​ដូងប្រេង តែ​បែរជា​ទទួល​ទិញ​សណ្ដែកសៀង​ដែល​ប្រើប្រាស់​ដី​ច្រើនជាង​ដូងប្រេង​ទៅវិញ​។ លើសពីនោះ លោក Luhut ក៏​ព្រមាន​ថា​ទៀតថា ការហាមឃាត់​របស់​អឺរ៉ុប​ក៏​នឹង​ប៉ះពាល់​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ឥណ្ឌូណេស៊ី​ទៀតផង ខណៈ​ប្រជាជន​១៧,៦​លាន​នាក់ ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​ក្នុង​ផលិតកម្ម​ដូងប្រេង​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
  អឺរ៉ុប​
  ដូងប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com