អន្តរជាតិ
លោក ត្រាំ ថា ដល់ពេល​អាមេរិក​ទទួលស្គាល់ «​ខ្ពង់រាប​ហ្គោ​ឡង់​» ជា​របស់​អុីស្រាអែល​
22, Mar 2019 , 2:38 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (កណ្ដាល), សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham (ឆ្វេង) និងអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល (ស្ដាំ) ឈរនៅខ្ពង់រាបហ្គោឡង់។ (រូបភាព AFP)
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (កណ្ដាល), សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham (ឆ្វេង) និងអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ីស្រាអែល (ស្ដាំ) ឈរនៅខ្ពង់រាបហ្គោឡង់។ (រូបភាព AFP)
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែមីនា និយាយថា អាមេរិក​គួរ​ទទួលស្គាល់​អធិបតេយ្យ​របស់​អ៊ីស្រាអែល​លើ​ខ្ពង់រាប​ហ្គោ​ឡង់​ដែល​អ៊ីស្រាអែល​គ្រប់គ្រង​ខុសច្បាប់​ក្រោយ​សង្គ្រាម​ឆ្នាំ​១៩៦៧ ។ លោក ត្រាំ ចាត់ទុក​ខ្ពង់រាប​នេះ​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​អ៊ីស្រាអែល និង​ស្ថិរភាព​តំបន់​។ ប៉ុន្តែ​ការទទួលស្គាល់​នេះ ទំនងជា​ដុត​បញ្ឆេះ​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា ដ្បិត​អន្តរជាតិ​មិនដែល​ទទួលស្គាល់​ការគ្រប់គ្រង​របស់​អ៊ីស្រាអែល​ឡើយ​។​

 
​ក្រោយពេល​៥២​ឆ្នាំ វា​ដល់​ពេលដែល​អាមេរិក​ត្រូវ​ទទួលស្គាល់​ពេញលេញ​នូវ​អធិបតេយ្យ​របស់​អ៊ីស្រាអែល​លើ​ខ្ពង់រាប​ហ្គោ​ឡង់​។ នេះ​ជាការ​ប្រកាស​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ តាម​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​២១ ខែមីនា​។ ការប្រកាស​បែបនេះ អាចជា​កាដូ​ដ៏​ធំ​មួយ​សម្រាប់​នាយករដ្ឋមន្ត្រី បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ដែល​ត្រៀម​ប្រជែង​ក្នុងការ​បោះឆ្នោត តែ​វា​ក៏​អាច​បង្កបញ្ហា​ដល់​តំបន់​ដែលមាន​តានតឹង​មិនចេះចប់​នេះដែរ​។​
 
​អ៊ីស្រាអែល​ល ដណ្ដើម​គ្រប់គ្រង​ខ្ពង់រាប​ហ្គោ​ឡង់ តំបន់​ត្រើយ​ខាងលិច ជ្រោយ​ហ្កា​សា និង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត​ក្នុង​សង្គ្រាម​៦​ថ្ងៃ​ក្នុង​ឆ្នាំ​១៩៦៧ ជាមួយ​ប្រទេស​មជ្ឈិមបូព៌ា​មាន​ស៊ី​រី ហ្ស៊​កដា​នី និង​អេ​ហ្ស៊ី​ប​ជាដើម​។ ប៉ុន្តែ​ការប្រកាស​កម្មសិទ្ធិ​លើ​ខ្ពង់រាប​របស់​ស៊ី​រី និង​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ខាងកើត មិន​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់​ឡើយ​។ សព្វថ្ងៃនេះ ប្រជាជន​អ៊ីស្រាអែល​ប្រមាណ​ពីរម៉ឺន​នាក់​កំពុង​រស់នៅ​លើទឹក​ដី​ដែល​កាន់កាប់​ដោយ​ខុសច្បាប់​នេះ​។ 
 
​ការប្រកាស​របស់លោក ត្រាំ ទទួល​បានការ​សាទរ​ខ្លាំង​ពី​លោក ណេ​តាន់​យ៉ា​ហ៊ូ ដែល​រំពឹងថា ទទួលបាន​ប្រយោជន៍​ខ្លាំង​ពី​ការផ្លាស់ប្ដូរ​ជំហរ​របស់​អាមេរិក​។ តាមរយៈ Twitter របស់ខ្លួន នាយករដ្ឋមន្ត្រី​រូបនេះ​បាន​អរគុណ​ប្រធានាធិបតី ត្រាំ ដែល​សម្រេចចិត្ត​ចំពេល​ដែល​អ៊ីរ៉ង់​ចង់​ប្រើប្រាស់​ទឹកដី​ស៊ី​រី​ដើម្បី​បំផ្លាញ​អ៊ីស្រាអែល​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ក៏មាន​ឥទ្ធិពល Lindsey Graham ក៏​សាទរ​ការសម្រេចចិត្ត​នេះដែរ​។​
 
​ការទទួលស្គាល់​ខ្ពង់រាប​ហ្គោ​ឡង់​ដែ​លោក ត្រាំ ចាត់ទុកជា​ទីតាំង​យុទ្ធសាស្ត្រ​សំខាន់បំផុត​សម្រាប់​អ៊ីស្រាអែល និង​មជ្ឈិមបូព៌ា ប្រៀបដូចជា​ដុត​បញ្ឆេះ​ភាព​តានតឹង​ដូច្នោះ​ដែរ​។ វា​ក៏​មិន​ខុសពី​ចាក់​សាំង​លើ​ភ្លើង​ដូចដែល​អាមេរិក​ធ្លាប់ធ្វើ​កាលពី​ការទទួល​ស្គាល់ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ទាំងមូល​ជា​កម្មសិទ្ធិ​របស់​អ៊ី​ស្រែ​ល​ដូច្នោះ​ដែរ​។ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Leon Panetta និយាយថា អាមេរិក​បោះចោល​ផ្នែក​សំខាន់​មួយទៀត​នៃ​ដំណើរការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​។​
 
​លើសពីនេះ ការប្រកាស​របស់លោក ត្រាំ តាម Twitter បែបនេះ ធ្វើឡើង​មុន​សេត​វិមាន​បញ្ចេញ​ផែនការ​សន្តិភាព​ដើម្បី​ដោះស្រាយ​វិបត្តិ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​មិន​រំពឹងថា ផែនការ​ថ្មី​ដែល​ពន្យារ​ពេលនេះ នឹង​ស្វែងរក​ច្រកចេញ​បានឡើយ តែ​ផែនការ​ថ្មី​នោះ​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​អ៊ីស្រាអែល​ទៅវិញ​ទេ​៕ 

Tag:
 អាមេរិក​
  អ៊ីស្រាអែល​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com