ជាតិ
សង្គមជាតិ
កម្មវិធី​«​ប្រកួតប្រជែង​ពាន​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន​» ជំរុញ​ឲ្យ​យុវជន​ស្រឡាញ់​បរិស្ថាន​
23, Mar 2019 , 9:29 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានប្រកាស​ឲ្យ​យុវជន​ចាប់ពី​អាយុ​១៨ ដល់​៣៥​ឆ្នាំ ដែល​ចង់​ចូលរួម​ក្នុងការ​«​ប្រកួតប្រជែង​ពានរង្វាន់​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន​» ទៅ​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែមិថុនា​។ យុវជន​ដែល​ចូលរួម​ការប្រកួតប្រជែង​នេះ នឹង​អាចអនុវត្ត​ផ្ទាល់​លើ​កិច្ចការ​គាំពារ​បរិស្ថាន ការពារ​ធនធានធម្មជាតិ ជីវៈចម្រុះ និង​ការស្រាវជ្រាវ​រក​គំហើញ​វិទ្យាសាស្ត្រ​។


 
​កម្មវិធី​ប្រកួតប្រជែង ពានរង្វាន់​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន គឺជា​សកម្មភាព​អប់រំ​បែប​បរិស្ថាន​អាស៊ាន និង​ដើម្បី​ជា​ឱកាស​បញ្ជ្រាប​ដល់​សមាជិក​ក្នុង​អាស៊ាន ក្នុង​ការថែទាំ​បរិស្ថាន​ឲ្យ​បាន​ស្អាត​ល្អ និង​មាន​សម្រស់​ពណ៌​បៃតង​។ កម្មវិធី​នេះ នឹង​ប្រព្រឹត្តឡើង​នៅ​ខែកញ្ញា និង​តុលា​។ សម្រាប់​ជ័យលាភី នឹង​ទទួលបាន​ឱកាស​ក្លាយជា​យុវជន​គំរូ​នៅក្នុង​ប្រទេស​អាស៊ាន ដែល​ចូលរួម​ផ្សព្វផ្សាយ​ពី​គំនិត​ថ្មីៗ សម្រាប់​ការពារ​បរិស្ថាន​ស្អាត និង​បៃតង​។  
 
​តាមរយៈ​កម្មវិធី​នេះ នៅ​ប្រទេស​ព្រុយ​ណេ និង​សិង្ហ​បុរី បានបង្ហាញ​ពី​លទ្ធផល​ជោគជ័យ និង​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ការពារ​បរិស្ថាន​។ ក្រុម​ផែនការ​សកម្មភាព​អប់រំ​បរិស្ថាន​អាស៊ាន (AWGEE) បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន សម្រាប់​ឲ្យ​កម្ពុជា​ក្លាយជា​ម្ចាស់ផ្ទះ នៃ​ការ        បង្កើត​កម្មវិធី​នេះ​។ ចំពោះ​ពានរង្វាន់​យុវជន​ឆ្នើម​បរិស្ថាន​អាស៊ាន នឹង​ប្រគល់ជូន​ជ័យលាភី​២​រូប ដែល​មកពី​ប្រទេស​សមាជិក​ក្នុង​អាស៊ាន ដែល​បាន​អនុវត្ត​នៃ​គំនិត​ដ៏​ជោគជ័យ លើ​កិច្ចការងារ​ការ​គាំពារ​បរិស្ថាន​យ៉ាងហោចណាស់​រយៈពេល​៥​ឆ្នាំ​។ 
 
​សម្រាប់​បេក្ខជន​ដែលមាន​បំណង​ចូលរួម ត្រូវតែ​ជា​អ្នកមាន​ឆន្ទៈ​ក្នុងការ​គ្រប់គ្រង និង​កាត់បន្ថយ​កាកសំណល់ ការប្រែប្រួល​អាកាសធាតុ ប្រសិទ្ធ​ផល​ថាមពល អនាម័យ ការ​សន្សំសំចៃ​ទឹក និង​ការអភិរក្ស​ជីវចម្រុះ​ពិតប្រាកដ​។ ក្រសួងបរិស្ថាន​ចង់​ឲ្យ សាធារណជន ចូលរួម​កម្មវិធី​នេះ ដើម្បី​រួមគ្នា​ការពារ​បរិស្ថាន​៕

Tag:
 រង្វាន់​
 ​យុវជន​
 ​អាស៊ាន​
 ​បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com