អគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស បានរិះគន់បណ្តាប្រទេសខាងក្រៅតំបន់ និងអ្នកនយោបាយលោកខាងលិចដែលមានចរិកលក្ខណៈជ្រៀតជ្រែកបញ្ហាសមុទ្រចិនខាងត្បូង និងថែមទាំងអនុវត្តគោលនយោបាយការទូតគំរាមកំហែងទៀតផង។ អ្នកការទូតចិនរូបនេះ អះអាងថា គោលនយោបាយបែបនេះ មិនជួយលើកកម្ពស់សន្តិភាពនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។
លោកអគ្គរដ្ឋទូតចិនប្រចាំអង់គ្លេស Liu Xiaoming តាមរយៈអត្ថបទអត្ថាធិប្បាយជាមួយនឹងចំណងជើង «កិច្ចការទូតដោយប្រើកម្លាំងគំរាមកំហែងមិនជួយលើកតម្កើងសន្តិភាពនោះទេ» ដែលចុះផ្សាយនៅក្នុងសារព័ត៌មាន The Daily Telegraph នៅថ្ងៃ២០ មីនា បានមើលឃើញពីសក្តានុពល និងភាពកាន់តែល្អប្រសើរនៅសមុទ្រចិនខាងត្បូងនៅពេលអវត្តមានការរំខាន និងជ្រៀតជ្រែកពីប្រទេសខាងក្រៅតំបន់។
លោកអគ្គរដ្ឋទូត បានលើកឡើងថាបណ្តាអ្នកនយោបាយលោកខាងលិចមួយក្រុម បានធ្វើសកម្មភាពដើម្បីធានាពីសេរីភាពនៃការធ្វើនាវាចរណ៍ដើម្បីជាលេសបង្ហាញសាច់ដុំយោធារបស់ខ្លួនតាមរយៈការបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ទាំងសមុទ្រចិនខាងត្បូង ត្រូវបានការពារដោយច្បាប់អន្តរជាតិរួចទៅហើយនោះ។
រៀងរាល់ឆ្នាំ មាននាវាពាណិជ្ជកម្មជាង ១០ ម៉ឺនគ្រឿង ស្មើនឹងមួយភាគបីនៃពាណិជ្ជកម្មដែនសមុទ្ររបស់ពិភពលោក បានឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយមិនដែលមាននាវាណាមួយ ត្រូវបានរំខានឡើយ។ សូម្បីតែភាគច្រើននៃទំនិញក្នុងពាណិជ្ជកម្មរវាងអង់គ្លេសនិងចិនដែលមានទំហំរហូតដល់ ៨០ ពាន់លានដុល្លារ ក៏ឆ្លងកាត់សមុទ្រចិនខាងត្បូងផងដែរ។ នេះបើយោងតាមការអះអាងរបស់លោក Liu។
ចំណុចនេះហើយ ដែលធ្វើឲ្យបេសកជនជាន់ខ្ពស់របស់ចិនរូបនេះ ហ៊ានពិពណ៌នាសមុទ្រចិនខាងត្បូង ថា ជាដែនពាណិជ្ជកម្មដ៏មមាញឹក សុវត្ថិភាព និងសេរីផុតបំផុតរបស់ពិភពលោក។
យ៉ាងណាក្តីទន្ទឹមនឹងការមើលឃើញពីចំណុចពិសេសរបស់សមុទ្រចិនខាងត្បូង តាមរយៈអត្ថបទដដែលនោះ លោកអគ្គរដ្ឋទូត បានថ្កោលទោសដល់ឥរិយាបថបណ្តាប្រទេសមួយចំនួន ដែលជ្រើសរើសយកការបញ្ជូននាវាចម្បាំងដើម្បីជាលេសនៃប្រតិបត្តិការសេរីនៃការធ្វើនាវាចរណ៍ ដោយពេលខ្លះថែមទាំងចូលទៅកៀកនឹងតំបន់កោះរបស់ចិនដោយខុសច្បាប់ទៀតផង។
ខណៈអះអាងថា ចិន និងអាស៊ាន អាចធ្វើការរួមគ្នាបានតាមរយៈការចរចា និងពិគ្រោះយោបល់លើបញ្ហាសមុទ្រចិនខាងត្បូង លោកអគ្គរដ្ឋទូត ក៏បានផ្តាំផ្ញើ និងព្រមានដល់បណ្តាប្រទេសខាងក្រៅកុំឲ្យយកសេរីភាពនៃការធ្វើនាវាចរណ៍ហើយធ្វើសកម្មភាពតាមតែទំនើងចិត្តនៅក្នុងសមុទ្រចិនខាងត្បូង។ លោក សង្កត់ធ្ងន់ថា សកម្មភាពនេះ បានបំពានដល់សិទ្ធិ និងអធិបតេយ្យរបស់ចិនហើយ។
គួរជម្រាបផងដែរថា សមុទ្រចិនខាងត្បូង គឺជាសមុទ្រមួយដែលមានវិវាទអូសបន្លាយអស់រយៈពេលច្រើនទសវត្សរ៍មកហើយរវាងរដ្ឋអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម ជាមួយនឹងចិន។ ភាគីទាំងសងខាង មានវិវាទត្រង់ការទាមទារសិទ្ធិគ្រប់គ្រងលើតំបន់ត្រួតស៊ីគ្នា។ បច្ចុប្បន្ន ភាគីទាំងសងខាង កំពុងតែចរចាគ្នាក្នុងការកសាងក្រមប្រតិបត្តិមួយដើម្បីគ្រប់គ្រងសកម្មភាពនៅទីនោះ។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ កន្លងមក អាមេរិក ត្រូវបានមើលឃើញថាជារដ្ឋខាងក្រៅដ៏សកម្មមួយ ដែលជាញឹកញាប់បានបញ្ជូនទាំងនាវាល្បាត និងយន្តចម្បាំងមកកាន់តំបន់នេះ ក្រោមហេតុផលដើម្បីអនុវត្តសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរ៕