ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​ដែល​គួរ​ចៀសវាង​ពេល​ហើមពោះ​
24, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​វា​គឺជា​រឿង​ធម្មតា​ទេ ក្នុងការ​ញ៉ាំ​អាហារ​រហូតដល់​ប៉ោង​ពោះ​នោះ​។ ប៉ុន្តែ​បើសិនជា​វា​ប៉ោង​ពោះ​ខ្លាំង​ជាង​ធម្មតា និង​មិន​ធ្វើ​ឲ្យ​យើង​មាន​ផាសុកភាព​ទេ នោះ​ហៅថា​ជាការ​ហើមពោះ​ហើយ​ដែល​រឿងនេះ​អាច​ដោយសារ​តែមាន​ខ្យល់​ចេញ​ក្នុង​ពោះវៀន​ច្រើន​ខុសធម្មតា​។​ករណីខ្លះ ការ​ហើមពោះ​អាច​បណ្តាលមកពី អាហារ​ធ្វើទុក្ខ រលាក​ពោះវៀន ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ក​។ ប៉ុន្តែ​វា​ក៏មាន​មូលហេតុ​ច្រើន​ទៀត​ដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ ភាគច្រើន​អ្វីដែល​អ្នក​ដាក់​ចូលក្នុង​មាត់​ញ៉ាំ​តែងតែ​ជាហេតុ​ផល​នាំ​ឲ្យ​ហើមពោះ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​ខាងក្រោម​នេះ​នៅពេល​កំពុងតែ​ហើមពោះ​។​


 
​បន្លែ​ប្រភេទ​ក្តោបៗ​
 
​បន្លែ​ប្រភេទ​នេះ​ដូចជា ស្ពៃក្តោប ប្រូ​ខូ​លី ផ្កា​ខាត់ណា និង​ប៉​កច​យ ត្រូវបាន​គេ​រកឃើញថា ជា​អាហារ​អាចជួយ​បង្ការ​ជំងឺមហារីក​បាន​។ គួរ​ឲ្យ​ស្តាយ វា​ជា​អាហារ​ដែល​ងាយ​ធ្វើ​ឲ្យ​ហើមពោះ​ណាស់​។ ប៉ុន្តែ​បើសិនជា​អ្នក​នៅតែ​ចង់​ញ៉ាំ​វា ចូរ​ប្រាកដថា​អ្នក​បាន​ចម្អិន​វា​ឆ្អិន​ល្អ​ហើយ​។ 
 
​សណ្តែក​
 
​ពពួក​បន្លែ​ជា​ប្រភេទ​សណ្តែក ល្អ​ណាស់​ចំពោះ​សុខភាព​ដោយសារតែ​វា​សម្បូរ​ជាតិ​សរសៃ ដែល​រាងកាយ​ត្រូវការ​ដើម្បី​កាត​ពារ​ការ​ទល់លាមក ឫសដូងបាត មហារីក​ពោះវៀនធំ និង​ជំងឺ​បេះដូង​។ ប៉ុន្តែ វា​ត្រូវបាន​គេ​ដឹងថា ជំរុញ​ឲ្យ​ហើមពោះ ដោយសារតែ​វា​មាន​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែល​បាក់តេរី​ក្នុង​ពោះវៀន​ចូលចិត្ត​។ នៅពេល​បាក់តេរី​ក្នុង​ពោះវៀន​ស៊ី​ស្ករ​នេះ​ច្រើន វា​នឹង​បញ្ចេញ​ជាតិ​ឧស្ម័ន​កាន់តែច្រើន​ទៅក្នុង​ពោះវៀន​ដែរ​។ 
 
​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
 
​បើសិនជា​អ្នក​ចេះតែ​ហើមពោះ​ជាមួយគ្នា​នឹង​ការ​ចង្អោ​ផង រាក​ផង និង​កូរ​ក្នុង​ពោះ​ផង​ក្រោយពី​ញ៉ាំ​ទឹកដោះគោ​រួច នេះ​អាច​ដោយសារតែ​ទឹកដោះគោ​ធ្វើទុក្ខ​អ្នក​ហើយ​។ ទឹកដោះគោ​នេះ​មាន​លក្ខណៈ​ដូចគ្នា​នឹង​សណ្តែក​ដែរ គឺមាន​ជាតិ​ស្ករ​មួយ​ប្រភេទ​ដែល​បាក់តេរី​ក្នុង​ពោះវៀន​ចូលចិត្ត ដូច្នេះ​វា​នឹង​ផលិត​ឧស្ម័ន​កាន់តែច្រើន​ក្នុង​ពោះវៀន​ដែរ​។ 
 
​ញ៉ាំ​ប្រៃ​
 
​ករណីខ្លះ ការ​ហើមពោះ មិនមែន​បង្កឡើង​ដោយ​ការ​មាន​ខ្យល់​ច្រើន​ក្នុង​ពោះវៀន​ទេ តែមាន​ទឹក​ច្រើនពេក​វិញ​។ នោះ​គឺជា​ការ​ចាល​ជាតិ​ទឹក​ច្រើន​ក្នុង​ពោះ​រហូតដល់​ហើម​។ នេះ​ដោយសារតែ​របប​អាហារ​មាន​ជាតិ​ប្រៃ​ច្រើនពេក​។ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ប្រៃ​ច្រើនជាង ២៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ សម្រាប់​អ្នកជំងឺ​លើស​សម្ពាធ​ឈាម ឬ​ទឹកនោមផ្អែម ចូរ​ញ៉ាំ ១៥០០​មី​លី​ក្រាម​ឬ​តិចជាង​នេះ ក្នុង​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com