ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារដែលគួរចៀសវាងពេលហើមពោះ
× វាគឺជារឿងធម្មតាទេ ក្នុងការញ៉ាំអាហាររហូតដល់ប៉ោងពោះនោះ។ ប៉ុន្តែបើសិនជាវាប៉ោងពោះខ្លាំងជាងធម្មតា និងមិនធ្វើឲ្យយើងមានផាសុកភាពទេ នោះហៅថាជាការហើមពោះហើយដែលរឿងនេះអាចដោយសារតែមានខ្យល់ចេញក្នុងពោះវៀនច្រើនខុសធម្មតា។ករណីខ្លះ ការហើមពោះអាចបណ្តាលមកពី អាហារធ្វើទុក្ខ រលាកពោះវៀន ការច្រាលអាស៊ីតពីក្រពះទៅបំពង់ក។ ប៉ុន្តែវាក៏មានមូលហេតុច្រើនទៀតដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ភាគច្រើនអ្វីដែលអ្នកដាក់ចូលក្នុងមាត់ញ៉ាំតែងតែជាហេតុផលនាំឲ្យហើមពោះ ដូច្នេះយកល្អគួរតែព្យាយាមចៀសវាងអាហារខាងក្រោមនេះនៅពេលកំពុងតែហើមពោះ។
បន្លែប្រភេទក្តោបៗ
បន្លែប្រភេទនេះដូចជា ស្ពៃក្តោប ប្រូខូលី ផ្កាខាត់ណា និងប៉កចយ ត្រូវបានគេរកឃើញថា ជាអាហារអាចជួយបង្ការជំងឺមហារីកបាន។ គួរឲ្យស្តាយ វាជាអាហារដែលងាយធ្វើឲ្យហើមពោះណាស់។ ប៉ុន្តែបើសិនជាអ្នកនៅតែចង់ញ៉ាំវា ចូរប្រាកដថាអ្នកបានចម្អិនវាឆ្អិនល្អហើយ។
សណ្តែក
ពពួកបន្លែជាប្រភេទសណ្តែក ល្អណាស់ចំពោះសុខភាពដោយសារតែវាសម្បូរជាតិសរសៃ ដែលរាងកាយត្រូវការដើម្បីកាតពារការទល់លាមក ឫសដូងបាត មហារីកពោះវៀនធំ និងជំងឺបេះដូង។ ប៉ុន្តែ វាត្រូវបានគេដឹងថា ជំរុញឲ្យហើមពោះ ដោយសារតែវាមានជាតិស្ករមួយប្រភេទដែលបាក់តេរីក្នុងពោះវៀនចូលចិត្ត។ នៅពេលបាក់តេរីក្នុងពោះវៀនស៊ីស្ករនេះច្រើន វានឹងបញ្ចេញជាតិឧស្ម័នកាន់តែច្រើនទៅក្នុងពោះវៀនដែរ។
អាហារធ្វើពីទឹកដោះគោ
បើសិនជាអ្នកចេះតែហើមពោះជាមួយគ្នានឹងការចង្អោផង រាកផង និងកូរក្នុងពោះផងក្រោយពីញ៉ាំទឹកដោះគោរួច នេះអាចដោយសារតែទឹកដោះគោធ្វើទុក្ខអ្នកហើយ។ ទឹកដោះគោនេះមានលក្ខណៈដូចគ្នានឹងសណ្តែកដែរ គឺមានជាតិស្ករមួយប្រភេទដែលបាក់តេរីក្នុងពោះវៀនចូលចិត្ត ដូច្នេះវានឹងផលិតឧស្ម័នកាន់តែច្រើនក្នុងពោះវៀនដែរ។
ញ៉ាំប្រៃ
ករណីខ្លះ ការហើមពោះ មិនមែនបង្កឡើងដោយការមានខ្យល់ច្រើនក្នុងពោះវៀនទេ តែមានទឹកច្រើនពេកវិញ។ នោះគឺជាការចាលជាតិទឹកច្រើនក្នុងពោះរហូតដល់ហើម។ នេះដោយសារតែរបបអាហារមានជាតិប្រៃច្រើនពេក។ យកល្អគួរតែកុំញ៉ាំប្រៃច្រើនជាង ២៣០០មីលីក្រាមក្នុងមួយថ្ងៃ។ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម ឬទឹកនោមផ្អែម ចូរញ៉ាំ ១៥០០មីលីក្រាមឬតិចជាងនេះ ក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com