ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បុគ្គល​មាន​ស្នាដៃ​ក្នុងសង្គម​ខ្មែរ ផ្តាំ​យុវជន​ឲ្យ​ចេះ​តស៊ូ ស្គាល់ និង​រក្សា​តម្លៃ​ខ្លួន​
23, Mar 2019 , 11:59 am        
រូបភាព
​ភ្នំពេញ​៖ កម្មវិធី​មាគ៌ា​បញ្ញវន្ត ដែល​រៀបចំ​ដោយ​ក្រុម​មាគ៌ា​ឆ្ពោះទៅ​អនាគត បាន​អញ្ជើញ​បុគ្គល​មាន​ស្នាដៃ​ក្នុងសង្គម ទាំង​ផ្នែក​សាសនា សិល្បៈ និង​វប្បធម៌ មក​ចែករំលែក​បទពិសោធ​ជីវិត ដើម្បី​ជំរុញ​យុវជន ឱ្យ​ស្គាល់​តម្លៃ​របស់ខ្លួន​កាន់តែច្បាស់​។ នៅពេលដែល​យុវជន​យល់​តម្លៃ​ខ្លួន នោះ​ទោះបីជា​ពួកគេ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ពួកគេ​នៅតែ​អាច​ច្នៃ​ស្ថានការណ៍​ឱ្យ​ប្រសើរឡើង​បាន​។​


 
​ដើម្បី​បាន​ជ្រាប​ច្បាស់​ពី​ការយល់ឃើញ​របស់​យុវជន​ពី​បញ្ហា​ជីវិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំឡើង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​ក្នុង​សាល​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន យុវជន​យ៉ាងច្រើន​បាន​ចូលរួម​ក្នុង​កម្មវិធី មាគ៌ា​បញ្ញវន្ត​។ វាគ្មិន​ជាច្រើនរូប​ដែលមាន​ស្នាដៃ​ដ៏​គួរ​ឲ្យ​កោតស្ញប់ស្ញែង ដូចជា អ្នកស្រី ឌី សា​វ៉េ​ត​,​លោកតា គង់ ណៃ​,​លោក អៀង ស៊ី​ធុល​,​លោកតា ហ៊ុន ហេង និង​លោក សាន ស​ម្ភ​ស្ស ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ចែករំលែក​បទពិសោធ​ជីវិត និង​ផ្ដល់​ដំបូន្មាន​ដល់​យុវជន​។ អ្នកស្រី ម៉ៅ សំណាង និង​លោក អៀង អឿន ក៏បានផ្ដល់​សារ​អប់រំ​តាមរយៈ​វីដេអូ​ខ្លី​ផងដែរ ជំនួស​ឱ្យ​ការមិន​បានមក​ចូលរួម​ផ្ទាល់​។​
 
​យុវជន សុខ ពៅសំណាង ជា​អ្នកចូលរួម​ម្នាក់ ដែល​អង្គុយ​នៅ​កៅអី​ជួរ​ខាងក្រោយ​ជិត​ផ្លូវ​ចូល​។ ស្ដាប់​វាគ្មិន​ចែករំលែក​បទពិសោធ​យ៉ាង​យកចិត្តទុកដាក់ យុវជន​វ័យ​២២​ឆ្នាំ​រូបនេះ ថា​កម្មវិធី​នេះ​បានផ្ដល់​ចំណេះដឹង​ជាច្រើន ទាំង​ការបណ្ដុះ​ស្មារតី និង​ផ្ដល់​គំនិត​ពង្រឹង​ជំនាញ​បន្ថែម ដល់​ខ្លួន​។ ក្នុងចំណោម​ចំណុច​ជាច្រើន ដែល​យុវជន​មាន​មាឌតូច​រូបនេះ​ទទួលបាន លោក​លើក​ចំណុច​មួយ​ដែល​ខ្លួន​ចាប់អារម្មណ៍​ដូច្នេះ​៖« ខ្ញុំ​ទទួលបាន​បទពិសោធ​ថ្មីៗ ពី​ព្រឹទ្ធាចារ្យ ដែល​អាច​ហៅ​បាន​ថា​ជា​មរតក​មនុ​ស្សរស់ ជាពិសេស​សារ​ខ្លីៗ​ដែល​គាត់​ផ្ដល់ឱ្យ​។ ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ លោកតា ហ៊ុន ហេង ប្រាប់​ថាបើ​យើង​ធ្វើ​អ្វីមួយ ត្រូវធ្វើ​រហូត ហើយ​បើ​យើង​ធ្វើ​ការងារ​ត្រូវ​នឹង​ឧបនិស្ស័យ គឺ​ធ្វើឱ្យ​យើង​មាន​ភាពងាយស្រួល​»​។​


 
​ចំណែក​កញ្ញា ឈឿន ស្រីរ័ត្ន នៅ​រហូតដល់​ចប់​កម្មវិធី​ចាប់អារម្មណ៍​ពី​ជីវិត​ពិការភាព​របស់​លោកតា គង់ ណៃ ដែល​អាច​ច្នៃ​ភាព​ពិការ​របស់ខ្លួន ស្វែងរក​ជំនាញ​សម​ស្រម​នឹង​ស្ថានភាព​ជីវិត​។ «​ខ្ញុំ​ចាប់អារម្មណ៍​លោកតា គង់ ណៃ​។ ដ្បិតតែ​លោក​ពិការភ្នែក តែ​លោក​មិន​ព្រម​ចុះចាញ់​ទេ លោក​បាន​រក​អាជីព​មួយ​ដែល​សម​នឹង​គាត់ ហើយ​នៅតែ​បន្ត​ដល់​បច្ចុប្បន្ន​។ ដំបូង​គាត់​គិតថា គាត់​លេង​ចាប៉ី​ដើម្បី​ទ្រទ្រង់​ជីវភាព តែ​ក្រោយមក​ទើប​គាត់​យល់ថា គាត់​លេង​ចាប៉ីដងវែង គឺជា​គុណ​តម្លៃ​សម្រាប់​ប្រទេស​យ៉ាង​ធំ​»​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា ស្រីរ័ត្ន​។  


 
​មាន​សម្បុរ​ស្រអែម និស្សិត​បុរាណវិទ្យា​វ័យ​១៩​ឆ្នាំ មកពី​ខេត្តរតនគិរី​រូបនេះ បាន​រកឃើញ​ផ្លូវ​ធ្វើឱ្យ​ខ្លួន​ដើរ​ទៅជិត​គោលដៅ​កាន់តែ​លឿន តាមរយៈ​ឃ្លា​ដូច្នេះ​៖«​អ្វីដែល​ជំរុញ និង​លើកទឹកចិត្ត​ខ្ញុំ គឺ​ពាក្យ​របស់​លោកគ្រូ អៀង ស៊ី​ធុល ទាំង​៤ គឺ​យើង​មកពីណា​? ទៅណា​? ធ្វើ​អ្វី​? ដើម្បី​អ្វី​? ពេលដែល​យើង​ស្វែងរក​ខ្លួនឯង​ឃើញ នោះ​យើង​នឹង​ជោគជ័យ​ក្នុង​ជីវិត​»​។​
 
​អ្នកចូលរួម​មួយរូប​ទៀត គឺ កញ្ញា ណេ ដា​នី​ត យល់ឃើញថា ការរៀបចំ​កម្មវិធី​នេះ​ពិតជា​ល្អ​សម្រាប់​យុវជន​ស្វែងយល់​ពី​ជីវិត និង​គតិបណ្ឌិត​ផ្សេងៗ​របស់​ព្រឹទ្ធាចារ្យ​។ នារី​រូប​ស្រស់ វ័យ​២០​ឆ្នាំ​រូបនេះ អះអាងថា នាង​កាន់តែ​មានគំនិត​តស៊ូ ក្រោយ​បាន​ស្ដាប់ លោកតា ហ៊ុន ហេង រៀបរាប់​ពី​ប្រវត្តិ​ការសិក្សា​បាន​តិចតួច ក្នុងស្ថានភាព​គ្រួសារ​ក្រីក្រ តែ​លោក​ខំ​ស្វ័យ​សិក្សា​រហូត​បាន​ការងារ​និង​មុខតំណែង​ខ្ពស់​។ កញ្ញា​បន្ថែម​៖«​គាត់​អប់រំ​ឱ្យ​យើង​ចេះ​តស៊ូ​ក្នុង​ជីវិត ទោះបីជា​យើង​រៀន​បាន​តិចក្ដី តែ​អាស្រ័យ​លើ​ការតស៊ូ​របស់ខ្លួន​យើង​។ ដូច្នេះ​បើ​យើង​ខំប្រឹងប្រែង​អភិវឌ្ឍន៍​ជំនាញ​ដែលមាន​នៅក្នុង​ខ្លួន​យើង នោះ​វា​នឹង​ទៅមុខ​»​។   


 
​ជា​សហ​ស្ថាបនិក​ក្រុម​មាគ៌ា​ឆ្ពោះទៅ​អនាគត កញ្ញា ចន្ទ ស្រី​ហ៊ុ​ច បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​គោលបំណង​នៃចំ​កម្មវិធី​មាគ៌ា​បញ្ញវន្ត គឺ​ផ្ដល់ឱកាស​ដល់​យុវជន បាន​ជួប​ជាមួយ​ចាស់ព្រឹទ្ធាចារ្យ ដែល​សុទ្ធសឹង​ជា​មរតក​មនុស្ស​រស់ក្នុង​ប្រទេស​ខ្មែរ ដែល​វា​ជា​ឱកាស​ឲ្យ​យុវជន​មាន​ពន្លឺ​ក្នុងការ​កំណត់​គោលដៅ​ជីវិត​។  កញ្ញា ចន្ទ ស្រី​ហ៊ុ​ច បន្ថែមថា គោលដៅ​មួយ​ផ្សេងទៀត របស់​កម្មវិធី​នេះ គឺ​ដើម្បីឱ្យ​តម្លៃ​ដល់​ចាស់ព្រឹទ្ធាចារ្យ​ដែលមាន​ស្នាដៃ មុនពេល​លោក​ចែក​ឋាន​។​


 
កញ្ញា ចន្ទ ស្រី​ហ៊ុ​ច បញ្ជាក់​៖«​នៅពេលដែល​លោកតា ប្រាជ្ញ ឈួន នៅមាន​ជីវិត យុវជន​ជាច្រើន​មិនសូវ​បាន​ស្គាល់​លោកតា​ទេ​។ ប៉ុន្តែ​នៅពេលដែល​លោកតា បាត់បង់​ជីវិត ទើប​គ្រប់គ្នា​ចូលរួម​សោកស្ដាយ និង​កោតសរសើរ​ស្នាដៃ​លោកតា​។ ប៉ុន្តែ​រឿង​ទាំងអស់នោះ វា​បាន​ហួសពេល​បាត់ទៅហើយ​។ បានន័យថា នៅពេលដែល​យើង​លើកសរសើរ គួរតែ​ធ្វើ​នៅពេលដែល​គាត់​នៅមាន​ជីវិត​។ បើ​យើង​លើកសរសើរ​នៅពេលដែល​គាត់​បាត់បង់​ជីវិត​ហើយ វា​មិន​មានន័យ​»​។ 
 
​សហ​ស្ថាបនិក​នេះ​រូបនេះ​អះអាងថា នឹង​រៀបចំ​កម្មវិធី​នេះ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដោយ​រក្សា​ប្រធានបទ​ដដែល តែ​វាគ្មិន​ថ្មី​ជានិច្ច​។​
 
​នៅក្នុង​កម្មវិធី​មាគ៌ា​បញ្ញវន្ត​នេះ អ្នកស្រី ឌី សា​វ៉េ​ត ដែលជា​តារា​សម្ដែង​ជើងចាស់​ដ៏​ល្បីឈ្មោះ បានស្នើ​ជា​សាធារណៈ ទៅកាន់​អ្នកចូលរួម​ថា សូម​ធ្វើយ៉ាងណា​រួមគ្នា​ថែរក្សា​តម្លៃ​ខ្លួន ឱ្យ​ថ្លៃថ្នូរ​ជានិច្ច​ក្នុងនាម​ជា​ខ្មែរ ដើម្បី​កុំឱ្យ​ជាតិ​សាស្ត្រ​ដទៃ​វាយតម្លៃ​ជាតិ​ខ្លួន​។ ចំណែក​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែ លោកតា គង់ ណៃ ផ្ដាំ​ក្មេងជំនាន់ក្រោយ​ឱ្យ​ថែរក្សា​ទម្រង់​ចាប៉ី​ឱ្យបាន​គង់វង្ស ដោយ​លោក​បាន​បញ្ជាក់ថា ពេលវេលា​របស់លោក​មិនយូរ​អង្វែង​ទៀត​នោះទេ​។ 


 
​រីឯ​លោកតា ហ៊ុន ហេង ដែលជា​ទីប្រឹក្សា​ផ្ទាល់​នាយករដ្ឋមន្ត្រី បានផ្ដល់​ដំបូន្មាន​ដល់​ក្មេងជំនាន់ក្រោយ​ឱ្យ​ខំ​សង្វាត​សិក្សា​រៀនសូត្រ និង​តស៊ូ​ជ​ន្នះ​គ្រប់​ឧបសគ្គ​ក្នុង​ជីវិត បើទោះជា​ខ្លួន​ក្រក្រី​យ៉ាងណាក្ដី​។ លោក អៀង ស៊ី​ធុល ដែលជា​សិល្បករ​ពហុ​ជំនាញ​ល្បីល្បាញ​មួយរូប​ដែរនោះ បាន​ប្រាប់​យុវជន​ឱ្យ​សួរ​ខ្លួនឯង​៤​សំណួរ​ថា តើ​ពួកគេ​មកពីណា​? ហើយ​ទៅណា​? ធ្វើ​អ្វី​? ដើម្បី​អ្វី​? លោក​បញ្ជាក់ថា បើ​ជន​ណា​អាច​ឆ្លើយ​សំណួរ​ទាំង​៤​នេះ​បាន នោះ​គោលដៅ​ជីវិត​របស់គេ​ក៏​នឹង​រកឃើញ ហើយ​គេ​ក៏​ដើរ​ឆាប់​ទៅដល់​ដែរ​៕
 

Tag:
 យុវជន​
 ​មាគ៌ា​បញ្ញវន្ត​
 ​មរតក​មនុ​ស្សរស់
© រក្សាសិទ្ធិដោយ thmeythmey.com