ជាតិ
គ្មានអង្គរសង្ក្រាន្ត រដ្ឋបាលខេត្តរៀបចំ «សង្ក្រាន្តសៀមរាប» ការដ្ឋានសៀមរាបសង្រ្កាន្តនៅសួនមហាសណ្ឋាគារអង្គរ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក សុខ សង្វារ ប្រធាន សសយក បេតិកភណ្ឌ
× សៀមរាប៖ នៅឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនោះទេ។ តែដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សសយក ខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត សម្រាប់ការរៀបចំ សង្ក្រាន្តសៀមរាប ជំនួស អង្គរសង្ក្រាន្ត ដើម្បីឱ្យប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីមួយនេះ។
ការបញ្ជាក់ពីការរៀបចំ សង្ក្រាន្តសៀមរាបនេះ ធ្វើឡើងដោយអភិបាលខេត្តសៀមរាប លោក ទៀ សីហា។ លោកបានប្រាប់អ្នកសារព័ត៌មានក្នុងកាលពីថ្ងៃទី១៨ មីនា ក្នុងពិធីបើកសន្និបាតបូកសរុបការងារខេត្ត នៅសណ្ឋាគារ សុខា សៀមរាបថា សសយក មិនបានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅរមណីយដ្ឋានអង្គរទេ ប៉ុន្តែសសយក ខេត្តបានសហការរៀបចំសង្ក្រាន្តសៀមរាប ជាមួយអាជ្ញាធរខេត្ត។ កម្មវិធីសង្ក្រាន្តសៀមរាប មិនសូវខុសពីអង្គរសង្ក្រាន្តប៉ុន្មានដែរ។ តាមការបញ្ជាក់របស់លោកអភិបាលខេត្ត កម្មវិធីរួមមាន ការលេងល្បែងប្រជាប្រិយ កម្មវិធីសាសនា និងកម្មវិធីកម្សាន្តដទៃទៀត។ល។
សម្រាប់ទីតាំងនៃការរៀបចំពិធីវិញ តាមការបញ្ជាក់របស់លោក ទៀ សីហា នឹងប្រព្រឹត្តិទៅនៅបរិវេណសួនច្បារមហាសណ្ឋាគារអង្គរ មុខព្រះរាជដំណាក់។ សង្ក្រាន្តសៀមរាប នឹងធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ទី១៦ មេសា។
គួររម្លឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានរៀបចំរយៈពេល៦ឆ្នាំនៅតំបន់រមណីយដ្ឋានអង្គរ គឺចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ២០១៨។ ព្រឹត្តិការណ៍នេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយនៅឆ្នាំ២០១៨ មានទេសចរជិត២លាននាក់ចូលរួម ក្នុងនោះមានបរទេសជាង ៣ម៉ឺននាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com