ជាតិ
សង្គមជាតិ
លោក ឈឺ​ន ឆី​ម ចាត់ទុក​ការងារ​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ជាការ​ការពារ​ធនធាន​ធម្មជាតិ​
23, Mar 2019 , 5:19 pm        
រូបភាព
រូប លោក ឈឺន ឆីម អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ឡើង​ភ្នំឱរ៉ាល់
រូប លោក ឈឺន ឆីម អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍​ឡើង​ភ្នំឱរ៉ាល់
ដោយ:
​ភ្នំពេញ​៖​លោក ឈឺ​ន ឆី​ម ជា​អ្នក​នាំ​ភ្ញៀវ​ឡើងលើ​ភ្នំ​ឱ​រ៉ា​ល់​។ រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ ដែល​លោក​ឆី​ម បាន​ស្នង​របរ​នេះ​ពី​ឪពុក​។ លោក ឈឺ​ន ឆី​ម បាន​ចាត់ទុកថា ការងារ​ជា​អ្នក​នាំ​ភ្ញៀវ​ជា​ជាការ​បង្ហាញ​ការអនុវត្ត​ផ្ទាល់ ចំពោះ​ការស្រឡាញ់ និង​ការការពារ​ធនធានធម្មជាតិ​។​


 
​លោក ឈឺ​ន ឆី​ម ដែល​ចេះ​និយាយ​ភាសា​អង់គ្លេស​បាន​គួរសម បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក​ទទួល​មាន​ភ្ញៀវ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ។ ដូច្នេះហើយ លោក​ក៏​បង្កើតជា​សមាគម​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​សមាជិក​ចំនួន​១៦​នាក់​។ 
 
​លោក ឆី​ម ថា​លោក​ពិតជា​សប្បាយរីករាយ​ណាស់ នៅពេល​មាន​ភ្ញៀវ​ច្រើន​ដូច្នេះ បើទោះបីជា​ការងារ​នេះ​លំបាក​ក៏ដោយ ព្រោះ​វា​មិន​ត្រឹមតែ​ផ្តល់​ចំណូល​កាន់តែច្រើន​សម្រាប់​លោក អ្នក​នាំ​ភ្ញៀវ​ដទៃទៀត​នោះទេ ប៉ុន្តែ​ការងារ​នេះ ជា​ផ្នែក​មួយ​នៃ​ការស្រឡាញ់ និង​ការការពារ​ធនធានធម្មជាតិ​។ លោក ឈឺ​ន ឆី​ម បញ្ជាក់​៖«​ខ្ញុំ​សប្បាយចិត្ត​មែនទែន ដោយសារតែ​ភ្ញៀវ​ដែល​មករក​ខ្ញុំ សុទ្ធតែជា​អ្នក​ស្រឡាញ់ និង​ការពារ​ធនធានធម្មជាតិ​។ ពួកគេ​មក​ទីនេះ ដើម្បី​ចុះ​ស្រាវជ្រាវ​រុក្ខជាតិ ផ្កា និង​រុក្ខជាតិ​ផ្សេងៗ​ទៀត ហើយ​ខ្ញុំ​ក៏បាន​ចូលរួម​ស្រាវជ្រាវ​ជាមួយ​ពួកគេ​ផងដែរ​។ ពេល​ខ្ញុំ​ជូន​ភ្ញៀវ​ឡើង​ភ្នំ​ម្តងៗ មើលទៅ​សប្បាយ​ស្រស់ស្រាយ ត្រជាក់ត្រជំ​»​។​
 
​ជាទូទៅ ក្នុង​មួយខែ​លោក​ឆី​ម អាច​នាំ​ភ្ញៀវ​ឡើង​ភ្នំ បាន​ពី​២០០ ទៅ​៣០០​នាក់ និង​ទទួលបាន​ចំណូល​ប្រមាណ​១​ពាន់​ដុល្លារ ពី​ការងារ​នេះ​។ បើតាម​លោក ឈឺ​ន ឆី​ម នៅ​អំឡុង​ខែមីនា​នេះ និង​ខែមេសា​ខាងមុខ មាន​ភ្ញៀវទេសចរ​ជាច្រើន​បាន និង​កំពុង​រង់ចាំ ឲ្យ​លោក​ជួយ​នាំ​ផ្លូវ​ជា​ហូរហែ​ផងដែរ​។ ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ គឺ​ត្រូវ​ចំណាយពេល​២​យប់ ៣​ថ្ងៃ ទើប​អាច​ឡើង​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឈឺ​ន ឆី​ម​។​
 
​ភ្នំ​ឱ​រ៉ា​ល់ ជា​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដែលមាន​ប្រវែង​១,៨១៣​ម៉ែត្រ មាន​ទីតាំងនៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ អ្នកទេសចរ ក៏​ឃើញ​សត្វព្រៃ​ជាច្រើន ដូចជា​សត្វ​ដំរី ខ្ទីង គោព្រៃ ខ្លាធំ ខ្លាឃ្មុំ និង​សត្វ​ដទៃទៀត និង​មាន​ទឹកជ្រោះ​ធម្មជាតិ​ជាច្រើន​ទៀតផង​ដែរ​៕ 
 

Tag:
 ឈឺ​ន ឆី​ម​
 ​ភ្នំ​ឱ​រ៉ា​ល់​
 ​ធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com