ជាតិ
ស្ថានទូត​ជប៉ុន​បង្ហាញ​ពិធី​លៀង​តែ​បែប​ប្រពៃណី​ដល់​និស្សិត​កម្ពុជា​
23, Mar 2019 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​បានរៀបចំ​ពិធី​លៀង​តែ តាមបែប​ប្រពៃណី​ប្រជាជន​ខ្លួន បង្ហាញ​ដល់​និស្សិត​កម្ពុជា​ដែល​រៀន​ភាសា​ជប៉ុន​។ ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ផ្សព្វផ្សាយ​ពី​ប្រពៃណី​ឆុងតែ​របស់​ជប៉ុន ដល់​និស្សិត​កម្ពុជា​ឱ្យបាន​សិក្សា​ស្វែងយល់​។ ពិធី​លៀង​តែ​ធ្វើ​នៅ​ស្ថានទូត​ជប៉ុន នា​ព្រឹក​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​។


 
​និស្សិត​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​លៀង​តែ​កាលពី​ព្រឹក​មិញ​នេះ បាន​ភ្លក់​រស់ជាតិ​តែ និង​សាកល្បង​ឆុងតែ​ដោយ​ខ្លួន​ឯហង​តាម​ប្រពៃណី​ជប៉ុន​ផងដែរ​។​
 
​អ្នកស្រី Sabine Horinouchi  ភរិយា​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ការរៀបចំ​ពិធី​លៀង​តែ ធ្វើឡើង​ក្នុង​គោលបំណង ចង់ឱ្យ​និស្សិត​កម្ពុជា បាន​ស្វែងយល់​ពី​ប្រពៃណី​ឆុងតែ និង​សិល្បៈ​នៃ​ការ​ឆុងតែ​របស់​ប្រជាជន​ជប៉ុន​។ 


អ្នកស្រី Sabine Horinouchi  ភរិយាលោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
 
​លោកស្រី​បន្ថែមថា ពិធី​លៀង​តែ​ជប៉ុន រង​ឥទ្ធិពល​ពី​ប្រទេស​ចិន​នៅក្នុង​សតវត្សរ៍​៧ ហើយ​បាន​បាត់បង់​ទៅវិញ​។ រហូតដល់​សតវត្ស​វ៍​ទី​១៥ ចិន​បាន​នាំ​ចូលមក​ម្ដងទៀត​។ ឥទ្ធិពល​ជា​លើក​ទី​២​នេះ មាន​ជនជាតិ​ជប៉ុន​មួយរូប​ដែល​គេ​ហៅថា​គ្រូធំ បាន​បង្កើត​ពិធី​លៀង​តែ​តាមបែប​ប្រពៃណី​ជនជាតិ​ជប៉ុន​។ ហើយ​ប្រពៃណី​នេះ​បាន​អនុវត្តិ​រហូតមកដល់​ពេលបច្ចុប្បន្ន​។ អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​យើង​ធ្វើ​កម្មវិធី​នេះ​ឡើង ដោយ​អញ្ជើញ​និស្សិត​កម្ពុជា​មក​ចូលរួម ដើម្បី​ចង់ឱ្យ​ពួកគាត់​បាន​ស្វែងយល់​ពី​ការ​ឆុងតែ ដែលជា​ប្រពៃណី​ជប៉ុន​»​។ 


 
​ពិធី​លៀង​តែ​របស់​ជប៉ុន​ធ្វើឡើង​ក្នុង​គោលបំណង ទទួល​ស្វាគមន៍​ភ្ញៀវ​។ ពិធី​នេះ​តំណាងឱ្យ​រដូវ​ទាំង​៤​ក្នុងប្រទេស​ជប៉ុន ដែលមាន​រដូវក្ដៅ រដូវរងា រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវ​ផ្កា​រីក​។ ពិធី​លៀង​តែ មិន​សំដៅ​ធ្វើ​ក្នុង​ពិធីបុណ្យ​ណាមួយ​ឡើយ ពោល​ប្រជាជន​ជប៉ុន​ចង់​ធ្វើ​ថ្ងៃ​ណា​ក៏បាន ឬ​ធ្វើ​រាល់ថ្ងៃ​ក៏បាន​។ ចំណែក​ឧបករណ៍​ក្នុងការ​ឆុងតែ មាន​មួយចំនួន​ខុសគ្នា ដែល​តម្រូវ​ទៅតាម​រដូវ​នីមួយៗ​៕
 

Tag:
 ស្ថានទូត​ជប៉ុន​
  ប្រពៃណី​ជប៉ុន​
  ពិធី​ឆុងតែ
© រក្សាសិទ្ធិដោយ thmeythmey.com