សៀមរាប៖កាលពីពេលថ្មីៗនេះអាជ្ញាធរជាតិអប្សរា បានចេញបំរាមលែងឱ្យមានការហូបអាហារក្នុងបរិវេណប្រាសាទ។ បំរាមនេះ ធ្វើឡើងដើម្បីរៀបចំរបៀបរៀបរយ ក៏ដូចជាថែរក្សាអនាម័យបរិស្ថាននៅបរិវេណប្រាសាទផងដែរ។ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍គាំទ្រការហាមប្រាមនេះ ដ្បិតថាកន្លងមកការយកអាហារទៅបរិភោគក្នុងបរិវេណប្រាសាទ បានបង្កឱ្យកង្វះអនាម័យ និងបាត់បង់សោភ័ណផងដែរ។
សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី នៃសារព័ត៌មាថនថ្មីៗ ពីខេត្តសៀមរាបដូចតទៅ៖
បំរាមយកអាហារចូលទៅបរិភោគនៅបរិវេណប្រាសាទ បានធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាមើលឃើញពីភាពមិនរៀបរយ ភាពមិនមានអនាម័យ និងសណ្ដាប់ធ្នាប់របស់ភ្ញៀវទេសចរមួយចំនួន ដែលតែងយកអាហារទៅហូបក្នុងប្រាសាទ។ ទង្វើនេះ មិនត្រឹមតែគ្មានសណ្ដាប់ធ្នាប់ និងអនាម័យប៉ុណ្ណោះទេ ថែមទាំងមិនស័ក្ដិសម ទៅនឹងទីសក្ការៈបូជាទៅទៀត។ បំរាមនេះ ត្រូវបានក្រុមមគ្គុទ្ទេសក៍ នៅតំបន់អង្គរ គាំទ្រយ៉ាងខ្លាំង។
លោក ឌី មគ្គុទ្ទេសក៍ទេសចរណ៍តំបន់អង្គរ ដែលកំពុងសម្រាកនៅម្លប់បរិវេណប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការយកអាហារចូលហូបបរិវេណប្រាសាទ ពិសេសប្រាសាទអង្គរវត្ត អាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវផងដែរ ព្រោះថាក្នុងបរិវេណប្រាសាទនេះ មានសត្វស្វា ដែលតែងស្វែងរកចំណី។ លោកបន្តថា សត្វស្វាតែងដណ្ដើមថង់ពីភ្ញៀវជារឿយៗ ពេលខ្លះវាទៅកកាយក្នុងធុងសំរាមផងដែរ បំណងរកចំណី។ សម្រាប់លោក ឌី ការយកថង់អាហារចូលប្រាសាទកន្លងមក គឺគ្មានសណ្ដាប់ធ្នាប់ ហើយលោកគាំទ្រ ចំពោះចំណាត់ការរបស់អាជ្ញាធរជាតិអប្សរា។
នៅជិតស្ពានហាលខាងក្នុងអង្គរវត្តឯណោះវិញ គឺលោក ដួង ពេជ្រ ដែលមគ្គុទ្ទេសក៍ភាសាថៃ។ លោក ពេជ្រ ក៏គាំទ្រចំពោះបំរាមនេះដែរ។ លោកថា ការយកអាហារចូលហូបក្នុងប្រាសាទគឺប៉ះពាល់ដល់ប្រាសាទ និងបង្កឱ្យមានភាពរាយប៉ាយ។ល។ ដូចលោក ឌីដែរ លោក ដួង ពេជ្រ ក៏ចាប់អារម្មណ៍ទៅនឹងវត្តមានសត្វស្វាដែលមករស់នៅតាមដើមឈើក្នុងបរិវេណប្រាសាទអង្គរវត្តដែរ។ លោកថា ស្វាទាំងនោះក៏ជាដើមហេតុ ឱ្យសំរាមរាយប៉ាយដែរ ដោយវាទៅកកាយតាមធុងសំរាមនានាដើម្បីស្វែងរកអាហារ។ ក្រោយចេញបំរាមនេះ មគ្គុទ្ទេសក៍រូបនេះ មើលឃើញនៅបរិវេណប្រាសាទ មានភាពរៀបរយ និងស្អាតជាងពេលមុន។
លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា តំបន់ប្រាសាទគឺជាទីសក្ការៈបូជារបស់មនុស្សទូទៅ ហើយការយកអាហារហូបក្នុងបរិវេណ ឬក្នុងប្រាសាទ បង្ហាញឱ្យឃើញពីការមិនគោរពទីតាំងទាំងនោះ។ លោកចាត់ទុកបំរាមនេះ ជាការសម្រេចដ៏ត្រឹមត្រូវមួយ និងបានសិក្សាច្បាស់លាស់។
ទាក់ទងនឹងការងានេះដែរ លោក សុខ សង្វារ បានពន្យល់ថា អាជ្ញាធរបានធ្វើការទៅតាមស្ថាប័នពាក់ព័ន្ធជាច្រើន ពិសេសវិស័យឯកជន ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម ដើម្បីណែនាំ ពន្យល់ដល់ភ្ញៀវទេសចរអំពីបញ្ហានេះ។ ក្នុងនោះដែរ ក៏បានធ្វើជាមួយគ្រឹះស្ថានអង្គរ ដែលស្ថិតនៅជួរមុខប្រាសាទនានា ដើម្បីប្រាប់ទេសចរផងដែរ នៅពេលពិនិត្យសំបុត្រចូលទស្សនាប្រាសាទនានា។
ទាក់ទងនឹងការរៀបចំសណ្ដាប់ធ្នាប់ក្នុងបរិវេណប្រាសាទនេះដែរ អាជ្ញាធរជាតិអប្សរា បានបង្កើតក្រមប្រតិបត្តិអង្គរ ដែលបានដាក់អនុវត្តន៍នៅចុងឆ្នាំ ២០១៥។ ក្រមប្រតិបត្តិនេះ មានបំណងរួមចំណែក ជួយអភិរក្សឧទ្យានអង្គរសម្រាប់មនុស្សជំនាន់ក្រោយ និងធ្វើឱ្យបទពិសោធន៍ទស្សនារបស់ភ្ញៀវទេសចរ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងប្រាសាទផងដែរ។ ក្នុងចំណុចទី៤ នៃក្រមប្រតិបត្តិអង្គរ ក៏បានចែងពីការហាមចោលសំរាមក្នុងប្រាសាទផងដែរ។ លោក សុខ សង្វារ មើលឃើញ ការអនុវត្តនៃក្រមប្រតិបត្តិអង្គរបានលទ្ធផលល្អប្រសើរ ដោយភ្ញៀវទេសចរបានយល់ពីក្រមមួយនេះ៕