អន្តរជាតិ
ប្រមុខ UN ៖ ការផ្ទុះ​ការតវ៉ា​របស់​សកម្មជន​បរិស្ថាន​តាម​ដងផ្លូវ ផ្តល់​ក្តីសង្ឃឹម​មួយ​សម្រាប់​ខ្ញុំ
23, Mar 2019 , 8:59 pm        
រូបភាព
ដោយ:
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres បានទទួល​ដឹងលឺ​ពី​ចលនា​របស់​យុវជន ដែលជា​សកម្មជន​ស្រលាញ់​បរិស្ថាន និង​មានការ​ខ្វល់ខ្វាយ​ពី​ការ​បម្រែបម្រួល​អាកាសធាតុ​របស់​ពិភពលោក​។ អគ្គលេខាធិការ មិន​យល់​ទាស់ខុស​អ្វី​ឡើយ​ទៅនឹង​ការតវ៉ា​តាម​ដងផ្លូវ​របស់​យុវជន​លើ​បញ្ហា​នេះ តែ​លោក យល់ឃើញថា នេះ ជា​ក្តីសង្ឃឹម​សម្រាប់​ពិភពលោក​។

 
​រយៈពេល​ថ្មីៗ​នេះ មាន​ទំនោរ​នៃ​ចលនា​របស់​យុវជន​ស្ទើរតែ​ទូទាំង​ពិ​ភ​លោក បាន​ផ្ទុះ​ការតវ៉ា​តាម​ដងផ្លូវ​ដើម្បី​បង្ហាញ​ពី​ក្តីបារម្ភ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការផ្លាស់ប្តូរ​អាកាសធាតុ និង​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ពិសេស​មេដឹកនាំ​ពិភពលោក ផ្តោត​ការចាប់អារម្មណ៍ និង​រួមគ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មាន​ប្រសិទ្ធភាព និង​អាច​អនុវត្តបាន មុន​ពេលដែល​មហន្តរាយ​រីក​កាន់តែ​ធ្ងន់ធ្ងរ​។​
 
​ជុំវិញ​បញ្ហា​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក António Guterres ក៏បាន​កត់សម្គាល់ និង​លើកទឹកចិត្ត​ដល់​យុវជន​ទាំងនោះ​ផងដែរ​។ តាមរយៈ​អត្ថបទ​អត្ថាធិប្បាយ​របស់​សារព័ត៌មាន The Guardians លោក​អគ្គលេខាធិការ បាន​ប្រាប់​យុវជន ថា លោក យល់​ពី​អារម្មណ៍​ភ័យខ្លាច​របស់​យុវជន សម្រាប់​រឿង​អនាគត ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​។ 
 
​លោក​អគ្គលេខាធិការ​រូបនេះ អះអាងថា លោក បានឃើញ​ការប្តេជ្ញាចិត្ត និង​ភាព​កាន់តែ​សកម្ម​កាន់តែច្រើន និង​ផុសផុល​របស់​យុវជន​ជុំវិញ​បញ្ហា​បរិស្ថាន ធ្វើ​ឲ្យ​លោក កាន់​តែមាន​ទំនុកចិត្ត និង​ក្តី​សង្ឃឹមថា ពិភពលោក នឹង​ឈ្នះ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ លោក ថែមទាំង​ផ្ញើ​ក្តីសង្ឃឹម​ទៅកាន់​យុវជន​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​យុវជន​ទាំងអស់គ្នា​នឹង​អាច​បំបាក់​ការគំរាមកំហែង និង​បង្កើត​ពិភពលោក​មួយ​កាន់តែ​ស្អាត សុវត្ថិភាព និង​បៃតង​សម្រាប់​គ្រប់គ្នា​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ខណៈ​ស្ងើចសរសើរ​នឹង​ចលនា​យុវជន ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ បាន​ទទួលស្គាល់ថា ជំនាន់​របស់លោក បាន​បរាជ័យ​ក្នុងការ​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​ឲ្យ​បាន​ទាន់ពេល និង​សក្តិសម ទៅនឹង​បញ្ហា​ប្រឈម​នៃ​បម្រែបម្រួល​អាកាស​។ លោក សង្កត់ធ្ងន់ថា ចំណុច​កម្សោយ​នេះហើយ ធ្វើ​យុវជន​ក្រោយ ផ្ទុះ​ជា​កំហឹង និង​អ្នក​ជំនាន់​មិនអាច​ប្រកែក​បាន​នោះ​។ 
 
​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ ក៏បាន​លើកឡើង​ពី​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែលជា​លិ​ខិ​តូ​បក​រណ៍​ប្រវត្តិសាស្ត្រ​មួយ​របស់​ពិភពលោក ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ជាង ១៩០​។ សម្រាប់​លោក កិច្ចព្រមព្រៀង​នេះ នឹង​គ្មាន​ន័យ​អ្វី​ឡើយ បើ​មេដឹកនាំ​ពិភពលោក គ្មាន​មហិច្ឆតា​ក្នុងការ​ចាត់វិធានការ​អនុវត្ត​ជាក់ស្តែង​នោះ​៕ 
 

Tag:
 បរិស្ថាន​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com