ប៉េងប៉ោះ​កន្លះ​ហិកតា ផ្តល់​ចំណូល​ពី​៨​លាន ទៅ​១០​លាន​រៀល​ក្នុង​មួយឆ្នាំ​ដល់​កសិករ សុខ នី
ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ប៉េងប៉ោះ​កន្លះ​ហិកតា ផ្តល់​ចំណូល​ពី​៨​លាន ទៅ​១០​លាន​រៀល​ក្នុង​មួយឆ្នាំ​ដល់​កសិករ សុខ នី
23, Mar 2019 , 9:29 pm        
រូបភាព
​កំពង់ចាម​៖ ចម្ការ​ប៉េងប៉ោះ​ប្រមាណ​ជាង​កន្លះ​ហិកតា របស់​អ្នកស្រី សុខ នី និង​ស្វាមី​គឺ លោក សា វឿន បានផ្តល់​ផល​រហូត​ទៅដល់​ទៅ​ជាង​៩​តោន​ក្នុង​មួយឆ្នាំ​។ ផល​ពី​ផ្លែ​ប៉េងប៉ោះ ផ្តល់​ចំណូល​ពី​៨​លាន ទៅ​១០​លាន​រៀល​ដល់​ប្តី​ប្រពន្ធ​មួយគូ​នេះ និង​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការសិក្សា​របស់​កូនប្រុស​ទាំងពីរ​របស់​គាត់​បាន​យ៉ាង​ល្អ​។​

 
​អ្នកស្រី សុខ នី និង​ស្វាមី ជា​កសិករ​ដាំ​ប៉េងប៉ោះ​នៅក្នុង​ភូមិ​កោះ​មិត្ត ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ រយៈពេល​៣០​ឆ្នាំ​ហើយ ដែល​អ្នកស្រី និង​ស្វាមី​ដាំ​ដុះ​ប៉េងប៉ោះ នៅលើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា​។ កសិករ​ទាំង​ពីរបាន​ថ្លែងប្រាប់ ThmeyThmey25 ថា​អ្នកស្រី និង​ស្វាមី ក្នុង​មួយឆ្នាំ​ខ្លួន​អាច​ប្រមូល​ផល​ប៉េងប៉ោះ​បាន​ប្រមាណ​៩​តោន បើ​ធាតុអាកាស​ល្អ ដែល​អាច​ផ្តល់​ប្រាក់ចំណូល ពី ៨​លាន ទៅ​១០​លាន​ក្នុង​មួយឆ្នាំ​។​
 
​ចំណូល​ពី​ការដាំ​ប៉េងប៉ោះ បានធ្វើ​ឲ្យ​កសិករ​រូបនេះ​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ការសិក្សា​របស់​កូនប្រុស​ទាំងពីរ​នាក់​ដែល​កំពុង​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ​បាន​យ៉ាង​ស្រួល​។ ដ្បិតតែ​ឆ្នាំ​ខ្លះ ប៉េងប៉ោះ​របស់​ពួកគាត់ មានតម្លៃ​ទាប​ជាង​ប៉េងប៉ោះ​ដែល​នាំចូល​ពី​ប្រទេសជិតខាង​ក៏ដោយ អ្នកស្រី សុខ នី ថា​គាត់​មិន​បោះបង់​មុខរបរ ដែល​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​តែមួយគត់​នេះនោះ​ទេ​។ 
 
​សម្រាប់​កសិករ​រូបនេះ ផ្ទៃដី​កន្លះ​ហិកតា ជា​ទំហំ​ធំ​គួរសម​ដែល​អាច​ឲ្យ​គាត់​បែងចែក​ដី​ជា​៣​ចំណែក សម្រាប់​ដាំ​ប៉េងប៉ោះ​។ ការបែងចែក​ដូច្នេះ ផ្តល់​ភាពងាយស្រួល​ក្នុងការ​ថែទាំ ហើយ​ពួកគាត់​ក៏​ងាយស្រួល​ប្រមូល​ផល​ដែរ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី សុខ នី ដោយ​គាត់​បាន​បន្តទៀតថា ក្នុង​រដូវ​ប្រមូល​ផល អ្នកស្រី និង​ស្វាមី អាច​បេះ​ប៉េងប៉ោះ​បាន​ពី ១៥០ ទៅ​២០០​គីឡូក្រាម ក្នុង​មួយថ្ងៃ​។ ហើយ​ក្នុង​មួយ​គីឡូក្រាម គាត់​អាច​លក់បាន​តម្លៃ​ចន្លោះ​ពី​១៥០០​រៀល ទៅ​២០០០​រៀល​។ 
 
​លោក សាវឿន នៅ​ជាមួយនឹង​ភរិយា​ដែរនោះ ក៏បាន​រៀបរាប់​ប្រាប់​ThmeyThmey25​ដែរ​ថា  គេ​អាច​ដាំ​ប៉េងប៉ោះ​បាន នៅ​ចន្លោះ​ខែកញ្ញា ដល់​ខែមេសា​។ សម្រាប់​កសិករ សាវឿន ប៉េងប៉ោះ ជា​ដំណាំ​ដែល មិនត្រូវ​ការ​ទឹក​ច្រើន ងាយ​ដាំ និង​ថែទាំ ព្រមទាំង អាច​ប្រមូល​ផល​បាន បន្ទាប់ពី​ដាំ​ដុះ​បាន​បី​ខែ​។  លោក សាវឿន ពន្យល់​ប្រាប់​ThmeyThmey25 ដូច្នេះ​៖«​ប៉េងប៉ោះ​ខ្មែរ​មាន​រដូវ​កាល​សម្រាប់​ដាំ យើង​មិនអាច​ចេះតែ​ដាំ​តាមចិត្ត​ចង់​បានទេ​។ បើ​ដាំ​ខុសរដូវ មិន​ត្រឹមតែ​ពិបាក​ក្នុង​ការថែទាំ​ទេ ថែមទាំង​មិនអាច​ផ្តល់​ផល​បាន​ផងដែរ ព្រោះ​បើ​ខុសរដូវ វា​មិន​បញ្ចេញ​ផ្លែ​ឡើយ​»​។​
 

Tag:
 ប៉េងប៉ោះ​
  កសិកម្ម
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com