វៀតណាម នឹង​ក្លាយជា​រដ្ឋ​អាស៊ាន​ទីមួយ ដែល​ដាក់​ដំណើរការ​បច្ចេកវិទ្យា 5G
អន្តរជាតិ
វៀតណាម នឹង​ក្លាយជា​រដ្ឋ​អាស៊ាន​ទីមួយ ដែល​ដាក់​ដំណើរការ​បច្ចេកវិទ្យា 5G
23, Mar 2019 , 9:59 pm        
រូបភាព
​វៀតណាម ដែលជា​ប្រទេសមួយ​ក្នុងចំណោម​អង្គការ​តំបន់​អាស៊ាន នឹងដាក់​ឲ្យ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ជំនាន់​ទី​ប្រាំ ឬ​ហៅ​កាត់​ថា 5G ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​វៀតណាម នៅ​ថ្ងៃទី​២២ ខែមីនា​។  បច្ចេកវិទ្យា 5G  នេះ គឺជា​ប្រព័ន្ធ​ទូរគមនាគមន៍ ជំនាន់​ចុងក្រោយបង្អស់​របស់​ពិភពលោក​។

 
​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​អាស៊ាន​មួយ​ស្តីពី​បច្ចេកវិទ្យា 5G ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​វៀតណាម Nguyen Manh Hung ចាត់ទុក​តួនាទី​របស់​បច្ចេកវិទ្យា 5G ជា​សសរ​គោល​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ឌីជីថល  ដ្បិត​វា​មាន​ល្បឿន​លឿន​ជាង​បច្ចេកវិទ្យា​ចាស់ 4G ជាង ៤០​ដង និង​ផ្តល់នូវ​បណ្តាញ​ត​ភ្ជាប់​ធំ​ទូលាយ​ជាង​មុន​។​
 
​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី Hung លើកឡើង​ទៀតថា រដ្ឋាភិបាល​ក្រុង​ហាណូយ មានបំណង​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​របស់​សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ផ្សេងទៀត ក្នុង​គោលដៅ​បង្កើត​រោងចក្រ និង​រួមដៃគ្នា​ផលិត​សម្ភារៈ​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍​វៀតណាម ផ្តល់​អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​ក្នុងស្រុក​ខ្លួន សាកល្បង​បច្ចេកវិទ្យា 5G នេះ ក្នុង​រដ្ឋធានី​ក្រុង ហាណូយ និង​ទីក្រុង ហូជីមិញ​។ ម្យ៉ាងទៀត វៀតណាម ក៏​កំពុង​យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ឧបករណ៍ និង​បច្ចេកវិទ្យា​នេះ​ផ្ទាល់​តែម្ដង​។ 
 
 
​សូមបញ្ជាក់ថា ត្រឹម​ចុងឆ្នាំ ២០១៨ វៀតណាម ដែលមាន​ប្រជាជន​សរុប​ជិត ៩៤,៧ លាន​នាក់ មាន​អ្នកប្រើប្រាស់​អ៉ី​ន​ធឺ​ណេ​ត​តាម​កុំព្យូទ័រ ១៣​លាន​នាក់ និង​តាម​ទូរ​សព្ទ ១២៩, ៩ លាន​នាក់​ឯណោះ​។ នេះ​បើ​យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​ប្រទេស​វៀតណាម​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com