ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សុឹម សត្តា​៖ ម្ចាស់​ផលិតកម្ម​ខ្លះ មិន​ឲ្យ​តម្លៃ​សិក្ខាសាលា​ស្ដីពី​កម្មសិទ្ធិបញ្ញា ទើប​ខ្វះ​ការយល់ដឹង​ពី​ការនិពន្ធ​
23, Mar 2019 , 10:29 pm        
រូបភាព
រូប​ផ្ដល់​ឱ្យ
រូប​ផ្ដល់​ឱ្យ
​ភ្នំពេញ​៖ ម្ចាស់​ផលិតកម្ម​ខ្លះ មិន​ឲ្យ​តម្លៃ​លើ​ការបណ្ដុះបណ្ដាល​តាមរយៈ​សិក្ខាសាលា​ស្ដីពី​កម្មសិទ្ធិបញ្ញា  ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រៀបចំឡើង ទើប​ពួកគេ​ខ្វះ​ការយល់ដឹង​ពី​បញ្ហា​និពន្ធ និង​កម្ម​សិទ្ធ​បញ្ញា​នេះ​។

 
​លោក សុឹម សត្តា ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​ប្រហាក់ប្រហែល បាន​លើកឡើងថា ក្រសួង​វប្បធម៌  តែងតែ​ធ្វើ​សិក្ខាសាលា​ជា​ញឹកញាប់​កន្លងមក ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ស្ដីពី​ច្បាប់​កម្មសិទ្ធិបញ្ញា ដោយបាន​អញ្ជើញ​ផលិតកម្ម​នានា​មក​ចូលរួម​។ ប៉ុន្តែ​ជា​លទ្ធផល ម្ចាស់​ផលិតកម្ម​ខ្លះ មិន​យកចិត្តទុកដាក់​លើ​ការបណ្ដុះបណ្ដាល​នេះឡើយ ពោលគឺ​ពួកគេ​មក​ចូលរួម​តែមួយព្រឹក​ហើយ​ត្រឡប់​ទៅវិញ ទើប​ជាហេតុ​នាំ​ឲ្យ​ខ្វះ​ការយល់ដឹង​ខ្លឹមសារ​នៃ​ច្បាប់​។ 

​សូម​ស្ដាប់​សំឡេង​៖



 
«​កន្លងមក​ខាង​ក្រសួង​បានធ្វើ​សិក្ខាសាលា​ជា​បន្តបន្ទាប់ ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ស្ដីពី​ច្បាប់​កម្មសិទ្ធិបញ្ញា​នេះ តែ​ផលិតកម្ម​ខ្លះ​គាត់​ទៅ​ចូលរួម​តែមួយព្រឹក ដល់ពេល​មាន​បញ្ហា​អ្វី​គាត់​ឆ្លើយថា​មិនដឹង​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក សុឹម សត្តា​។​
 
 
​បើតាម​ប្រធាន​នាយកដ្ឋាន​រូបនេះ ករណី​បំពាន​កម្មសិទ្ធិបញ្ញា ក្រសួង​ធ្លាប់បាន​ចាត់វិធានការ​ព្រមាន​ជនបង្ក​បទល្មើស​ខ្លះ​ដែរ តែមាន​បុគ្គល​មួយចំនួន​នៅតែ​ផ្គើន​ដដែល​។ ការលើកឡើង​របស់លោក សុឹម សត្តា នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​មិន​សុខចិត្ត​ពី​សំណាក់​ភរិយា​របស់លោក គ​ង្គ ប៊ុន​ឈឿន ចំពោះ​ផលិតកម្ម​សាន់​ដេ ទាក់ទង​នឹង​ការយក​បទ​« ថ្ងៃ​ដែល​អូន​ចុក​ឈាម​» ឬ​បទ «​នឹក​ភូមិ​ភ្នំ​ធំ​»​ទៅ​កាឡៃ​ទំនុកភ្លេង​ហើយ​ដាក់ថា​និពន្ធ​ដោយ​ខ្លួនឯង នៃ​បទ​«​អូន​ជា​អ្នកមាន សម​នឹង​អ្នកមាន​ដូចគ្នា​» ដែល​ច្រៀង​ដោយ​នាយ​ចឺម​៕
 

Tag:
 សិល្បៈ​
  កម្មសិទ្ធិបញ្ញា​
  ចម្រៀង​
  ក្រសួង​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com