ជាតិ
សិល្បះ
សមាគមភាពយន្តកម្ពុជា ស្នើក្រសួងវប្បធម៌ឲ្យរឹតបន្តឹងវិធានការដែលដាក់ចេញ ដើម្បីការពារវិស័យភាពយន្តខ្មែរ លោក ព្រំ សិលា ប្រធានសមាគមភាពយន្តកម្ពុជា (រូបភាព៖ហ្វេសប៊ុកសមាគមភាពយន្តកម្ពុជា)
× ភ្នំពេញ៖ សមាគមភាពយន្តកម្ពុជា បានអំពាវនាវដល់ក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងវិធានការនានាដែលបានដាក់ចេញ ទាក់ទងនឹងការណែនាំការចាក់បញ្ចាំងភាពយន្តខ្មែរ និងវិធានការមួយចំនួនទៀត ដើម្បីការពារវិស័យភាពយន្តខ្មែរ និងបញ្ចៀសទំនាស់នៅក្នុងវិស័យនេះ។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីរោងភាពយន្ត បានអនុញ្ញាតឲ្យចាក់បញ្ចាំងភាពយន្តខ្មែរ២រឿង ក្នុងសប្តាហ៍តែមួយ។
តាមរយៈលិខិតចុះថ្ងៃទី២២ ខែមីនា សមាគមភាពយន្តកម្ពុជា ចាត់ទុកការបញ្ចាំងភាពយន្តខ្មែរក្នុងសប្តាហ៍តែមួយនេះ ថាជារឿងមិនត្រឹមត្រូវ និងមិនស្របតាមការណែនាំរបស់នាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ស្របពេលដែលផលិតកម្មភាពយន្តខ្មែរមានក្រោម៤០នៅឡើយ។
សកម្មភាពនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ភាពយន្តខ្មែរ ដែលកំពុងជួបបញ្ហាច្រើនស្រាប់ និងធ្វើឲ្យមានវិវាទផលប្រយោជន៍នៅក្នុងវិស័យភាពយន្ត ទោះជាមានកិច្ចព្រមព្រៀងពីភាគីផលិតក្នុងលក្ខខណ្ឌណាក៏ដោយ។ នេះជាខ្លឹមសារនៅក្នុងលិខិតដដែល ដោយបានបន្តខ្លីដូច្នេះថា៖«នេះជាសកម្មភាពដែលគួរចៀសវាង»។
បើទោះជាសោកស្តាយចំពោះសកម្មភាពនេះ សមាគមភាពយន្តកម្ពុជានៅតែអំពាវនាវដល់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ និងនាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រឹតបន្តឹងវិធានការដែលបានដាក់ចេញទាក់ទងនឹងការណែនាំការចាក់បញ្ចាំងភាពយន្តខ្មែរ និងវិធានការណ៍មួយចំនួនទៀតដើម្បីការពារវិស័យភាពយន្តខ្មែរ ក៏ដូចជាលទ្ធភាពដល់ផលិតករបន្តផលិតភាពយន្ត និងបញ្ចៀសទំនាស់ក្នុងវិស័យភាពយន្ត៕
Tag:
ភាពយន្ត
ក្រសួងវប្បធម៌
កុន
© រក្សាសិទ្ធិដោយ thmeythmey.com