កីឡាជាតិ
ជាតិ
កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសក្នុងការប្រកួត Pan Jiu-Jitsu នៅអាមេរិក
× ម្ចាស់មេដាយមាសកីឡាអាស៊ី កីឡាការិនី ខាន់ ចេសា បានបន្តសាងភាពល្បីល្បាញនៅឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជិតស៊ូ Pan Jiu-Jitsu IBJJF Championship នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ ក្រោយសាងប្រវត្តិសាស្ត្រជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅឥណ្ឌូណេស៊ី ចេស្តា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅលើទឹកដីអាមេរិក។
កីឡាការិនីកូនកាត់ខ្មែរ-អារិក ខាន់ ចេសា បានឈ្នះមេដាយមាស១ក្នុងព្រឹត្តិការណ៍ Pan Jiu-Jitsu IBJJF Championship ក្រោយយកឈ្នះកីឡាការិនី Kaori Asela Hernandes នៅវគ្គផ្តាច់ព្រ័ត្រលើប្រភេទទម្ងន់ Rooster ក្នុងកម្រិតខ្សែក្រវាត់ពណ៌ស្វាយ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩។ ចំណែកកីឡាការិនី Stephanie Cantu និង Yesenya Yael Villafuerte ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួន។
ស្ថិតក្នុងវ័យ១៧ឆ្នាំ នេះមិនមែនជាមេដាយមាសលើកទី១ សម្រាប់កីឡាការិនីដែលទើបដំឡើងខ្សែក្រវាត់ពណ៌ស្វាយរូបនេះនោះទេ ពោលគឺរូបគេធ្លាប់ឈ្នះមាសទាំងកម្រិតតំបន់ អាស៊ី និងពិភពលោកស្ទើររាប់មិនអស់។ ជាក់ស្តែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកពិភពលោក JiuJitsu International World Championship កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ កីឡាការិនីរូបនេះ ដណ្តើមបានមេដាយមាសចំនួនពីរគ្រឿង។
ចេសា ជាកីឡាការិនីដែលបានសាងប្រវត្តិសាស្ត្រជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games បន្ទាប់ពីរូបគេរួមជាមួយកីឡាករម៉ូតូទឹក សាលី អ៊ូមើត ដណ្តើមបានមេដាយមាស២ និងសំរឹទ្ធ១ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីនៅប្រទេសឥណ្ឌូណេស៊ី កាលពីអំឡុងខែសីហា ឆ្នាំ២០១៨។
សម្រាប់ព្រឹត្តិការណ៍ Pan Jiu-Jitsu IBJJF Championship រៀបចំចន្លោះពីថ្ងៃទី២០-២៤ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋកាលីហ្វ័រនីយ៉ា សហរដ្ឋអាមេរិក៕
Tag:
Jiu-Jitsu
ខាន់ ចេសា
ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com