ជាតិ
សង្គមជាតិ
ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​៖ តំបន់​កោះ​កេរ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ខ្លាំង នៅ​រដូវក្ដៅ​
24, Mar 2019 , 9:29 am        
រូបភាព
​សៀមរាប​៖ ក្រៅពី​បញ្ហា​អភិរក្ស​ហើយ​នោះ នៅ​តំបន់​ប្រាសាទ​កោះ​កេរ ក៏មាន​ការ​ប្រឈម​ខ្លាំង​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ ការកាប់​ទន្ទ្រានព្រៃ​ផងដែរ​។ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដែល​គ្រប់គ្រង​តំបន់​កោះ​កេរ បាន​ទទួលស្គាល់ថា បញ្ហា​កាប់​ទន្ទ្រានព្រៃ ពិសេស​នោះ​នៅ​រដូវក្ដៅ​នេះ បញ្ហា​ភ្លើង​ឆេះ​ព្រៃ​កំពុង​ប្រឈម​ខ្លាំង​។​

 
​ថ្លែង​ក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​សម្រាប់​ការអភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ លោក គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បញ្ហា​ប្រឈម​ខ្លាំង​នៅ​តំបន់​កោះ​កេរ បន្ទាប់ពី​ការងារ​អ​ភ​រិ​ក្ស​នោះ គឺ​ភ្លើង​ឆេះ​ព្រៃ​។ «​ព្រៃ​ឆេះ​ជារឿយៗ​នៅ​តំបន់​កោះ​កេរ​ក្នុង​រដូវប្រាំង​នេះ យើង​ពិបាក​ទប់ស្កាត់​ណាស់ ដោយសារ​ខ្វះ​សម្ភារ​ដូចជា​ឡានទឹក​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គឹម សេ​តារា​។ លោក​បន្ថែមថា ក្រៅពីនេះ​ការទន្ទ្រាន​ដីព្រៃ​ឈើ​ក៏​នៅតែ​ជា​បញ្ហា ដែល​អាជ្ញាធរ​ពិបាក​ទប់ស្កាត់​ផងដែរ​។ យ៉ាងណា លោក គឹម សេ​តារា អះអាងថា នឹង​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស​ដែល​ប្រព្រឹត្តិ​ករណីនេះ​។ 
 
​គួររម្លឹកថា កិច្ចប្រជុំពេញអង្គ​លើក​ទី​៥ នៃ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​ព្រះវិហារ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២២ មីនា ដឹកនាំ​កិច្ចប្រជុំ​ដោយ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយមាន​សហប្រធាន​ចិន និង​ឥណ្ឌា និង​ប្រទេស​ជា​សមាជិក​៦​ទៀត​ចូលរួម ក្នុងនោះ​រួមមាន បែ​ល​ហ្សិ​ក ជប៉ុន បារាំង សហរដ្ឋអាមេរិក ថៃ និង​កូរ៉េខាងត្បូង​។ បទ​បង្ហាញ​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​នេះ រួមមាន​ការបង្ហាញ​អំពី​របាយការណ៍​អភិរក្ស និង​អភិវឌ្ឍន៍​ដូចជា គម្រោង​អភិរក្ស និង​ជួសជុល​ជណ្ដើរ​បុរាណ​ខាងជើង លទ្ធផល​បឋម​នៃ​ការស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ស្ថានីយ៍​គោក​ដី​ឆ្នាំង​។​ល​។ រីឯ​ការចូលរួម​រប​ស់​ដៃគូ​សហប្រតិបត្តិកា​រ​អន្តរជាតិ រួមមាន​គម្រោង​ដោះមីន សកម្មភាព​ដោះមីន​នៅ​តំបន់​ប្រាសាទព្រះវិហារ ដែល​បទ​បង្ហាញ​ទូទៅ​ផ្តោតលើ​គម្រោង​ជួសជុល​ប្រាសាទ​កោះ​កេរ និង​ប្រាសាទព្រះវិហារ​៕
 

Tag:
 អភិរក្ស​
 ​កោះ​កេរ​
 ​ភ្លើង​ឆេះ​ព្រៃ​
 ​គឹម សេ​តារា​
© រក្សាសិទ្ធិដោយ thmeythmey.com