ជាតិ
ខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពលរដ្ឋនៅស្រុកមង្គលបូរី និងស្រុកស្វាយចេកជាង៣០ខ្នងខូចខាត រូបពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
× ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣២ខ្នង និងសាលាឆាន់១ខ្នង ក្នុងស្រុកមង្គលបូរី និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបានខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី ២៣ មីនា។ នេះបើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរីចំនួន ២០ខ្នង និងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យចំនួន ១២ខ្នង រួមទាំងសាលាឆាន់១ខ្នង កាលពីល្ងាចថ្ងៃទី ២៣ មីនា។ គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្ដីនគរបាលនៅតំបន់នោះថា៖ «ខ្យល់បោកបក់យ៉ាងខ្លាំងលាយឡំ និងទឹកភ្លៀងបន្តិចបន្តួច បានបង្កឲ្យផ្ទះពលរដ្ឋនៅភូមិអូរអណ្តូងកណ្តាល និងភូមិអូរអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ចំនួន២០ខ្នងរបើកដំបូល និងផ្ទះ៧ខ្នងផ្សេងទៀតខូចខាតទាំងស្រុង»។
នៅថ្ងៃដដែល មេឃភ្លៀងលាយនឹងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងផ្សេងទៀត និងសាលាឆាន់វត្តថ្មីចំនួន១ខ្នង ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របើកដំបូលដែរ។ នេះបើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិ៕
Tag:
អាកាសធាតុ
ខ្យល់កន្ត្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com